អានតួអត្ថបទ
កម្ពុជា

អ្នក​រាយការណ៍​ពិសេស​UN ​អំពាវនាវ​ឲ្យ​ស្តារ​ប្រជាធិបតេយ្យ​និង​សង្គម​ស៊ីវិល​ឡើង​វិញ​

កម្ពុជា​គួរ​តែ​ត្រលប់​ទៅ​ដើរ​លើ​ផ្លូវ​ដែល​មាន​ពហុបក្ស​នយោបាយ ​ដើម្បី​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ ​និង​ពង្រឹង​សេរីភាព​សម្រាប់​សង្គម​ស៊ីវិល ​និង​អ្នក​សារព័ត៌មាន ​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​វិញ​។ នេះ​គឺជា​ការ​លើកឡើង​របស់​លោក​ស្រី​ រ៉ូ​ណា ស្មី​ត ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​។​ សេចក្តី​ថ្លែងការណ៍​រប​ស់​លោក​ស្រី ​ស្មី​ត ​បាន​ធ្វើ​ឡើង​ស្រប​ពេលដែល​ពិភពលោក​ប្រារព្ធ​ទិវា​អន្តរជាតិ​ស្តីពី​សិទ្ធិ​មនុស្ស​ខួប​លើក​ទី​៦៩ ​កាលពី​ថ្ងៃ​ទី​១០​ធ្នូ​។

អ្នករាយការណ៏ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា លោកស្រីរ៉ូណា ស្មីត
អ្នករាយការណ៏ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា លោកស្រីរ៉ូណា ស្មីត @Chin Malin
ផ្សាយពាណិជ្ជកម្ម

ពី​ទីក្រុង​ហ្សឺ​ណែវ​ ​និង​ដើម្បី​អបអរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​១០​ធ្នូ​ផង​នោះ ​លោកស្រី ​រ៉ូ​ណា ស្មី​ត ​បាន​លើកឡើង​បន្ថែម​ក្នុង​សេចក្តី​ថ្លែងការណ៍​ជាង​២​ទំព័រ ​ដោយ​សម្តែង​នូវ​ការ​ព្រួយបារម្ភ​ចំពោះ​ស្ថាន​ការ​ណ៍​នយោបាយ​នៅ​កម្ពុជា ​នា​ពេល​បច្ចុប្បន្ន ​រាប់​តាំង​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​ការ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​ចំពោះ​សមាជិក​គណបក្ស​នេះ ​ចំនួន​ ១១៨​រូប ​និង​ផ្តល់​អាសនៈ​ជាប់​ឆ្នោត​របស់​គណបក្ស​ប្រឆាំង ​ទៅ​ឲ្យ​គណបក្ស​ដទៃ​ជាដើម​។

តាម​លោក​ស្រី ​រ៉ូ​ណា ស្មី​ត នេះ​គឺ​ជា​សកម្មភាព​មួយ ​ដែល​ឆ្លុះបញ្ចាំង​ពី​ការ​ប្រឆាំង​ទៅនឹង​ឆន្ទៈ ​និង​សិទ្ធិ​សេរីភាព​របស់​ពល​រដ្ឋ ​ក្នុងការ​ជ្រើសរើស​អ្វី​ដែល​ពួកគេ​ពេញចិត្ត​។ ​ជាមួយគ្នា​នោះ ​លោកស្រី ​រ៉ូ​ណា ស្មី​ត ក៏​បាន​លើកឡើង​ពី​ការ​ចាប់​ឃុំខ្លួន​មេ​ដឹកនាំ​បក្ស​ប្រឆាំង ​តាំងពី​ខែ​កញ្ញា ​និង​ការ​ដាក់​សម្ពាធ​ទៅលើ​សកម្មជន​បក្ស​នេះ​ជាច្រើន​នាក់ ​រហូតដល់​ពួកគេ​ត្រូវ​បង្ខំចិត្ត​ភៀសខ្លួន​ចេញពី​ប្រទេស ​និង​សេចក្តីរាយការណ៍​ពី​ការ​គាបសង្កត់​ពី​អាជ្ញាធរ​មូលដ្ឋាន​ថា​គឺ​ជា​រូបភាព​មិនល្អ​មួយ ​សម្រាប់​ការ​បោះឆ្នោត​នៅ​ឆ្នាំ ​២០១៨​ខាងមុខ​។

ជាមួយ​គ្នា​នេះ ​លោក ​កត្តា អ៊​ន ​អ្នក​នាំពាក្យ​គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា ​បាន​ហៅ​ការ​លើកឡើង​របស់​លោក​ស្រី រ៉ូ​ណា ស្មី​ត​ ថា​គ្រាន់តែ​ជា​កង្វល់​របស់​បុគ្គល ​ដែល​មិន​ឆ្លុះ​ប​ញ្ជាំ​ង​នូវ​ទិដ្ឋភាព​ជាក់ស្តែង​។​ អ្នក​នាំពាក្យ​រូបនេះ​បន្ត​ថា ​សេចក្តី​ថ្លែង​របស់​តំណាង​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ​គឺ​បាន​ធ្វើឡើង​បែប​តក់​ក្រហល់​ខ្វះ​ការ​ពិនិត្យ​លើ​អង្គហេតុ​និង​អង្គច្បាប់ ​លោ​ក​ថា​អ្វី​ៗ​មិន​អាក្រក់​ដូច​ការ​លើកឡើង​នោះ​ទេ​។

ក៏​ប៉ុន្តែ ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​លោក​ស្រី​សាស្ត្រា​ចារ្យ​រ៉ូ​ណា ស្មី​ត បាន​សង្កត់​ធ្ងន់​ថា ​រាល់​ការ​រិះគន់ ​និង​ការ​ជជែក​ដេញ​ដោល​ផ្នែក​នយោបាយ ​ព្រមទាំង​ការ​ទទួល​បាន​នូវ​ប្រភព​ព័ត៌មាន​ផ្សេង​ៗ ​គឺ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់ ​ដើម្បី​ធានា​ថា​ អ្នក​បោះឆ្នោត​អាច​យល់ដឹង​ពី​គោល​នយោបាយ ​និង​គោល​បំណង​របស់​តំណាង​របស់​ពួក​គេ​។

ទោះ​យ៉ាងណា ​លោកស្រី ​រ៉ូណា ស្មី​ត បាន​សរសើរ​ដែរ​ថា​ ការ​ឈប់​ស៊ើប​អង្កេត​លើ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​ឲ្យ​អាច​ត្រលប់​ទៅ​រក​ការងារ​របស់​ខ្លួន​វិញ ​គឺ​ជា​ជំហាន​មួយ​ក្នុង​ទិសដៅ​ត្រឹមត្រូវ​។ ​លោកស្រី ​ចង់​ឲ្យ​កម្ពុជា ​មាន​ភាព​ប្រសើរ​ឲ្យ​ស្រប​តាម​សេចក្តី​ប្រកាស​សកល​ស្តីពី​សិទ្ធិ​មនុស្ស ​ដែល​បានចែង​ពី​ចក្ខុ​វិស័យ​សកល​អំពី​សន្តិភាព ​ការ​អភិ​វ​ឌ្ឈ​ និង​ស្ថិរភាព​ ដោយ​ផ្អែក​លើ​សេរីភាព​រួចផុត​ពី​ភាព​ភ័យខ្លាច​ និង​ទុគ៌ត​។ ​ទាំង​ពីរ​នេះ ​ផ្សារ​ភ្ជាប់​គ្នា​យ៉ាង​ស្អិត​រ​មួ​ត ហើយ​មិន​អាច​លេចចេញ​ជា​រូបរាង ​ដោយ​គ្មាន​អ្វីមួយ​បាន​នោះ​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ