អានតួអត្ថបទ
កម្ពុជា

វេទិកា​«​អ្នក​នាំពាក្យ​និង​អ្នក​សារព័ត៌មាន​» ​ចង់​ឲ្យ​អ្នក​នាំពាក្យ​និង​អ្នក​សារព័ត៌មាន​មាន​ទំនាក់ទំនង​គ្នា​ល្អ​ ដើម្បី​គុណភាព​ព័ត៌មាន

តំណាង​ស្ថាប័ន​សារព័ត៌មាន ​បណ្ណាធិការ​សារព័ត៌មាន​ក្នុងស្រុក​និង​ទីភ្នាក់ងារ​សារព័ត៌មាន​បរទេស​នានា ​នៅ​ថ្ងៃ​សុក្រ​នេះ ​បាន​ជួប​ជជែក​គ្នា​ជាមួយ​នឹង​អ្នក​នាំពាក្យ ​ដែល​មកពី​ស្ថាប័ន​រដ្ឋ ​និង​វិស័យ​ឯកជន​មួយ​ចំនួន​។ ​ជំនួប​រវាង​អ្នក​នាំពាក្យ​និង​អ្នក​សារព័ត៌មាន​នៅ​ទីស្នាក់ការ​សហភាព​សហ​ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​នា​ពេលនេះ ​បាន​ធ្វើ​ឡើង​ជា​លើក​ដំបូង​ដើម្បី​ស្វែងរក​យន្តការ​ផ្តល់​និង​ទទួល​ព័ត៌មាន​ឲ្យ​ស៊ី​សង្វាក់​គ្នា​រវាង​អ្នក​នាំពាក្យ​និង​អ្នក​សារព័ត៌មាន​។

បណ្ណាធិការសារព័ត៌មានបើកវេទិកាជាមួយអ្នកនាំពាក្យនៅ ស.ស.ស.ក
បណ្ណាធិការសារព័ត៌មានបើកវេទិកាជាមួយអ្នកនាំពាក្យនៅ ស.ស.ស.ក Nhim Sophal/rfi
ផ្សាយពាណិជ្ជកម្ម

ជំនួប​រវាង​អ្នក​សារព័ត៌មាន​និង​អ្នក​នាំពាក្យ​នៅពេល​នេះ ​គឺ​ជា​ការ​បំពេញ​ឲ្យ​គ្នា​ទៅវិញ​ទៅមក​ រវាង​អ្នកផ្តល់​ព័ត៌មាន​និង​អ្នក​ផ្សាយ​ព័ត៌មាន ​ចៀសវាង​ការ​ផ្សាយ​ព័ត៌មាន​មិន​ច្បាស់លាស់​ មិន​ស៊ី​ជម្រៅ ​និង​មិន​គ្រប់​ជ្រុងជ្រោយ ​ជាហេតុ​ធ្វើ​ឲ្យ​សាធារណជន​ដែល​ទទួល​ព័ត៌មាន​មាន​ការ​ភ័ន្ត​ច្រ​លំ​។​ នេះ​ជាការ​លើកឡើង​របស់​លោក ​ហ៊ុយ វណ្ណៈ ​ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារ​ព័ត៌មាន​កម្ពុជា​(​ស​.​ស​.​ស​.​ក​)​។

នៅក្នុង​វេទិកា​ដែល​មាន​អ្នក​កាសែត​និង​អ្នក​នាំពាក្យ​ចូលរួម​ប្រមាណ​ជិត​១០០​នាក់ ​លោក ​កៃ គឹម​សុង ​និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថ្លែងថា ​បើ​មិនមាន​អ្នក​នាំពាក្យ​ប្រកប​ដោយ​គុណភាព ​នោះ​ការ​ផ្សាយ​ព័ត៌មាន​នឹង​មាន​វិប្បដិសារី​ដល់​អ្នក​ទទួល​ដំណឹង​។ ​បណ្ណាធិការ​រូបនេះ ​ក៏បាន​រិះគន់​ដែរ​ដល់​អ្នក​នាំពាក្យ​មួយ​ចំនួន​ដែល​ច្រងេងច្រងាង ​ហើយ​លើក​សរសើរ​ចំ​ៗ​អ្នក​នាំពាក្យ​មួយ​ចំនួន​នៅ​នឹង​មុខ​ប្រកបដោយ​ការ​ទទួល​ខុសត្រូវ​។

ទោះយ៉ាង​ណា ​លោក​ឆាយ សុផល ​សាស្ត្រ​ចា​រ្យ​ផ្នែក​សារព័ត៌មាន ​លើកឡើង​ថា​ការងារ​ទំនាក់ទំនង​រវាង​អ្នក​នាំពាក្យ​និង​អ្នក​សារព័ត៌មាន​នៅ​មាន​កំរិត​នៅ​ឡើយ ​ដែល​ការណ៍​នេះ​ចាំបាច់​អ្នក​នាំពាក្យ​តាម​ស្ថាប័ន​នានា ​គួរ​ស្វែងរក​យន្តការ​ផ្តល់​ព័ត៌មាន​ដល់​អ្នក​ផ្សព្វផ្សាយ​ឲ្យ​មាន​ប្រសិទ្ធភាព ​ដូចជា​ការ​បង្កើត ​Groupe ​ទំនាក់ទំនង​តាម​បណ្តាញ​សង្គម​រួម​ជាដើម​។

ជាមួយ​គ្នានេះ ​លោក ​សុខ ឥសាន ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​អះអាង​ថា​សម្រាប់​លោក​អ្នក​កាសែត​អាច​សួរ​ពេលណា​ក៏​បាន ​មិន​ប្រកាន់​ខ្លួន​និង​ចិត្ត​ត្រជាក់​ជានិច្ច​។ ​អ្នកនាំពាក្យ​វ័យ​ចំណាស់​តែ​ហឹ​ល​ខ្លាំង​រូបនេះ ​បញ្ជាក់ថា​ធ្វើ​យ៉ាងម៉េច​ឲ្យ​មានការ​ស្មោះត្រង់​នឹង​គ្នា​រវាង​អ្នក​នាំពាក្យ​នឹង​អ្នក​កាសែត ​រាប់​គ្នា​ជា​ខ្មែរ​និង​ខ្មែរ តែ​ពេល​ឡើង​ឆាក​នយោបាយ​ជំហរ​រៀងខ្លួន​។ ​លើស​ពីនេះ​ចំណុច​ពិសេស​របស់​អ្នក​នាំពាក្យ​គឺ​ផ្អែក​ទៅលើ​ទឡ្ហីករណ៍ ​សួរ​ត្រូវ​តែ​ឆ្លើយ ដឹងថា​ដឹង ​មិនដឹង​ថា​មិនដឹង ​ឆ្លើយ​ទាល់តែ​ឈប់​សួរ ​ដើម្បី​ឲ្យ​អស់​សេចក្តី​យល់​ន័យ​ផ្សាយ​មិន​ខុស ​សាធារណជន​ទទួល​ព័ត៌មាន​មិន​ខាត​។ ​នេះ​បើតាម​លោក​សុខ ឥសាន​។

ដោយ​ឡែក​ លោក ​ជុំ សុន្ទរី ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​វិញ ​ក៏បាន​លើក​ឡើង​ដែរ​ថា ​រវាង​អ្នក​នាំពាក្យ​និង​អ្នក​សារព័ត៌មាន ​អ្នក​ទាំងពីរ​ត្រូវ​គោរព​គ្នា​ទៅវិញ​ទៅមក ​ចៀសវាង​ការ​ប្រើ​អាកប្បកិរិយា​មិន​សមរម្យ​និង​ត្រូវ​គោរព​បុព្វសិទ្ធិ​ក្នុង​ការ​ឆ្លើយ​សំណួរ ​ពោលគឺ​គោរព​វិជ្ជាជីវៈ​អ្នកនាំ​ពាក្យ​និង​ក្រម​សីលធម៌​អ្នក​សារព័ត៌មាន​។

ទោះយ៉ាង​ណា​លោក​ហ៊ុយ វណ្ណៈ ​ប្រធាន​ស.ស.ស.ក ​រំពឹង​ថា​វេទិកា​អ្នក​សារព័ត៌មាន​និង​អ្នក​នាំពាក្យ​ជា​លើក​ដំបូង​នេះ ​នឹង​ពង្រីក​បាន​នូវ​កិច្ច​ទំនាក់ទំនង​ក្នុង​ភាពជា​ដៃគូ​រវាង​អ្នក​សារព័ត៌មាន​និង​អ្នក​នាំពាក្យ​ក្នុងការ​ផ្លាស់ប្តូរ​យោបល់​គ្នា ​លើ​យន្ត​ការ​ទទួល​ព័ត៌មាន​និង​ផ្តល់​ព័ត៌មាន ​ដើម្បី​លើក​កម្ពស់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​និង​ពង្រឹង​គុណភាព​នៃ​ការ​ផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ