អានតួអត្ថបទ
កម្ពុជា-ច្បាប់

​ក្លិប​អ្នក​កាសែត​កម្ពុជា​ស្វាគមន៍​ដែល​រដ្ឋា​ភិបាល​ចង់​ឲ្យ​សារព័ត៌មាន​បរទេស​បើក​ការិយាល័យ​ឡើង​វិញ​

ម្សិល​មិញ រដ្ឋា​ភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ស្តី​ពី​វិធាន​ការ​នានា ដើម្បី​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ និង​លំហរ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ក្នុង​ចំណោម​វិធានការ​ទាំង​នោះ រដ្ឋា​ភិបាល​កម្ពុជា​បាន​បង្ហាញ​ពី​ចេតនា​ចង់​ឲ្យ​វិទ្យុ​អាស៊ី​សេរី និង​កាសែត The Cambodia Daily បើក​ការិយាល័យ​របស់​ខ្លួន​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ចំពោះ​ចេតនា​នេះ ក្លិប​អ្នក​កាសែត​កម្ពុជា បាន​សម្តែង​នូវ​ការ​ស្វាគមន៍​។ 

លោក ឆាយ សុផល នាយកប្រតិបត្តិក្លិបអ្នកកាសែតកម្ពុជា
លោក ឆាយ សុផល នាយកប្រតិបត្តិក្លិបអ្នកកាសែតកម្ពុជា @RFI/Mesa
ផ្សាយពាណិជ្ជកម្ម

លោក​ឆាយ សុផល នាយក​ប្រតិបត្តិ​ក្លិប​អ្នក​កាសែត​កម្ពុជា បាន​សម្តែង​នូវ​ការ​អបអរ​សាទ និង ស្វាគមន៍​ចំពោះ​សេចក្តី​ថ្លែង​ការណ៍​របស់​រដ្ឋា​ភិបាល​កម្ពុជា​ដែល​បង្ហាញ​ពី​ចេតនា​ចង់​ឲ្យ​កាសែត​ The Cambodia Daily និង វិទ្យុ​អាស៊ី​សេរី បើក​ការិយាល័យ​ផ្សព្វ​ផ្សាយ​របស់​ខ្លួន​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ កាសែត​The Cambodia Daily បាន​បិទ​ការិយាល័យ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី០៤ ខែ​កញ្ញា ឆ្នាំ​២០១៧​។រី​ឯ​វិទ្យុ​អាស៊ី​សេរី​វិញ បាន​បិទ​ការិយាល័យ​នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​២០១៧​។ សម្រាប់​លោក​ឆាយ សុផល សេចក្តី​ថ្លែង​ការណ៍​របស់​រដ្ឋា​ភិបាល​នេះ គឺ​ជា “ភ្លើងខៀវ” សម្រាប់​សារព័ត៌មាន​បរទេស​ទាំង​ពីរ​នេះ​។

សូម​រំលេច​ឲ្យ​ដឹង​ថា នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃ​ចន្ទ រដ្ឋា​ភិបាល​កម្ពុជា​បាន​បក​ស្រាយ​ពី​បញ្ហា​កាសែត The Cambodia Daily ថា កាសែត​នេះ បាន​បិទ​ការ​បោះពុម្ភ​ផ្សាយ​ដោយ​ខ្លួន​ឯង ព្រោះ​គេច​វេស​មិន​បំពេញ​កាតព្វ​កិច្ច​ពន្ធ​ដារ​ស្រប​តាម​ច្បាប់​កម្ពុជា​។ ត្រង់​ចំណុច​នេះ រដ្ឋា​ភិបាល​គូស​បញ្ជាក់​ថា ក្នុង​ករណី​ដោះស្រាយ​បំណុល​ពន្ធដារ​រួច​រាល់ កាសែត The Cambodia Daily អាច​ចាប់​ផ្តើម​ប្រតិបត្តិ​ការ​របស់​ខ្លួន​ឡើង​វិញ​។ ចំណែក​វិទ្យុ​អាស៊ី​សេរី​វិញ រដ្ឋា​ភិបាល​កម្ពុជា បាន​អះ​អាង​ថា បាន​ផ្តួច​ផ្តើម​គំនិត​បិទ​ការិយាល័យ​តំណាង​ដោយ​ខ្លួន​ឯង​ដែរ​។ ដូច្នេះ វិទ្យុ​នេះ​មាន​សេរីភាព​បើក​ការិយាល័យ​របស់​ខ្លួន​វិញ​បាន​ដែរ​នៅ​កម្ពុជា​។

មក​ដល់​ពេល​នេះ តំណាង​សារព័ត៌មាន​បរទេស​ទាំង​ពីរ​មិន​ទាន់​បញ្ចេញ​ការ​អត្ថា​ធិប្បាយ ថា​តើ​នឹង​មក​បើក​ការិយា​ល័យ​នៅ​កម្ពុជា​ឡើង​វិញ​ឫ​យ៉ាង​ណា​នោះ​ទេ​។ ប៉ុន្តែ​ក្លិប​អ្នក​កាសែត​កម្ពុជា​ចង់​ឲ្យ​សារព័ត៌មាន​ទាំង​នេះដោះ​ស្រាយ​បញ្ហា​ឲ្យ​បាន​ចប់​សព្វ​គ្រប់​និង​មក​បើក​ការិយាល័យ​របស់​ខ្លួន​ឡើង​វិញ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ឆាយ សុផល​។ សម្រាប់​លោក​ឆាយ សុផល ប្រសិន​បើ​កាសែត​ The Cambodia Daily និង វិទ្យុ​អាស៊ី​សេរី បើក​ការិយាល័យ​ផ្សព្វ​ផ្សាយ​ឡើង​វិញ​នោះ នឹង​កាន់​តែ​ធ្វើ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​លើ​ការ​ផ្តល់​ព័ត៌មាន​។ ការ​ប្រកួត​ប្រជែង​លើ​ការ​ផ្តល់​ព័ត៌មាន ដែល​លោក​ឆាយ សុផល អះ​អាង​ថា នឹង​ធ្វើ​ឲ្យ​ព័ត៌មាន​កាន់​តែ​សម្បូរ​បែប និង ផ្តល់​ជម្រើស​បាន​រឹត​តែ​ច្រើន​ដល់​ប្រជាពលរដ្ឋ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ