ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
កម្ពុជា

​សំណុំ​អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី​៖ តុលាការ​បើក​សវនា​ជំនុំ​ជម្រះ​នៅ​ចុង​ខែ​កក្កដា​

media លោក យាង សុជាមេត្តា និង​ លោក អ៊ួន ឈិន (រូបភាពឯកសារ) @RFI

សាលា​ដំបូង​រាជធានី​ភ្នំពេញ គ្រោង​បើក​សវនាការ​ជំនុំជម្រះ​សំណុំ​រឿង​អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា​ខាង​មុខ​។ នេះ​បើ​តាម​លិខិត​របស់​តំណាង​អយ្យការ អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ចុះ​ថ្ងៃ​ទី​០១​កក្កដា​​។ ​សូម​ជម្រាប​ថា គម្រោង​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​នេះ ធ្វើ​ឡើង​បន្ទាប់​ពីការ​ស៊ើប​សួរ បាន​បិទ​បញ្ចប់​កាល​ពី​ចុង​ខែ​កុម្ភៈ​កន្លង​ទៅ​។ 

បទ​ចោទ​ប្រកាន់​ចំនួន​ពីរ លើ​អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី នឹង​ត្រូវ​លើក​យក​ទៅ​ជំនុំ​ជម្រះ​ក្នុង​ថ្ងៃ​តែ​មួយ​តែ​ម្ដង គឺ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​កក្កដា ឆ្នាំ​២០១៩​។ បទ​ចោទ​ប្រកាន់​ទាំងពីរ​នោះ រួម​មាន បទ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍ ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ និង​បទ​ផលិត​និង​កាន់​កាប់​រូប​ភាព​អាស​អាភាស​។ លិខិត​ដាច់​ដោយ​ឡែក​ចំនួន​ពីរ របស់​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​រំឭក​ឲ្យ​ជន​ជាប់​ចោទ​ទាំង​ពីរ​រូប គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា ចូល​រួម​សវនាការ​ជំនុំ​ជម្រះ​ឲ្យ​បាន​ទាន់​ពេល​វេលា និង​ត្រូវ​យក​លិខិត​ផ្សេង​ៗ​ដែល​ទាក់ទង​នឹង​ដំណើរ​រឿង​ទៅ​ជាមួយ​ផង​។

លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា បាន​គូស​បញ្ជាក់​ថា លោក​បាន​ត្រៀម​ខ្លួនរួច​រាល់​ហើយ សម្រាប់​ចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​២៦​កក្កដាខាង​មុខ​។ ដោយ​​បន្ត​អះអាង​ពី​ភាព​ស្អាត​ស្អំ​របស់​ខ្លួន អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី​រូប​នេះ​សង្ឃឹម​ថា តុលាការនឹង​ធ្វើ​ការ​ជំនុំ​ជម្រះ​ប្រកប​ដោយ​ភាព​ត្រឹម​ត្រូវ​និង​យុត្តិធម៌​។

លោក យាង សុធារិន្ទ ហៅ​យាង សុជាមេត្តា និង​លោក អ៊ួន ឈិន ដែល​ជា​អតីត​អ្នក​កាសែត​របស់​វិទ្យុ​អាស៊ី​សេរី ត្រូវ​បាន​​​​​​អាជ្ញាធរ​ខ័ណ្ឌ​មាន​ជ័យ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ១៤​វិច្ឆិកា ឆ្នាំ ២០១៧ នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​មួយ​ ស្ថិត​នៅ​ក្បែរ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ក្រុង​ភ្នំពេញ។ អ្នក​ទាំង​ពីរ ត្រូវរង​ការ​​ចោទ​ប្រកាន់​ពី​បទ​​​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មានជា​អាទិ៍​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ការ​ការពារជាតិ និង​​​បទ​ចោទ​មួយ​ករណី​ទៀត​ពាក់​ព័ន្ធ​នឹង​ការ​ផលិត​វីដេអូ​អាស​អាភាស។

មេធាវីការពារក្តីឲ្យអតីត​បុគ្គលិក​​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​រូប បាន​ចាត់​ទុក​ការចោទ​ប្រកាន់​មក​លើ​កូន​ក្តី​ខ្លួន ថា​មាន​ភាព​អយុត្តិធម៌។ អយុត្តិធម៌ ព្រោះ​ផ្អែក​តាម​ចម្លើយ​សារភាព​របស់​កូន​ក្តី​របស់​លោក​គឺ​មិន​មានធាតុ​ផ្សំ​ណា​មួយ​ស៊ី​សង្វាក់​គ្នា​នឹង​បទ​ចោទ​ប្រកាន់​នេះ​ឡើយ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ