អានតួអត្ថបទ
កម្ពុជា

ខួប១​ឆ្នាំ​នៃ​ការ​ចាប់​ខ្លួន​អ្នក​កាសែត RFA៖ អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​ស្នើ​តុលាការទម្លាក់​បទ​ចោទ

ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ម្សិលមិញ​នេះ គឺ​ជា​ខួប​គម្រប់​មួយ​ឆ្នាំ​នៃ​ការ​ចាប់​ខ្លួន​អ្នក​កាសែត​អាស៊ី​សេរី​២​នាក់ គឺ​លោក យាង សុធារិន ហៅ យាង សុជាមេត្តា និង​លោក អ៊ួន ឈិន​។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​នគរបាល​រាជធានី​ភ្នំពេញ ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ និង​ក្រោយ​មក​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍ ដែល​នាំ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​។ ក្នុង​ឱកាស​នេះ អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន បាន​ចេញ​ផ្សាយ​វីដេអូ​ចំនួន​ពីរ ឧទ្ទិស​ដល់​ទុក្ខ​​វេទនា​របស់​អតីត​អ្នក​កាសែត​ទាំង​ពីរ​រូប​ដែល​ចំណាយ​ពេល​ជាង​៩​ខែ​នៅ​ក្នុង​ពន្ធនាគារ និង​អំពាវនាវ​ឲ្យ​តុលាការ ទម្លាក់​បទ​ចោទ​ប្រឆាំង​នឹងអ្នក​ទាំង​ពីរ​រូប​ចោល​។

អតីត​អ្នក​យក​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ី​សេរី លោក យាង សុធារិន និង ​លោក អ៊ួន ឈិន
អតីត​អ្នក​យក​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ី​សេរី លោក យាង សុធារិន និង ​លោក អ៊ួន ឈិន Reporters Without Borders
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​វីដេអូ​ចំនួន​ពីរចេញ​ផ្សាយ​ដោយ​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន លោក យាង សុធារិន និង​លោក អ៊ួន ឈិន បាន​រំឭក​ឡើង​វិញ​ពី​ព្រឹត្តិការណ៍​ចាប់​ខ្លួន​អ្នក​ទាំង​ពីរ​នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា ឆ្នាំ​២០១៧​។ បន្ទាប់​ពី​ការ​ចាប់​ខ្លួន អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​រូប ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ។

តាម​រយៈ​វីដេអូ​ដដែល លោក យាង សុធារិន និង​លោក អ៊ួន ឈិន បាន​រៀបរាប់​ពី​ស្ថានភាព​រស់​នៅ​របស់​ពួកគេ​នៅ​ក្នុង​ពន្ធនាគារ រាប់​ចាប់​តាំង​ពី​ការ​ស្នាក់​នៅ​ណែន​ណាន់​តាន់​តាប់​នៅ​ក្នុង​បន្ទប់​ឃុំ​ឃាំង​ និង​កង្វះ​អនាម័យ​នៅ​ក្នុង​បន្ទប់​ឃុំ​ឃាំង ដែល​បាន​បង្ក​ទៅ​ជា​ជំងឺ​សើ​ស្បែក​រ៉ាំរ៉ៃ​។ លោក អ៊ួន ឈិន បាន​អះអាង​ថា ជំងឺ​សើ​ស្បែកដែល​កើត​លើ​រូប​លោក​នៅ​ក្នុង​ពន្ធនាគារ នៅ​មិន​ទាន់​ជា​សះ​ស្បើយ​នៅ​ឡើយ បើ​ទោះ​បី​ជា​លោក​ត្រូវ​បាន​ដោះ​លែង​ចេញ​ពី​ពន្ធនាគារ​ហើយ​ក៏​ដោយ​។

អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន បាន​ប្រៀប​ប្រដូចការ​ឃុំ​ខ្លួន​លោក យាង សុធារិន និង​លោក អ៊ួន ឈិន នៅ​ក្នុង​ពន្ធនាគារ ថា​ជា​ឋាន​នរក​នៅ​លើ​ភព​ផែនដី និង​បាន​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​អស់​ប្រឆាំង​នឹង​អ្នក​ទាំង​ពីរ​។

សម្រាប់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន លោក យាង សុធារិន និង​លោក អ៊ួន ឈិន គឺ​ជា​ជន​រង​គ្រោះ​នៃ​ការ​បង្ក្រាប​លើ​អ្នក​កាសែត ពី​សំណាក់​រដ្ឋាភិបាល​លោក ហ៊ុន សែន​។ ជា​ការ​បង្ក្រាប​ធ្វើ​ទុក្ខ​បុក​ម្នេញ ដែល​អង្គការ​ដដែល​នេះ ចោទ​ប្រកាន់​ថា ធ្វើ​ឡើង​ដើម្បី​បិទ​បាំង​នូវ​ការ​រិះ​គន់​ទាំង​អស់ មុន​ពេល​កម្ពុជា​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ​២០១៨​។

សូម​ជម្រាប​ជូន​ថា អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​រូប​ ត្រូវ​បាន​តុលាការ​​ចោទ​ប្រកាន់​តាម​មាត្រា​៤៤៥ ​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ​ពី​បទ​ប្រគល់​ឲ្យ​រដ្ឋ​បរទេសនូវ​ព័ត៌មាន​ជា​អាទិ៍ ​ដែល​នាំ​ឲ្យ​អន្ដរាយ​ដល់​ការ​ការពារ​ជាតិ ​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា​​កាល​ពី​អំឡុង ​ឆ្នាំ​២០១៧ ​និង​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ។ អ្នក​ទាំង​ពីរ​បាន​ជាប់​ឃុំ​អស់​រយៈ​ពេល​២៧២​ថ្ងៃ មុន​ពេល​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ នា​ថ្ងៃ​ទី២១​ខែ​សីហា​កន្លង​ទៅ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ