អានតួអត្ថបទ
កម្ពុជា

កម្ពុជានៅតែជាគោលដៅនៃទេសចរណ៍ផ្លូវភេទលើកុមារ

កម្ពុជា​ គឺប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​ជាគោល​ដៅ​នៃ​ទេស​ចរណ៍​​ផ្លូវភេទ​លើកុមារ។ នេះ​បើ​តាម​បណ្ដាញ​ការពារ​កុមារ​ពិភព​លោក ​ហៅ​កាត់​ថា ECPAT ដែល​បានបង្ហាញ​របាយ​ការណ៍ កាលពី​ថ្ងៃទី​១២ឧសភា ថ្មីៗនេះ។  អង្គការ ECPAT នេះ រកឃើញផង​ដែរថា អាជ្ញាធរ​មាន​កិច្ចសហ​​ការ​មិន​សូវ​សកម្មក្នុង​ការ​ទប់​ស្កាត់​ឧក្រិដ្ឋកម្ម​នេះ​ ហើយ​ការ​រីកចម្រើន​នៃ​ប្រព័ន្ធ​ទំនាក់ទំនង ក៏​កាន់តែ​ជំរុញ​ឲ្យ​ជនល្មើស​មាន​ភាព​ងាយ​ស្រួលក្នុង​ការ​​ប្រព្រឹត្ត​បទល្មើស​ផ្លូវ​ភេទ​លើកុមារ និង​ក្មេង​តូចៗ​​។

ប្រធានបទ​នៃ​របាយការណ៍
ប្រធានបទ​នៃ​របាយការណ៍ @aple
ផ្សាយពាណិជ្ជកម្ម

ណ្តាញ​អង្គការ​ដែល​ធ្វើការងារ​ខាង​ប្រឆាំង​នឹង​ការ​រកស៊ីផ្លូវ​ភេទ​របស់កុមារ និង​ការ​ជួញដូរលើ​​កុមារ ហៅការ​ ECPAT (End Child Prostitution, Pornography and Trafficking) បាន​បង្ហាញថា កម្ពុជា បាន​ក្លាយ​ជាគោល​ដៅ​របស់​ភ្ញៀវ​​ទេស​ចរ​បរទេស​ដែល​ចង់​បំពាន​​ផ្លូវភេទ​លើកុមារ។ ​ក្មេងៗរងគ្រោះ​ទាំងនោះ​ ខ្លះ​​ជា​ក្មេង​អនាថា​តាម​ចិញ្ចើម​ថ្នល់ និង​ក៏​មាន​តិច​តួច​ដែរ​ក្មេង​នៅក្នុងគ្រួសារ​មាន​ជីវភាព​មធ្យម។​ អ្វី​ដែល​ជា​ការ​កត់​សម្គាល់ របាយ​ការណ៍​បាន​ឲ្យ​ដឹង​ទៀតថា មាន​មណ្ឌល​ក្មេង​កំព្រា​ខ្លះ​នៅ​កម្ពុជា បាន​ក្លាយ​ជា​ជម្រក​នៃ​ការ​រក​ស៊ី​ជួញ​ដូរ​ភេទ​លើកុមារ។ កន្លែង​ខ្លះ បាន​ណែ​នាំ​ឲ្យ​កុមារ​លេង​ភ្លេង ច្រៀងរាំ ដើម្បី​រៃ​អង្គាស​ប្រាក់​ទៀត​ផង ហើយ​ក្នុង​រនាំង​សិល្បៈ​នេះ គឺ​មាន​ការ​ជួយ​ដូរ​ភេទ​លើ​ក្មេងៗ​។
ចំណែក​ឯ​ជនបរទេស​ដែល​មក​ធ្វើ​ការងារ​ស្មគ្រ​ចិត្ត​នៅ​មណ្ឌល​ក្មេង​កំព្រា​និង​អង្គការ​ទាំង​នោះ ក៏​មាន​ឱកាស​ប្រព្រឹត្ត​បទ​ល្មើស​ផ្លូវ​ភេទ​លើ​កុមារ​ផង​ដែរ។

បណ្ដាញ​ការពារ​កុមារ​ពិភព​លោកដ​ដែល​​នេះ ក៏​លើកឡើង​ដែរទៀត​ថា ជនរងគ្រោះ​ ខ្វះ​ខាត​ការ​ជួយ​គាំទ្រ​ ទាំង​ផ្លូវ​ចិត្ត​និង​ផ្លូវ​ច្បាប់​។​ ​ចំណែក​វិធានការ​ទប់​ស្កាត់​ ឬ​តាម​ចាប់​ជន​ល្មើស​ ក៏​មិន​សូវ​បាន​ការ​សហការ​សកម្ម​ពី​សំណាក់​អាជ្ញាធរ​។ ការ​ចែក​រំលែក​ព័ត៌មាន​របស់​​ជនល្មើស​ក៏​នៅតែ​មិនទាន់​ទូលំលាយ។ ធ្ងន់​ធ្ងរ​ជាង​នេះ សំណាញ់​ច្បាប់​គ្រប​មិន​សូវ​ជាប់​​ឧក្រិដ្ឋជន។ បន្ថែមពីនេះ ​ការ​រីកចម្រើន​នៃ​ប្រព័ន្ធអ៊ិនធឺណិត និង​បណ្តាញ​ទំនាក់ទំនងផ្សេង​ៗ​ ក៏​កាន់តែ​ជំរុញ​ឲ្យ​ជនល្មើស​មាន​ភាព​ងាយ​ស្រួលក្នុង​ការ​​ប្រព្រឹត្ត​បទល្មើស​ផ្លូវ​ភេទ​លើកុមារ។ ពោលគឺ​ពួក​ជន​ល្មើស​អាច​ទាក់ទង​ទៅ​ក្រុម​ឈ្មួញ​ដោយ​ផ្ទាល់ ឬ​ទាក់ទង​ទៅកុមារ​ដែល​លក់​ភេទ​បាន​គ្រប់​ពេល​វេលា។

​ការ​សិក្សាដែល​​មាន​កម្រាស់​១៥៤ទំព័រ​ ជា​ភាសា​អង់គ្លេស និង​មាន​ដៃ​គូ​ជិត​​៧០​ស្ថាប័ន​លើពិភពលោកបាន​ចូលរួម​ស្រាវជ្រាវនោះ បាន​រក​ឃើញទៀត​ថា ជន​ល្មើស​ភាគ​ច្រើន​ គឺ​ភ្ញៀវ​ទេស​ចរបរទេស​ ដែល​ទៅ​ទស្សនា​ប្រទេស​ក្រីក្រ។ អ្នក​ខ្លះ​ទៀត ជា​អ្នក​ជំនួញ​និង​អ្នក​ធ្វើការ​ចល័ត ហើយ​ក៏មាន​ដែរ ក្រុម​បុគ្គល​ស្មគ្រ​ចិត្ត​ដែល​មក​ធ្វើការ​តាម​អង្គការនានា​។​ ពួក​ជន​ល្មើស​ ភាគ​ច្រើន​ នៅពេល​ថ្មីៗនេះ គឺជា​ក្រុម​បទេស​ដែល​រស់​នៅ​ក្នុង​តំបន់​ជាមួយ​គ្នា ឬ​​ប្រទេស​ក្បែរគ្នា។ ដោយឡែកមាន​ភ្ញៀវ​ទេសចរ​ជន​បរទេស​​ខ្លះ​ មិន​មាន​ចេតនា​បំណង​ចង់​ទៅ​ដើរ​លេង​ដើម្បី​ប្រព្រឹត្ត​ល្មើសផ្លូវ​ភេទ​លើកុមារ​​នោះទេ តែ​គឺ​ពេលដែល​គេ​ឃើញ​​មាន​ឱកាស​ល្អ​ហុច​ឲ្យ ពួក​គេ​ក៏​ប្រព្រឹត្ត​តែម្តង​។​

សូម​បញ្ជាក់ថា បើ​និយាយ​តែពីនៅតំបន់​អាស៊ីអគ្នេយ៍ ប្រទេស​ថៃ​និង​ហ្វីលីពីន ដែល​គេ​ធ្លាប់​ស្គាល់​ថា ជា​ជម្រុក​ទេសចរ​បរទេស​ទៅ​រក​សេវាឬធ្វើ​បទល្មើស​ផ្លូវភេទ​លើកុមារ។ ក៏ប៉ុន្តែ​អាជ្ញាធរ​ថៃ​បាន​ទប់​ស្ងាត់យ៉ាង​សកម្ម ហើយ​​ករណី​ល្មើសបាន​​ធ្លាក់​ចុះ​ទៅ​វិញ។ តែ​ពេលនេះ វាបាន​ធ្លាក់​ដល់​វេន​ ប្រទេស​កម្ពុជា ឡាវ ​វៀតណាម​ និង​ភូមា​វិញ​ម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ