អានតួអត្ថបទ
កម្ពុជា

លោក សម រង្ស៊ី ជឿជាក់ថា CNRP ​នឹង​ឈ្នះ​ឆ្នោត​ឃុំ​សង្កាត់ បាន​ច្រើន​លើសលុប!​

អតីត​ប្រធាន​គណបក្សប្រឆាំង​ លោក សម រង្ស៊ី សង្ឃឹមថា បក្ស​សង្គ្រោះជាតិ​ នឹង​ឈ្នះការ​​ឆ្នោត​​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ បាន​ច្រើន​លើសលុប នៅ​ពេល​ដ៏​ខ្លី​នេះ​ ហើយ​នឹង​កាន់​កាប់​ស្ថាប័ន​ព្រឹទ្ធសភា  ព្រម​ទាំង​​​ឈ្នះ​ការ​បោះ​ឆ្នោត​ជាតិ​ យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី​ថែមទៀត នៅ​ឆ្នាំ​ក្រោយ!​ លោក​​និយាយយ៉ាង​​ដូច្នេះ គឺនៅក្នុង​ពេល​ជួប​ជុំ​ពិភាក្សា​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​បារាំង​ ប្រមាណ​ជាង​២០នាក់ នៅ​ជាយ​ក្រុង​ប៉ារីស កាលពី​ម្សិលមិញ​។

លោក សម រង្ស៊ី​ ដែល​កំពុង​ស្ថិតនៅ​ឯបរទេស​
លោក សម រង្ស៊ី​ ដែល​កំពុង​ស្ថិតនៅ​ឯបរទេស​ @Sam Rainsy Facebook
ផ្សាយពាណិជ្ជកម្ម

​នៅក្នុង​វីដេអូ​ រយៈ​ពេល​ប្រមាណជាង​​៥នាទី លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ពាក់​អាវធំ​ពណ៌ខ្មៅ គ្មាន​ក្រវាត់​ក កំពុង​ឈរ​និយាយ នៅ​ចំពោះ​មុខ​អ្ន​កស្តាប់ ​ភាគ​ច្រើន​ សុទ្ធតែជា​មនុស្ស​ធំ ​ចាស់ៗ ដែលអ្នក​ខ្លះ កំពុង​​កាន់​កាំមេរ៉ាថត ​អ្នក​ខ្លះ​ឈរ ខ្លះ​​អង្គុយ​ នៅ​ជុំវិញ​តុ​បាយ​។

ដោយ​មាន​ភរិយា​អង្គុយ​នៅ​ខាង​ស្តាំដៃផង លោក សម រង្ស៊ី ឈរ​ថ្លែង​ក្តីសង្ឃឹមថា បក្ស​សង្គ្រោះជាតិ​​ នឹង​ឈ្នះ​បាន​ចំនួន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ បាន​ច្រើន​លើសលប់ ហើយ​ក្រោយ​មក នឹង​ឈាន​ទៅ​កាន់​កាប់​ស្ថាប័ន​​​ព្រឹទ្ធសភា ដែល​ជា​ស្ថាប័ន​​ជាតិ។ រួម​មកទៀត​ គណ​​បក្ស​ប្រឆាំង នឹង​ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី​ ថែមទៀត ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំក្រោយ។​

លោក សម រង្ស៊ី ពន្យល់ថា បើបក្ស​សង្គ្រោះជាតិ ឈ្នះ​បាន​ចំនួន​សមាជិក​​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ច្រើន​លើសលប់ នោះ​នៅពេល​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ព្រឹទ្ធសភា គឺ​តំណែង​នេះ នឹង​បាន​ទៅ​បក្ស​ប្រឆាំង។ ដូច្នេះ​បក្ស​ប្រឆាំង​កាន់កាប់​ស្ថាប័ន​ជាតិ​មួយដ៏សំខាន់។ ពេល​នោះ​ហើយ ដែល​ពលរដ្ឋ​និង​សមាជិក​បក្ស​កាន់អំណាច​ផង នឹង​ងាក​​រេ​បែរ​ចិត្ត​ទៅគាំទ្រ​បក្ស​សង្គ្រោះជាតិ​កាន់តែ​ច្រើន ហើយ​នឹង​ឈ្នះ​ឆ្នោត​ជាតិ​តែម្តង នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៨។​

ភ្លាមៗ លោក សុខ ឥសាន អ្នក​នាំពាក្យ​បក្ស​កាន់​អំណាច​ ប្រតិកម្មឆ្លើយ​តប​ប្រាប់វិទ្យុ​បារាំងRFI ថា គ្មាន​អ្វី​ចម្លែក​នោះឡើយ​ ដែល​លោក សម រង្ស៊ី កំពុង​តែ​យល់​សប្តិ ហើយ​ក្តី​​សុបិន​នេះ ក៏​​គ្មាន​ថ្ងៃ​នឹង​ក្លាយ​ជាការ​ពិត​ឡើយ។ លោក សម រង្ស៊ី ចេះតែ​ដេក​ស្រមៃ​បែប​នេះ តាំង​​ពី​១៩៩៥មក​ម្ល៉េះ គឺជាង​២០ឆ្នាំហើយ​ លោក​​ស្រមៃ​តាំងពី​នៅជា​ប្រធាន​គណបក្ស​ រហូត​ដល់អស់គ្មាន​សល់អ្វី ​នៅតែដៃ​ទទេ។​ ដូច្នេះ ចំពោះ​លោក សុខ ឥសាន គឺ​គ្មាន​ចាប់​អារម្មណ៍​អ្វីបន្តិចទេ ចំពោះ​ការ​ប្រកាស​របស់​លោក សម រង្ស៊ី។​

យ៉ាងណា​ក៏ដោយ ការ​បញ្ជាក់​សេចក្តី​សង្ឃឹម​ថា​ឈ្នះ​ឆ្នោត​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​យ៉ាង​ដូច្នេះ គឺ​ដោយសារតែ​លោក សម រង្ស៊ី​ ​ មាន​ជំនឿ​យ៉ាង​ខ្លាំង​ទៅ​លើការ​រៀបចំបញ្ជី​ឈ្មោះ​​​បោះឆ្នោត​របស់​ គ.ជ.ប.។ លោក សម រង្ស៊ី​ ថា​ បើ​ទោះបី​ជាមាន​ការ​ប៉ុន​ប៉ង​ចូល​បំផ្លាញ​ទិន្នន័យ​នៅក្នុង​គេហទំព័រ​គ.ជ.ប.ក្តី​ តែមិន​បាន​សម្រេច។

ជាមួយ​គ្នា​នេះ លោក ហង្ស ពុទ្ធា​ អ្ន​កនាំពាក្យ​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត អះ​អាង​ដែរ​ថា ​ពិត​ជា​អ៊ីចឹង​មែន!​ ​ទិន្នន័យបញ្ជីឈ្មោះ​របស់​អ្នក​ចុះឈ្មោះ​បោះឆ្នោត គឺបាន​​រក្សា​ទុក​បាន​ល្អ មាន​សុវត្ថិភាព បើ​ទោះបីជា​មាន​ជន​ទុច្ចរិត ព្យាយាម​ចូលទៅ​បំផ្លាញ​ម្តង​ជា​ពីរ​ដង​ក្តី​​។ តាម​បញ្ជាក់របស់អ្ន​កនាំពាក្យគ.ជ.ប., ការ​ប្រកាស​​ពី​លទ្ធផល​ឈ្នះ ឬចាញ់ នៅពេល​នេះ គឺ​គ្រាន់តែ​ជា​វោហាសាស្ត្រ​របស់​អ្នក​នយោបាយ​តែប៉ុណ្ណោះ គឺវា​អាច​ត្រូវ​ ឬ​ខុស ព្រោះ​លទ្ធផល​​ជាក់​ស្ដែង​នៅ​មិនទាន់​មាននៅឡើយ។

ក៏​ប៉ុន្តែ លោក ហង្ស ពុទ្ធា បាន​សង្កត់​ធ្ងន់​ថា គ.ជ.ប. ហាម​ដាច់​ខាត ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត ឬ​ការ​ស្ទង់​មតិ ថា​ឈ្នះឬចាញ់ នៅ​ពេល​១សប្តាហ៍មុន​ការ​បោះឆ្នោត!​​ បើពុំ​ដូច្នេះទេ​ គឺនឹង​ត្រូវប្រឈម​មុខ​ចំពោះ​មុខ​ច្បាប់៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ