អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

សញ្ញាណ​នៃ​ការទិញ​សន្លឹកឆ្នោត ជា​ក្តីបារម្ភ​ចំពោះ​ការបោះឆ្នោត​ ​នាពេលខាងមុខ!

នៅថ្ងៃនេះ អង្គការ​ក្រុមការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ ហៅ​កាត់​ថា ACT បាន​ចេញ​របាយ​ការណ៍​សិក្សា​ថ្មី​មួយ ស្តីពី ស្ថានភាព​មុន​ការ​បោះឆ្នោះ​ក្រុមប្រឹក្សាឃុំ​សង្កាត់ ឆ្នាំ២០១៧ នៅ​កម្ពុជា។ អង្គការ​នេះ សម្តែង​ក្តី​បារម្ភ​ចំពោះ​ការបោះឆ្នោត​ខាងមុខ ព្រោះ​ថា​មាន​ការ​ទិញ​ទឹកចិត្ត​ពលរដ្ឋ ឬ​ការទិញ​សន្លឹកឆ្នោត ជា​ថ្នូរ​ទៅនឹង​ប្រាក់​កាស​ និង​ការ​សន្យា​ផ្សេង។ ទន្ទឹមនេះ អ្នកតំណាង​បក្ស​ប្រឆាំង និង​អ្នកតំណាង​គ.ជ.ប. ដែល​បាន​ចូលរួម​ក្នុង​ពិធី​ផ្សព្វ​ផ្សាយ​​របាយការណ៍​នេះ បានទទួល​ស្គាល់ ហើយនឹង​យក​ការ​រក​ឃើញ​នេះ ទៅ​ពិចារណា​ជាមួយ​ស្ថាប័ន​របស់ខ្លួន។  

សិក្ខាសាលាផ្សព្វផ្សាយ​របាយការណ៍​ស្តីពី ស្ថានភាពមុនការបោះឆ្នោះក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧ នៅកម្ពុជា។
សិក្ខាសាលាផ្សព្វផ្សាយ​របាយការណ៍​ស្តីពី ស្ថានភាពមុនការបោះឆ្នោះក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧ នៅកម្ពុជា។ @HENG Oudom
ផ្សាយពាណិជ្ជកម្ម

មុន​ចេញ​ការសិក្សា​នៅពេលនេះ អង្គការ​ក្រុមការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ បាន​ចុះ​ដើរ​សម្ភាស​មនុស្ស​ខ្មែរ ​ជាង៧​០០​នាក់ ដែល​រស់នៅ​ទូទាំង​២៣​ខេត្ត​ក្រុង។ របាយការណ៍​រក​ឃើញ​​ភាព​អសកម្ម ប្រមាណ​១៣​ចំណុច ដែលជា​ក្តីបារម្ភ​ចំពោះ​ការបោះឆ្នោត​ទៅ​ថ្ងៃមុន។

 
អង្គការ​មួយ​នេះ គូសបញ្ជាក់ថា មានគ្រួសារ ដែលមាន​កូនង៉ា​ទើបនឹង​កើត ក្រោម១០ថ្ងៃ អាច​យក​លិខិតបញ្ជាក់​ពី​ពេទ្យ ទៅយក​លុយ​១០ ឬ​២០ម៉ឺន​រៀល ពី​គណបក្ស តែ​ត្រូវ​សន្យា និង​ធានាថា សមាជិកគ្រួសារ​ត្រូវ​បោះឆ្នោត​ឲ្យ​បក្ស​នោះ។ ហើយ​មាន​មន្ត្រី​របស់​បក្ស​ទៅ​ពន្យល់​ប្រាប់​បុគ្គលិក​មន្ទីរពេទ្យ​ថែម​ទៀ​ផង។

លើសពីនេះ គឺមាន​សន្យា​ឲ្យ​អាច​ចិញ្ចឹម​ត្រី​ឆ្តោរ​បាន ដែល​ត្រូវ​ត្រី​ឆ្តោរ​ជា​ប្រភេទ​ត្រី​ត្រូវ​ហាមឃាត់។ សមាជិក​បក្ស​ខាង​ថ្នាក់ក្រោម បានអនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចិញ្ចឹម​ត្រី​ឆ្តោរ ដោយ​សន្យា​បោះឆ្នោត​ឲ្យ​បក្ស បើ​មិន​ដូច្នោះ​ទេ មានការ​ចាប់ចង ដាក់គុក​ជាដើម។ ថែម​ពីនេះ គឺមាន​ការបង្ខំ​ឲ្យ​ស្បថស្បែ​បោះឆ្នោត​ឲ្យ​បក្ស។

ករណី​ផ្សេងទៀត ដែល​អង្គការ ACT រកឃើញ គឺ មានការ​កៀងគរ​យុវជន សិស្ស​និស្សិត ដោយ​ឧបត្ថម្ភ​ដល់​ទស្សនកិច្ច​សិក្សា ការ​ដើរលេង​កម្សាន្ត​នានា រួមទាំង​ផ្តល់​អាហារូបករណ៍​ឲ្យ​ពួកគេ និង​សន្យា​ឲ្យ​ពួកគេ​ចូល​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​រដ្ឋបាល​ឃុំ​សង្កាត់ ជា​ថ្នូរ​នឹង​ការ​ឲ្យ​ពួកគេ​បោះឆ្នោត​គាំទ្រ​បក្ស។

បក្សនយោបាយ​ខ្លះ បាន​សន្យា​ចេញ​លុយ បង់​ដោះបំណុល​ដែល​ពលរដ្ឋ​ជំពាក់​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ ដែល​ពួកគេ​ជំពាក់​ក្រោម១ពាន់​ដុល្លារ និង​បង្ខំ​ឲ្យ​ផឹកទឹកសម្បថ​ជាដើម។ ចំពោះ​ចំណុច​ទាំងនេះ ម្ចាស់​របាយការណ៍ ចាត់ទុកថា ជា​ការទិញ​ទឹកចិត្ត និង​ជាការ​ទិញ​សន្លឹកឆ្នោត ហើយ​នេះ​គឺជា​ក្តីបារម្ភ​ខ្លាំង​ចំពោះ​ការបោះឆ្នោត​នាពេលខាងមុខ។

មិនតែប៉ុណ្ណោះ គឺមាន​លើកឡើង​ដែរ​ពី​ការ​បន្លាច បំ​ផិត​បំភ័យ បើ​មិន​បោះឆ្នោត​ឲ្យ​បក្ស ឬ​បក្ស​កាន់អំណាច​នោះទេ ហើយ​បើ​បក្ស​ចាញ់ នឹងមាន​សង្គ្រាម។ ចំណែក​ពលរដ្ឋ​ខ្លះ ផ្តល់​សម្ភាស​ឲ្យ​អង្គការ​ACTថា ពួកគេ​លំបាក​រក​អ្នកធានា គ្មាន​អ្នកធានា ក្នុងការ​ចុះឈ្មោះ​បោះឆ្នោត។ អ្នកខ្លះ រស់នៅ​ឃុំ​នេះ ទៅ​មានឈ្មោះ​នៅ​ឃុំ​ផ្សេង។

ថែម​ពីនេះ របាយការណ៍​ក៏មាន​និយាយ​ដែរ ពី​ករណី​នៃ​ការបាត់​សន្លឹកឆ្នោត ការប្រកាន់​បក្សពួក គំរាមកំហែង សូកប៉ាន់ ហើយ​ករណី​ជនជាតិ​ដទៃ​ដែលមាន​លិខិតស្នាម​ត្រឹមត្រូវ ហើយ​ចុះឈ្មោះ​បោះឆ្នោត​បាន ក៏ត្រូវ​លើកឡើង​តិចតួច​ក្នុង​របាយការណ៍​នេះដែរ។

ជាមួយគ្នានេះ លោក សោម សូ​រី​ដា អគ្គលេខាធិការរង គ.ជ.ប. បាន​គូសបញ្ជាក់ថា របាយ​ការណ៍​នេះ ល្អ ហើយ​លោក​នឹង​យកទៅ​ពិចារណា និង​ដាក់ចូល​សេចក្តីណែនាំ​របស់​គ.ជ.ប.។ ក៏ប៉ុន្តែ លោក សោម សូ​រី​ដា បាន​បដិសេធថា តាំងពី​មានការ​បោះឆ្នោត​សកល និង​អសកល មាន​ចំនួន ១៤ដង​មកហើយ គឺ​គ្មាន​របាយការណ៍​ណាមួយ​ដែល​សិក្សា​ច្បាស់លាស់ ថា​មាន​ការបាត់​សន្លឹកឆ្នោត​នោះទេ។ នេះ​បើតាម​អគ្គលេខាធិការរង គ.ជ.ប.៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ