អានតួអត្ថបទ
កម្ពុជា

មន្ដ្រី​អាដហុក និង គ.ជ.ប ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន

មន្ដ្រី​អាដហុក​៤​រូប និង​អគ្គលេខាធិការ​រង គ.ជ.ប ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​ហើយ នៅ​យប់​ថ្ងៃ​ទី​២៩​មិថុនា​នេះ​។ ការ​ដោះ​លែង​អ្នក​ទាំង៥​នា​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ចៅ​ក្រមស៊ើប​សួរ បាន​ប្រកាស​បិទ​ការ​ស៊ើប​សួរ​កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា​កន្លង​ទៅ​។

(ពី​ឆ្វេង​ទៅ​ស្ដាំ) លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង លោក នី សុខា ទទួល​ការ​ប្រោះទឹក​ពី​ព្រះ​សង្ឃ ពេល​ចេញ​ពី​ពន្ធនាគារ នា​យប់​ថ្ងៃ​ទី​២៩​មិថុនា២០១៧
(ពី​ឆ្វេង​ទៅ​ស្ដាំ) លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង លោក នី សុខា ទទួល​ការ​ប្រោះទឹក​ពី​ព្រះ​សង្ឃ ពេល​ចេញ​ពី​ពន្ធនាគារ នា​យប់​ថ្ងៃ​ទី​២៩​មិថុនា២០១៧ សមាគម​អាដហុក
ផ្សាយពាណិជ្ជកម្ម

ការ​ដោះ​លែង​មន្ដ្រី​អាដហុក និង​អគ្គលេខាធិការ​រង គ.ជ.ប នាពេល​នេះ ធ្វើ​ឡើង​តាម​រយៈ​ដីកា​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន​របស់​ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​ការ​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​ដូច្នេះ មិន​មែន​មាន​ន័យ​ថា​រឿង​ក្ដី​ក្ដាំ​របស់​ពួក​គេ​ត្រូវ​បញ្ចប់​ឡើយ​។ លោក អ៊ី រិន្ទ អ្នក​នាំ​ពាក្យ​ចៅ​ក្រម​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​គូស​បញ្ជាក់​​​ថា នីតិវិធី​តុលាការ​នៅ​តែ​បន្ត​ដដែល ដោយ​សវនាការ​ជំនុំ​ជម្រះ​លើ​អ្នក​ទាំង​៥ នឹង​ត្រូវ​បើក​ធ្វើ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

បើ​ទោះ​បីជា​ដូច្នេះ​ក្ដី មន្ដ្រី​អាដហុក និង​អគ្គលេខាធិការ​រង គ.ជ.ប សរុប​ទាំង​៥​រូប​ បាន​សម្ដែង​ក្ដី​រំភើប​និង​ភ្ញាក់​ផ្អើល ចំពោះ​សេរី​ភាព​ដែល​ទើប​តែ​ទទួល​បាន​កាល​ពី​យប់​មិញ​នេះ​។ លោក យី សុខសាន្ត អនុប្រធាន​សមាគម​អាដហុក ថ្លែង​ថា លោកមិន​បាន​ដឹង​ជា​មុន​សោះ​អំពី​ការ​ដោះលែងនេះ ខណៈ​ដែល​សាល​​ដីកា​សុំ​នៅ​ក្រៅ​ឃុំ​នឹង​ត្រូវ​ប្រកាស​នៅ​ចុង​ខែក្រោយ​ឯណោះ​។

ចំណែក​លោក​ស្រី លឹម មុន្នី វិញ បាន​ប្ដេជ្ញា​ចិត្ត​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ឯ​សមាគម​អាដហុក​កាល​ពី​យប់​មិញ​ថា លោក​ស្រី​នៅ​តែ​បន្ត​ការងារ​របស់​ខ្លួន​ត​ទៅ​ទៀត ដើម្បី​ការពារ​សិទ្ធិ​ស្ដ្រី​និងកុមារ​។ បើ​តាម​មន្ដ្រី​ជាន់​ខ្ពស់​សមាគម​អាដហុក​រូប​នេះ ការងារ​​​កន្លង​មក បូក​រួម​នឹង​ករណី​ស្រី​មុំ​ដែល​ធ្វើ​ឲ្យ​លោក​ស្រី​ជាប់​ឃុំ​ផង គឺ​លោក​ស្រី​បាន​ធ្វើ​ត្រឹម​ត្រូវ​ស្រប​តាម​គោលការណ៍​សិទ្ធិ​មនុស្ស និង​គោលការណ៍​របស់​អាដហុក​។ លោក​ស្រី​លឹម មុន្នី បញ្ជាក់​ថា លោក​ស្រី​នៅ​តែ​ពេញ​ចិត្ត​នឹង​ការងារ​របស់​ខ្លួន ដែល​ជួយ​ដល់​សង្គម​និង​កុមារ​ខ្មែរ​។

ដោយ​ឡែក សម្រាប់​លោក នី ចរិយា ដែល​ជា​អគ្គលេខាធិការ​រង គ.ជ.ប​ តំណែង​របស់​លោក​ត្រូវ​បាន​រក្សា​ទុក​ឲ្យ​ដដែល​។ ប៉ុន្តែ​លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គ.ជ.ប នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា លោក នី ចរិយា អាច​ចូល​ធ្វើ​ការ​វិញ​បាន​ឬ​អត់​នៅ​ឡើយ​។ បើ​តាម​អ្នក​នាំ​ពាក្យ​ដដែល គ.ជ.ប នឹង​​ត្រួត​ពិនិត្យ​លើ​ទិដ្ឋភាព​ច្បាប់​។

សូមបញ្ជាក់ថា មន្ដ្រី​អាដហុក​ចំនួន​៤​រូប គឺ​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ រ៉ង់ដា និង លោកស្រី លឹម មុន្នី ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​សូក​ប៉ាន់​សាក្សី តាម​មាត្រា​៥៤៨​នៃក្រម​ព្រហ្មទណ្ឌ។ ដោយ​ឡែក លោក នី ចរិយា អគ្គ​លេខាធិការ​រង គ.ជ.ប ត្រូវចោទពី​បទ​សម​គំនិត​ក្នុង​អំពើ​សូក​ប៉ាន់​សាក្សី តាម​មាត្រា២៩ និង មាត្រា ៥៤៨ នៃ​ក្រម​ព្រហ្មទណ្ឌ។ បទ​ចោទ​ទាំង​អស់​នេះ កើត​ឡើង​បន្ទាប់​ពី​អ្នក​ទាំង​៥​មាន​ជាប់​ពាក់ព័ន្ធ​រឿង​រ៉ាវ​ក្ដីក្ដាំ​រវាង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​នាង ខុម ចាន់តារ៉ាទី ហៅ​ស្រី​មុំ។ កន្លង​មកទាំង​មេធាវី​ការពារ​ក្ដី​មន្ត្រី​អាដហុក​​និង​អង្គការ​អន្តរជាតិ​នានា បាន​រិះគន់​តុលាការ​ថា ឃុំ​ខ្លួន​អ្នក​ទាំង​៥ ដោយ​មិន​ទាន់​រក​ភស្តុតាង​គ្រប់​គ្រាន់ដើម្បី​ដាក់​បន្ទុក​នៅ​ឡើយ។ គិត​មក​ដល់​ថ្ងៃ​ទី​២៩ ខែ​មិថុនា​នេះ​អ្នក​ទាំង​៥​បាន​ជាប់​ឃុំ​បណ្តោះ​អាសន្ន​រង់​ចាំ​សវនាការ​ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល ៤២៧ ថ្ងៃ​មក​ហើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ