ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 06/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 06/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 06/12 12h00 GMT
កម្ពុជា

​តុលាការ​បដិសេធ បណ្តឹង​ឧទ្ធរណ៍​ករណី​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ទាំង ២នាក់​

media  
លោក យាង សុជាមេត្តា និង​ លោក អ៊ួន ឈិន (រូបភាពឯកសារ) @RFI

សាលា​ឧទ្ធរណ៍​ នៅព្រឹក​ថ្ងៃទី ២១ខែមិថុនានេះ បាន​បដិសេធ​បណ្តឹងឧទ្ធរណ៍ ​ទម្លាក់ចោលបទចោទប្រកាន់ និងបញ្ចប់ការដាក់ឱ្យស្ថិតនៅក្រោមការតាមដានរបស់តុលាការ លើ​អតីត​អ្នក​កាសែតវិទ្យុអាស៊ីសេរី (RFA) ទាំង ២នាក់ គឺលោក អ៊ួន ឈិន និង​លោក​យាង សុធារិន ហៅ​ យាង សុជាមេត្តា។ មេធាវីការពារក្តី​ឲ្យ​អតីតអ្នក​សារព័ត៌មានទាំង ២រូប បាន​អះអាងថា លទ្ធផល​នេះ គឺអាច​បើ​ក​ផ្លូវ​ឲ្យ​មានការ​ប្តឹងសារទុក​ទៅតុលាការ​កំពូលបានតាម​ក្រម​នីតិវិធី ប៉ុន្តែលោក នឹង​ពិភាក្សា​បន្ត​ជាមួយកូន​ក្តីសិន។ 

ក្រោយ​បញ្ចប់​សវនាការ​ពេញមួយព្រឹក ថ្ងៃសុក្រ ទី ២១ខែមិថុនានេះ មេធាវីការ​ពា​រក្តី ឲ្យលោក​អ៊ួន ឈិន និង​លោក យាង សុធារិន ហៅ យាង សុជាមេត្តា គឺលោក​មេធាវី សំ ចំរើន បាន​លើកឡើង​ថា តុលាការ បាន​សម្រេចថា «ប្តឹងឧទ្ធរណ៍មិនអាចទទួលយកបាន» ឬ មានន័យថា តុលាការ​បដិសេធ​បណ្តឹង​ឧទ្ធរណ៍ របស់​​កូន​ក្តី​​លោក។

សូម​បញ្ជាក់ថា មេធាវីការពារក្តី​ឲ្យ​លោក អ៊ួន ឈិន និង​លោក​យាង សុធារិន បាន​ប្តឹងឧទ្ធរណ៍លើ​បញ្ហា​សំខាន់​ចំនួន ២ គឺទី១ ប្តឹង​សុំ​ទាមទារឲ្យ​​ប្រគល់​នៅ​វត្ថុ​ចាប់យក។ និងទី២ គឺប្តឹង​សុំ​ឲ្យ​លុប​ចោល​ការ​ដាក់​ឲ្យ​ស្ថិតនៅ​ក្រោម​ការត្រួតពិនិត្យ ២ចំនុច ដែល​ហាម​មិន​ឲ្យ​កូនក្តីទាំង ២នាក់​ចេញ​ទៅក្រៅប្រទេស និ​ងមួយទៀត គឺការតម្រូវ​ឲ្យ​កូន​ក្តីទាំង ២នាក់ ទៅបង្ហាញ​ខ្លួន​នៅមុខ​សមត្ថកិច្ច​ ១ខែម្តង។

សូម​រម្លឹកជូនថា អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី លោក អ៊ួន ឈិន និង​លោក យាង សុធារិន ហៅ យាង សុជាមេត្តា ត្រូវ​បាន​អាជ្ញាធរ ចាប់​ខ្លួន​ កាលពីពាក់កណ្តាល​ខែវិច្ឆិកា ឆ្នាំ ២០១៧ រួម​ទាំង​រឹបអូស​យក​សម្ភារៈមួយ​ចំនួន ដោយ​ចោទ​ថា​បង្កើត​ស្ទូឌីយូថតចម្រៀង​គ្មានការ​អនុញ្ញាត។

បន្ទាប់​មក​ ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ បាន​ចោទ​ប្រកាន់អ្នក​ទាំង ២​ពី​បទ «ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍ ដែល​បង្ក​ឲ្យ​មាន​ការ​អន្តរាយ​ដល់​ការការពារ​ជាតិ​» តាម​មាត្រា ៤៤៥ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។ ក្រោយ​ការ​ចាប់​ឃុំខ្លួន​ក្នុងពន្ធនាគារ ប្រមាណជាង ៩ខែ អ្នក​ទាំង ២ ត្រូវបាន​ដោះ​លែងឲ្យ​នៅក្រៅឃុំ​បណ្តោះអាសន្ន កាលពីចុងខែសីហា។

លោក អួន ឈិន និងលោកយាង សុធារិន ធ្លាប់​លើក​ឡើងថា ទោះបីជា​ស្ថិតនៅ​ក្រៅឃុំមែន ប៉ុន្តែពួកលោក​ នៅ​តែ​ពិបាកក្នុងការរស់នៅ និងមិនអាចបំពេញការងារជាអ្នកសារព័ត៌មានបន្តទៀត។

ជាកា​រកត់សម្គាល់ នៅ​មុន​ថ្ងៃ​បើក​សវនាការ​មួយ​ថ្ងៃ មាន​ក្រុម​អ្នក​សារព័ត៌មានប្រមាណ ៥០នាក់ បាន​ផ្ញើ​លិខិត​ចំហ​ជូន​ដល់​ប្រធាន​សាលា​ឧទ្ធរណ៍ ស្នើ​សុំ​ឲ្យ​ទម្លាក់​រាល់​ការចោទប្រកាន់​លើ​អ្នក​សារព័ត៌មានទាំង ២នាក់ ដោយ​លើកឡើងថា នេះ​គឺ​ជា​ការ​ចោទ​ប្រកាន់​ដ៏​ធ្ងន់ធ្ងរ ដែល​កំពុង​បង្ក​ភាព​ភ័យ​ខ្លាច​ដល់​អ្នក​សារព័ត៌មាន​ ដែល​កំពុង​បំពេញ​វិជ្ជា​ជីវៈ និង​ធ្វើ​ឱ្យ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជាធ្លាក់​ចុះ។ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្ដរជាតិ Human Rights Watch ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ដោយ​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​អតីត​អ្នកកាសែត​វិទ្យុអាស៊ីសេរី​ពីររូប និង​បញ្ឈប់​ការ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​បន្ត​ទៀត​ផង​ដែរ​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ