អានតួអត្ថបទ
កម្ពុជា

សម្តេច​ម៉ែ​សន្យា​ជួយ​គ្រួសារ​លោក​កែម​ ឡី

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ គឺ​ថ្ងៃ​ទី​៥​ នៃ​ពិធី​បុណ្យ​សព​លោក​កែម ឡី​ ក្រោយ​ការ​បាញ់​សម្លាប់​នៅ​ថ្ងៃ​ទី​១០ កក្កដា។ តំណាង​ស្ថាន​ទូត និង​អង្គការ​សង្គម​ស៊ីវិល​នានា​នៅ​តែ​បន្ត​កន្ទុយ​គ្នា​មក​គោរព​សព​នៅ​វត្ត​ចាស់។ ក្នុង​នោះ​ក៏​មាន​ដែរ​ព្រះរាជ​តំណាង​សម្តេច​ម៉ែ ដែល​បាន​យក​កម្រង​ផ្កា និង​ផ្តាំ​ផ្ញើ​ការ​សោក​ស្តាយ​ពី​ព្រះអង្គ។

ព្រះរាជ​តំណាង​សម្តេច​ម៉ែ ឲ្យដឹងថា​សម្តេចម៉ែ​សន្យា​ជួយ​ទំនុក​បម្រុង​ក្រុម​គ្រួសារ​លោក​បណ្ឌិត​កែម​ ឡី ​ជាដរាប​ ប្រសិន​បើ​ក្រុម​គ្រួសារ​ត្រូវ​ការ​ជំនួយ។​
ព្រះរាជ​តំណាង​សម្តេច​ម៉ែ ឲ្យដឹងថា​សម្តេចម៉ែ​សន្យា​ជួយ​ទំនុក​បម្រុង​ក្រុម​គ្រួសារ​លោក​បណ្ឌិត​កែម​ ឡី ​ជាដរាប​ ប្រសិន​បើ​ក្រុម​គ្រួសារ​ត្រូវ​ការ​ជំនួយ។​ @ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី
ផ្សាយពាណិជ្ជកម្ម

សម្តេច​ម៉ែ​សន្យា​ជួយ​ទំនុក​បម្រុង​ក្រុម​គ្រួសារ​លោក​បណ្ឌិត​កែម​ឡី ជា​ដរាប ប្រសិន​បើ​ក្រុម​គ្រួសារ​ត្រូវ​ការ​ជំនួយ។ នេះ​គឺ​ជា​ព្រះរាជ​ឱងការ​របស់​សម្តេច​ម៉ែ ដែល​ព្រះរាជ​តំណាង​មាន​បន្ទូល​ទៅ​កាន់​ក្រុម​គ្រួសារ​សព។ ព្រះអង្គ​ម្ចាស់​ស៊ី​សុវត្ថិ​ធម្មិកោរ៖ សម្លេង 

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន ព្រះអង្គ​ម្ចាស់​ បាន​បន្ត​បន្ទូល​ថា សម្តេច​ម៉ែ​បាន​សម្តែង​ការ​សោក​ស្តាយ​ជា​ខ្លាំង​ចំពោះ​ឃាតកម្ម ដែល​បាន​កើត​ឡើង​លើ​លោក​បណ្ឌិត កែម ឡី។ ប៉ុន្តែ​សម្តេច​ម៉ែ មិន​បាន​មាន​បន្ទូល​អត្ថាធិប្បាយ​ពី​ករណី​ឃាតកម្ម​នោះ​ឡើយ។ ភរិយា និង​ក្រុម​គ្រួសារ​លោក​បណ្ឌិត​កែម​ ឡី នៅ​មិន​ទាន់​សម្រេច​យក​ជំនួយ​ពី​សម្តេច​ម៉ែ ឬ​សម្បុរសជន​ណាមួយ​នៅ​ឡើយ​ទេ​ ដោយ​រងចាំ​ការ​បញ្ចប់​ពិធី​បុណ្យ​រួច​រាល់​ជា​មុន​សិន។ ប៉ុន្តែ​គណៈកម្មការ​រៀបចំ​បុណ្យ​សព លោក​ទឹម ម៉ាឡៃ បាន​លើក​ឡើង​ថា ដំណឹង​នេះ​គឺ​ជា​ការ​សប្បាយ​រីករាយ និង​ជា​មោទៈភាព​បំផុត​ដែល​សម្តេច​ម៉ែ ព្រះ​មាតា​ជាតិ​ លោក​មាន​បំណង​ជួយ​ជ្រួម​ជ្រែង​ដល់​ក្រុម​គ្រួសារ។

តាំង​ពី​ថ្ងៃ​ឃាតកម្ម​មក បណ្តា​អង្គ​ទូត​ធំៗ សង្គម​ស៊ីវិល គណបក្ស​នយោបាយ និង​ពលរដ្ឋ​សាមញ្ញ នៅ​តែ​បន្ត​កន្ទុយ​គ្នា​មក​ដាក់​កម្រង​ផ្កា គោរពវិញ្ញាណក្ខន្ធ និង​ថ្លែង​សារ​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ ហើយ​ស្នើ​ឱ្យ​អាជ្ញាធរ​ត្រូវ​តែ​ស្វែង​រក​ជន​ ដែល​នៅ​ពី​ក្រោយ​ខ្នង​នៃ​ឃាតកម្ម​នេះ។ ទន្ទឹម​នេះដែរ អាជ្ញាធរ​ក៏​បាន​ប្រកាស​តាម​វែក​មុខ​អ្នក​ពាក់ព័ន្ធ ដើម្បី​ផ្តល់​ភាព​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ និង​ផ្តល់​ភាព​យុត្តិធម៌​ដល់​អាជ្ញាធរ​វិញ។ ដោយឡែក​ជន​ជាប់​ចោទ​ ដែល​ប្រាប់​ថា​ខ្លួនមាន​ឈ្មោះ​ថា​ ជួប សម្លាប់ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​២​ករណី គឺ​ការ​ធ្វើ​ឃាត​ដោយ​គិត​ទុក​ជា​មុន និង​កាន់​កាប់​អាវុធ​ខុស​ច្បាប់ ដែល​ទោស​ទាំង​នេះ គឺ​នឹង​ជួប​ពន្ធនាគារ​អស់​មួយ​ជីវិត។

រហូត​មក​ដល់​ពេល​នេះ ក្រុម​គ្រួសារ​សព និង​គណៈ​កម្មការ​រៀបចំ​បុណ្យ នៅ​មិន​ទាន់​សម្រេច​ថា​តើ​ត្រូវ​តម្កល់​សព​លោក​កែម ឡី ឬ​ត្រូវ​បញ្ចុះ​សព​នៅ​ទីណា​មួយ​ឱ្យ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ​ ដោយ​ត្រូវ​ធ្វើ​បុណ្យ​នៅ​ភ្នំពេញ​រហូត​ដល់​ថ្ងៃ​ទី​១៨ កក្កដា​ជា​មុន​សិន។ ប៉ុន្តែ​តាម​ប្រភព​មួយ​ចំនួន​ចេញ​ក្រុម​គ្រួសារ សព​លោក​កែម​ ឡី អាច​ត្រូវ​បញ្ចុះ​នៅ​ស្រុក​កំណើត​ក្នុង​ខេត្ត​តាកែវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ