ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 06/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 06/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 06/12 12h00 GMT
កម្ពុជា

​អង្គការ​សិទ្ធិ​មនុស្ស និង​ស្ថាន​ទូត​អាមេរិក​អំពាវ​នាវ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី​

media  
អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទាំង២រូប @REUTERS

អង្គការ​សិទ្ធិ​មនុស្ស សម្ព័ន្ធ​អ្នក​សារព័ត៌មាន និង​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ស្នើ​សុំ​តុលាការ​កម្ពុជា​ឲ្យ​ទម្លាក់​ចោល​ទាំង​ស្រុង​នូវ​បទ​ចោទ​ប្រឆាំង​នឹង​អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ពីរ​នាក់ គឺ លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ហៅ​យាង សុជា​មេត្តា​។ សេចក្តី​ថ្លែង​ការណ៍​របស់​ស្ថាប័ន​ទាំង​នេះ ធ្វើ​ឡើង​ក្នុង​ឱកាស​ខួប២ឆ្នាំគត់ នៃ​ការ​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​លោក អួន ឈិន និង លោក យាង សុជាមេត្តា ពី​បទ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍ ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​។ 

​អង្គការ​ស្ថាប័ន​ជាតិ​និង​អន្ដរជាតិចំនួន​៤ ដែល​ទាមទារ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​អតីត​អ្នក​កាសែត​ទាំង​ពីរ​រូប មាន​ជា​អាទិ៍៖ សម្ព័ន្ធ​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេមបូចា, អង្គការ​លើក​លែង​ទោស​អន្តរជាតិ, ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​, និង​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ​។

តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខេមបូចា គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អតីត​អ្នក​កាសែត​អាស៊ី​សេរី​ទាំង​ពីរ​បាន​រស់​នៅ​ដោយ​មិន​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​អស់​រយៈ​ពេល​២ឆ្នាំ​ហើយ ដោយ​សារ​តែ​ការ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលា​ការ ក្រោយ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ កាល​ពី​ខែសីហា ឆ្នាំ២០១៨​។ លោក មៃ ទិត្យថារ៉ា នាយក​ប្រតិបត្តិ​នៃ​ខេម​បូចា លើក​ឡើង​ថា ការ​បន្ត​ធ្វើ​ទុក​បុក​ម្នេញ​លើ​អតីត​អ្នក​សារព័ត៌មាន​ទាំង​ពីរ​រូប​នេះ គឺ​ជា​ការ​បន្ត​បំភិត​បំភ័យ​ដល់​អ្នក​សារព័ត៌មាន​ទាំង​អស់​នៅ​កម្ពុជា ជា​ពិសេស​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី ដែល​ខ្លះ​មិន​ហ៊ាន​បន្ត​អាជីព​ជា​អ្នក​សារព័ត៌មាន ហើយ​អ្នក​ខ្លះ​ទៀត​បន្ត​លាក់​ខ្លួន ដោយ​សារ​ភាព​ភ័យ​ខ្លាច​។

ស្រដៀង​នឹង​ខេមបូចា​ដែរ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​Human Rights Watch យល់​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជាហាក់ដូចជាមានចេតនាប្រើប្រាស់ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន​ក្នុង​ករណី​អតីត​អ្នក​កាសែត​អាស៊ី​សេរី​នេះ ជាការព្រមានដល់អ្នកសារព័ត៌មានឯករាជ្យផ្សេងទៀត។

ចំណែក​អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) វិញ បាន​សម្ដែង​ការ​សោក​ស្ដាយ ដែល​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​រូប នៅ​តែ​ជាប់​ចោទ និងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់​តុលាការ ខណៈ​មិន​មាន​ភស្ដុតាង​គ្រប់គ្រាន់ យក​មក​ចោទ​ប្រកាន់លើ​អ្នក​ទំាង​ពីរ​។

ស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញវិញ នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ បានស្នើ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​អ្នក​សារព័ត៌មាន​ទាំង ២ រូប​នេះ ហើយ​ផ្តល់​ឲ្យ​ពួក​គេ​វិញ​នូវ​សិទ្ធិ និង​សេរី​ភាព​ពេញ​លេញ​របស់​គេ នឹង​កែ​តម្រូវ​ឡើង​វិញ​នូវ​អំពើ​អយុត្តិ​ធម៌ គោរព​តាម​រដ្ឋ​ធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា ហើយ​ជា​សញ្ញា​នៃ​ការ​ប្តេជ្ញា​ចិត្ត​ចាំបាច់​ចំពោះ​តួនាទី​ដ៏​មាន​សារៈ​សំខាន់​នៃ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ នៅ​ក្នុង​ប្រទេស​ប្រជា​ធិបតេយ្យ​។

លោក យាង សុធារិន្ទ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ថា​រយៈ​ពេល​២ឆ្នាំ​មក​នេះ តុលា​ការ​មិន​បាន​រក​ឃើញ​អ្វី​មក​ដាក់​បន្ទុក​លើ​ពួក​លោក​នៅ​ឡើយ​ទេ ដូច្នេះ​លោក​ស្នើ​ឲ្យ​តុលា​ការ​ដោះ​លែង​ពួក​លោក​ឲ្យ​មាន​សេរី​ភាព​ឡើង​វិញ ដើម្បី​ពួក​លោក​អាច​ប្រកប​មុខ​របរ​វិជ្ជា​ជីវៈ ដែល​ខ្លួន​ស្រឡាញ់ និង​ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​របស់​លោក​រស់​នៅ​ផុត​ពី​ការ​ព្រួយ​បារម្ភ​និង​ភិត​ភ័យ ជុំវិញ​សំណុំ​រឿង​របស់​លោក​។

សូម​ជម្រាប​ជូន​ថា លោក​ យាង សុធារិន្ទ និងលោក អ៊ួន​ ឈិន ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន កាល​ពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោម​ការ​ចោទ​ប្រកាន់​ពី បទ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍ ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ និង បទ​ផលិត និង​កាន់​កាប់​រូប​ភាព​អាស​អាភាស​។ កាល​ពី​ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ តុលា​ការ​បាន​ប្រកាស​បើក​ការ​ស៊ើប​អង្កេត​ឡើង​វិញ​លើ​សំណុំ​រឿង​របស់​ពួក​លោក​ទាំង​ពីរ ដោយ​មិន​បាន​កំណត់​ពេល​វេលា​ច្បាស់​លាស់​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ