អានតួអត្ថបទ
កម្ពុជា

អ្នក​វិភាគ​សង្គម​៖ មាន​ច្បាប់​ជួល​ផ្ទះ​ល្អ​ តែ​សំខាន់​លើ​យន្តការ​អនុវត្តន៍​

អ្នក​វិភាគ​សង្គម ​បាន​លើក​ឡើង​ចំពោះ​ការ​បង្កើត​ច្បាប់​ស្តី​ពី​ភតិ​សន្យា​ពិសេស ​ឬ​ច្បាប់​ជួល​ផ្ទះ ​ថា​ល្អ​តែ​ត្រូវមាន​យន្តការ​អនុវត្តន៍​ច្បាប់​ឲ្យ​ល្អ​ដែរ​។ ​ការ​លើក​ឡើង​របស់​អ្នក​វិភាគ​សង្គម​បាន​ធ្វើ​ឡើង​ ក្រោយ​ពី​សេច​ក្តី​ស្នើច្បាប់​ភតិ​សន្យា​ពិសេស ​ឬ​ច្បាប់​ជួល​ផ្ទះ ​នឹង​ត្រូវ​ពិភាក្សា ​និង​អនុម័ត​នៅ​ថ្ងៃ​ទី៦​ ខែ​កក្កដា ​ខាង​មុន​នេះ ​ក្នុងសម័យ​ប្រជុំ​លើក​ទី៤​ នីតិ​កាល​ទី៥​។ 

ជាង​ពីរ​ឆ្នាំ​មក​ហើយ​ដែល​វិស័យ​អចលនទ្រព្យ នៅ​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​ដក​ខ្លួន​មិន​រួច
ជាង​ពីរ​ឆ្នាំ​មក​ហើយ​ដែល​វិស័យ​អចលនទ្រព្យ នៅ​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​ដក​ខ្លួន​មិន​រួច ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

 

ការ​បង្កើត​ច្បាប់​ស្តី​ពី​ការ​ជួល​ផ្ទះ​ ត្រូវ​បាន​លោក​ កែម​ ឡី ​អ្នក​វិភាគ​សង្គម​ បាន​លើក​ឡើង​ថា​ ជា​ច្បាប់​ល្អសម្រាប់​គ្រប់​គ្រង​បញ្ហា​ផ្សេងៗ​ ដែល​អាច​កើត​មាន​ឡើង​រវាង​អ្នក​ជួល​ផ្ទះ ​និង​ម្ចាស់​ផ្ទះ​ជួល​។ ​លោក​បន្ថែម​ថាកន្លង​មក​ធ្លាប់​មាន​ភាព​មិន​ស្មើគ្នា​រវាង​អ្នក​ជួល​ផ្ទះ ​នឹង​ម្ចាស់​ផ្ទះ​ជួល​ ដោយ​សារ​តែ​ពេល​ដី​ឡើង​ថ្លៃ ​ម្ចាស់​ផ្ទះជួល​ ឬ​ដីជួល​ តែង​រំលោភ​កិច្ច​សន្យា ​ហើយ​ដំឡើង​ថ្លៃ​ស្រេច​តែ​នឹង​ចិត្ត ​ដែល​បញ្ហា​នេះ​ប៉ះពាល់​ដល់​អ្នក​មក​ពីជន​បទ​ ស្នាក់​នៅ​ក្នុង​ទីក្រុង​។ ​ច្បាប់​នេះ​អាច​ទប់​ស្កាត់​ការ​រំលោភ​កិច្ច​សន្យា​ផង​ដែរ​។  

យ៉ាង​ណា​មិញ ​លោក​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា​ បើ​ទោះ​បី​ជា​មាន​ច្បាប់​ក៏​ដោយ​ តែ​បើ​យន្ត​ការ​នៃ​ការ​អនុវត្តន៍​ច្បាប់ ​ដែល​រួម​មាន​អាជ្ញាធរ​ដែន​ដី ​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល និង​តុលាការ​ជា​ដើម​នោះ ​នៅ​មាន​អំពើ​ពុករលួយ ​ប្រើប្រាស់​អំណាច​លើ​ច្បាប់ ​នោះ​អ្នក​ដែល​ជួល​ផ្ទះ​គេ​នៅ​តែ​មិន​មាន​ភាព​ស្មើគ្នា​ដដែល​ចំពោះ​មុខ​ច្បាប់។​ ដូច្នេះ ​មាន​តែ​ការ​ពង្រឹក​ការ​អនុវត្ត​ច្បាប់ បូក​រួម​នឹង​យន្តការ​អនុវត្តន៍​ទេ ដែល​អាច​ជា​ជម្រើស​ធ្វើ​ឲ្យ​ច្បាប់មាន​ប្រសិទ្ធ​ភាព។

លោក ប៉ាវ ស៊ីណា ប្រធាន​សហ​ព័ន្ធ​សហ​ជីព​ចលនា​កម្មករ​បាន​ឲ្យ​ដឹង​ថា​ លោក​ស្វាគមន៍​ចំពោះ​ច្បាប់​នេះ​ ដោយ​សារ​តែ​ច្បាប់​នេះ​គឺ​ជា​ច្បាប់​ ដែល​សហ​ជីព​ចង់​បាន​។ ​ការ​ចង់​បាន​ច្បាប់​នេះ​ គឺ​ដោយ​សារ​តែ​កន្លង​មក​ម្ចាស់​ផ្ទះ​ជួល​តែង​តែ​ដំឡើង​ថ្លៃ​តាម​ការ​ឡើង​ប្រាក់​ឈ្នួល​របស់​កម្មករ​ដែរ​ ដែល​ការ​ដំឡើង​នោះ​មិន​សមាមាត្រនឹង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ ​ឬ​ប្រចាំ​ខែ​របស់​អ្នក​ជួល​ផ្ទះ​។

លោក​ ប៉ាវ​ ស៊ីណា ​យល់​ឃើញ​ថា​ការ​អនុវត្ត​ច្បាប់​នេះ ​អាច​នឹង​មាន​ឧបសគ្គ​មួយ​ចំនួន​ ដូច​ជា​ម្ចាស់​ផ្ទះ​ជួលខ្លះ​បាន​ចំណាយ​លុយ​ ដើម្បី​សាង​សង់​ផ្ទះ​ជួល ​ដោយ​សារ​តែ​យល់​ឃើញ​ថា​អាច​នឹង​បាន​ផល​ចំណេញ​។ ប៉ុន្តែ​នៅ​ពេល​ដែល​មាន​ច្បាប់​ហាម​មិន​ឲ្យ​មាន​ការ​ដំឡើង​ថ្លៃ​រហូត​ដល់​២ឆ្នាំ ​នោះ​ពួក​គេ​អាច​នឹង​បាត់​បង់​ការ​ចំណេញ​។ ​ហើយ​ម្ចាស់​ផ្ទះ​ជួល​មួយ​ចំនួន​ទៀត​ អាច​នឹង​លុប​ចោល​គំរោង​សាង​សង់​ផ្ទះ​ជួល​បន្ថែម​ផង​ដែរ​។ លោក​បន្ថែម​ថា​អ្នក​ ដែល​ចំណេញ​ច្រើន​ពី​ច្បាប់​នេះ ​គឺ​ជា​អ្នក​ជួល​ផ្ទះ។​

សូម​បញ្ជាក់​ថា​សេច​ក្តី​ស្នើ​ច្បាប់​ភតិ​សន្យា​ពិសេស ​មាន​៤ជំពូក​ ចែក​ចេញ​១១​មាត្រា។​ ហើយ​សភា​នឹងពិភាក្សា ​និង​អនុម័ត ​សេច​ក្តី​ស្នើ​ច្បាប់​ស្តី​ពី ​ភតិ​សន្យា​ពិសេស ​ឬ​ច្បាប់​ផ្ទះ​ជួល​ នៅ​ថ្ងៃ​ចន្ទ ​ទី៦​ ខែ​កក្កដា ​ឆ្នាំ២០១៥ ​ក្នុង​សម័យ​ប្រជុំ​រដ្ឋ​សភា​លើក​ទី៤​ នីតិ​កាល​ទី៥​។ ​នេះ​បើ​តាម​សេច​ក្តី​ប្រកាស​ព័ត៌​មាន​ស្តី​ពី​លទ្ធ​ផល​នៃកិច្ច​ប្រជុំគណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ​កាល​ពី​ថ្ងៃ​ទី៣​ ខែ​កក្កដា​ម្សិល​មិញនេះ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ