អានតួអត្ថបទ
កម្ពុជា-សង្គម

​១៥​ឆ្នាំ​ក្រោយ​ឃាតកម្ម​លើ​លោក ​ជា ​វិជ្ជា​៖ ​មេ​ដឹក​នាំ​សហ​ជីព​អំពាវ​នាវ​ជា​ថ្មី​ឲ្យ​រដ្ឋា​ភិបាល​ស្វែង​រក​ឃាតករ​ពិត​

ក្រុម​មេដឹក​នាំ​សហជីព និង​អតីត​សហការី​ដ៏​ស្មោះ​ត្រង់​របស់​លោក ជា វិជ្ជា នៅថ្ងៃទី ២២ មករា ឆ្នាំ ២០១៩នេះ បាន​ជួប​ជុំ​គ្នា ប្រារព្ធ​ខួប​១៥​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក ជា វិជ្ជា មេ​ដឹក​នាំ​សហជីព​សេរី​កម្មករ​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា​។ ពិធី បាន​រៀប​ចំ​ធ្វើ​ឡើង​នៅ​មុខ​រូប​សំណាក​របស់​សព​លោក ជា វិជ្ជា ស្ថិត​នៅ​លើ​សួន​ច្បារ​ក្បែ​វិមាន​ឯករាជ្យ​ក្នុង​ទីក្រុង​ភ្នំពេញ ដោយ​មាន​អ្នក​ចូល​រួម​ជិត​២០០​នាក់​។ ១៥​ឆ្នាំ​ក្រោយ​នៃ​ឃាតកម្ម​លើ​លោក ជា វិជ្ជា នៅថ្ងៃនេះ មេដឹក​នាំ​សហជីព បាន​អំពាវ​នាវ​ជា​ថ្មី​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​វែក​មុខ​ឃាតករ​ពិត មក​ផ្តន្ទា​ទោស​ឲ្យ​ខាង​តែ​បា​ន។ 

ការប្រារព្ធខួបទី១៥ឆ្នាំរបស់ លោក ជា វិជ្ជា
ការប្រារព្ធខួបទី១៥ឆ្នាំរបស់ លោក ជា វិជ្ជា @RFI
ផ្សាយពាណិជ្ជកម្ម

នៅ​ចំ​ខួប​១៥​ឆ្នាំ នៃ​ឃាតកម្ម​បាញ់​សម្លាប់​លោក ជា វិជ្ជា នៅ​ថ្ងៃ​នេះ ថ្នាក់​ដឹក​នាំ​សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ព្រម​ទាំង​ក្រុម​គ្រួសារ សាច់​ញាតិ និង​មិត្តភក្តិ បាន​ជួប​ជុំ​គ្នាដា​ក់​កម្រង​ផ្កា ដើម្បី​គោរព​វិញ្ញាណ​ក្ខន្ធ​សព​លោក ជា វិជ្ជា ដោយ​មាន​អ្នក​ចូល​រួម​ជិត​២០០​នាក់​។ ពិធី​នេះ ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​នៅ​ទីតាំង​តម្កល់​រូប​សំណាក​របស់​លោក ជា វិជ្ជា ស្ថិត​នៅ​លើ​សួន​ច្បារ​ក្បែ​វិមាន​ឯករាជ្យ​ក្នុង​ទីក្រុង​ភ្នំពេញ​។ តាម​រយៈ​ពិធី​នៅ​ថ្ងៃ​នេះ ពួក​គេ​នៅ​តែ​ទទូច​សុំ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា ស្វែង​រក​ឃាត​ក​បាញ់​សម្លាប់​លោក ជា វិជ្ជា និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង យក​មក​ផ្តន្ទា​ទោស​ឲ្យ​ខាង​តែ​បាន​។ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​នេះ សហជីព​សេរីកម្ម​បាន​ចាត់​ទុក​ថា ការ​វែក​មុខ​ឃាតករ​បាញ់​សម្លាប់​លោក ជា វិជ្ជា គឺ​ជា​ការ​ពង្រឹង​យុត្តិធម៌​សង្គម​នៅ​កម្ពុជា និង​ដើម្បី​លុប​បំបាត់​វប្បធម៌​និទណ្ឌ​ភាព​នៅ​កម្ពុជា​ផង​ដែរ​។

លោក ជា វិជ្ជា ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់ កាល​ពី​ថ្ងៃទី ២២ មករា ឆ្នាំ២០០៤ នៅ​គ្រា​ដែល​លោក​កំពុង​អង្គុយ​អាន​កាសែត​នៅ​ក្នុង​តូប​លក់​កាសែត​មួយ​ជាប់​របង​វត្ត​ល័ង្កា ក្នុង​ទីក្រុង​ភ្នំពេញ​។ គិត​មក​ទល់​នឹង​ថ្ងៃ​ទី ២២ មករា ឆ្នាំ ២០១៩​នេះ គឺ​មាន​រយៈ​ពេល​១៥​ឆ្នាំ​មក​ហើយ ប៉ុន្តែ​អាជ្ញាធរ នៅ​មិន​ទាន់​រក​ឃើញ​ជន​ដៃ​ដល់ និង​អ្នក​ពាក់​ព័ន្ធ​ត្រូវ​នាំ​មក​កាត់​ទោស​នៅ​ឡើយ​ទេ ខណៈ​ជន​សង្ស័យ​ពីរ​នាក់ ឈ្មោះ ប៊ន សំណាង និង សុខ សំអឿន ត្រូវ​បាន​ដោះ​លែង​វិញ ក្រោយ​រក​មិន​ឃើញ​កំហុស​។ បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ សំណុំ​រឿង​ឃាតកម្ម​ដ៏​រសើប និង​ល្បី​រន្ទឺ​មួយ​នេះ​នៅ​មិន​ទាន់​បិទ​បញ្ចប់​នៅ​ឡើយ​ទេ​។ ជាមួយ​គ្នា​នោះ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​បង្កើត​គណៈ​កម្មការ​ពិសេស​មួយ កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១៥ ដើម្បី​បន្ត​ការ​ស៊ើប​អង្កេត​ករណី លោក ជា វិជ្ជា និង​មេដឹក​នាំ​សហជីព​ពីរ​រូប​ផ្សេង​ទៀត គឺ លោក ហ៊ី វុទ្ធី និង​លោក​រស់ សុវណ្ណា​រ៉េត​។ សមាស​ភាព​គណៈ​កម្មការ​ពិសេស​និង​ចុង​ក្រោយ​នេះ មាន​ការ​ចូល​រួម​ពី​ក្រសួង​មហា​ផ្ទៃ ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និង​ក្រសួង​យុត្តិធម៌​ក៏​ពិត​មែន ក៏​ប៉ុន្តែ​មក​ទល់​ពេល​នេះ ក៏​នៅ​មិន​ទាន់​មាន​តម្រុយ​អ្វី​ថ្មី ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ឡើយ​ដែរ​។

ក្រុម​អ្នក​ចូល​រួម​គោរព​វិញ្ញាណ​ក្ខន្ធ​សព​លោក ជា វិជ្ជា នៅ​ថ្ងៃ​នេះ បាន​បង្ហាញ​ពី​ការ​ចង​ចាំ​មិន​ភ្លេច នូវ​វីរភាព​របស់ លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ថា​ជា​វីរជន​កម្មករ និង​ជា​មនុស្ស​ដំបូង​គេ​បំផុត ដែល​បាន​ផ្តួច​ផ្តើម​ឲ្យ​មាន​ការ​ចរចារ​តម្លើង​ប្រាក់​ខែ​ជូន​ដល់​កម្មករ​មុន​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើ​តាម​ការ​កត់​សំគាល់​របស់​មេដឹក​នាំ​សហជីព និង​មិត្តភក្តិ​របស់​លោក ជា វិជ្ជា ដែល​បាន​ឡើង​ថ្លែង​ការណ៍​ម្តង​ម្នាក់ៗ តួ​យ៉ាង​ដូច​ជា លោក រ៉ុង ឈុន លោក អាត់ ធន់ លោក វ៉ន ពៅ និងលោកស្រី យ៉ាង សោភ័ណ្ឌ ជា​ដើម​។ នៅ​ក្នុង​ការ​រំលឹក​ខួប ១៥ ឆ្នាំ​នៃ​ឃាតកម្ម​បាញ់​សម្លាប់​លោក ជា វិជ្ជា នៅ​ថ្ងៃ​នេះ អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​ហាម​មិន​ឲ្យ​អតីត​មន្ត្រី​គណបក្ស​ប្រឆាំង​១១៨​នាក់ ដែល​ត្រូវ​ដក​សិទ្ធិ​ធ្វើ​នយោបាយ​នោះ ចូល​រួម​ពិធី​នៅ​ថ្ងៃ​នេះ​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ