អានតួអត្ថបទ
កម្ពុជា

ហ្វេសប៊ុក​​វិទ្យុ​​បារាំង-ខេមរភាសា​ មាន​​​អ្នក​​ចុច Likes លើស ៣​​លាន​​នាក់​ !

បណ្តាញ​​សង្គម​​ហ្វេសប៊ុក របស់ វិទ្យុ​បារាំង​​អន្តរជាតិ ផ្សាយ​​ជា ខេមរ​ភាសា (www.facebook.com/RFIKhmer) កាល​​ពី​ថ្ងៃ​ទី​​១៨ ខែ​​មេសា បាន​​កើន​​ចំនួន​​អ្នក​​ចុច Likes លើស ៣​លាន ហើយ​​ ! បើ​​តាម គេហ​ទំព័រ​​វិភាគ​​បណ្តាញ​សង្គម​ហ្វេសប៊ុក ក្នុង​​ចំណោម​​អ្នក​ប្រើប្រាស់​​ហ្វេសប៊ុក​​នៅ​​កម្ពុជា សរុប​​ជាង ៤​​លាន​​៨​​សែន មាន អ្នក​​ចុច Likes ហ្វេស​ប៊ុក វិទ្យុ​​បារាំង-ខេមរភាសា​ ជាង ២​​លាន​​៤​​សែន ឬ ស្មើ​​នឹង ពាក់​​កណ្តាល​​នៃ អ្នក​​ប្រើប្រាស់​​ហ្វេសប៊ុក​​ទាំង​អស់​ នៅ​កម្ពុជា​​។

គេហទំព័រវិភាគបណ្តាញសង្គមហ្វេសប៊ុក បង្ហាញថា ចំណោម​អ្នកចុច Likes ហ្វេសប៊ុក​ វិទ្យុបារាំង ជាង ៣លាន ភាគច្រើនលើសលប់ គឺជា អ្នកប្រើប្រាស់ហ្វេសប៊ុក នៅកម្ពុជា។
គេហទំព័រវិភាគបណ្តាញសង្គមហ្វេសប៊ុក បង្ហាញថា ចំណោម​អ្នកចុច Likes ហ្វេសប៊ុក​ វិទ្យុបារាំង ជាង ៣លាន ភាគច្រើនលើសលប់ គឺជា អ្នកប្រើប្រាស់ហ្វេសប៊ុក នៅកម្ពុជា។ @RFI
ផ្សាយពាណិជ្ជកម្ម

វិទ្យុ​​បារាំង​​អន្តរជាតិ (Radio France Internationale - RFI) ត្រូវ​​បាន​​​​បង្កើត​​ឡើង​​ដំបូង ក្នុង​ឆ្នាំ​១៩៧៥​​។ បច្ចុប្បន្ន​​វិទ្យុ RFI ផ្សាយ​ ២៤​​ម៉ោង​​ក្នុង​​មួយ​​ថ្ងៃ ជា​​ភាសាបារាំង និង​​១៤​ ភាសា​ផ្សេង​ទៀត ក្នុង​​នោះ​​រួម​​ទាំង ខេមរភាសា​​ផង​​ដែរ​​។

រី​ឯ វិទ្យុ​​បារាំង​​អន្តរជាតិ​​ជា​​ភាសា​ខ្មែរ​​វិញ​ បាន​ផ្តើម​ឡើង​នៅ​ឆ្នាំ​១៩៩៣ ផ្សាយ​មួយ​ថ្ងៃ​មួយ​ម៉ោង​ រហូត​ដល់​ឆ្នាំ​២០១៣ ពី​​ទីក្រុង​បារីស ប្រទេស​បារាំង​។ ក្រោយ​មក​ទៀត គឺ នៅ​ខែ​មិថុនា ឆ្នាំ​២០១៣ វិទ្យុ​ RFI ជា​ភាសា​ខ្មែរ បាន​មក​ដាក់​ទីតាំង​ផ្សាយ​ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា តែ​ម្តង តាម​រលក​ធាតុ​អាកាស FM 92 MHz នៅ​ភ្នំពេញ និង​សៀមរាប និង FM 94.5 MHz នៅ​បាត់ដំបង កំពង់ចាម និង​ទីក្រុង​ព្រះសីហនុ​។

បើ​តាម​ការ​ស្ទង់​មតិ​មួយ​ ផ្តួច​ផ្តើម​ឡើង​ដោយ វិទ្យុ​បារាំង​អន្តរជាតិ RFI ផ្ទាល់ នៅ​ដើម​ឆ្នាំ​២០១៤ ការ​ផ្សាយ​ជា ខេមរ​ភាសា របស់ វិទ្យុ​RFI មាន​អ្នក​ស្តាប់​យ៉ាង​ទៀង​ទាត់ ប្រមាណ​មួយ​លាន​នាក់ ក្នុង​មួយ​សប្តាហ៍​។ ដោយ​ឡែ​ក​ នៅ​ឆ្នាំ​២០១៤​ដដែល​នោះ  ទំព័រ​ហ្វេសប៊ុក​របស់ វិទ្យុ​បារាំង-ខេមរភាសា មាន​អ្នកចុច Likes ជាង​ ៧៥​ម៉ឺន​នាក់​ប៉ុណ្ណោះ​។ បី​ឆ្នាំ​ក្រោយ​មក ពោល​គឺ ក្នុង​ខែ​មេសា ឆ្នាំ​២០១៧​នេះ អ្នក​ចុច Likes បាន​កើន​ឡើងលើស ៣​លាន​នាក់  ហើយ​បន្ថែម​ពី​នេះ រាល់​អត្ថបទ ដែល​បាន​ផ្សព្វផ្សាយ​នៅ​លើ ហ្វេសប៊ុក វិទ្យុ​បារាំង​-ខេមរភាសា​ បាន​ប៉ះពាល់ និង​បាន​ទៅ​ដល់ អ្នក​​ប្រើប្រាស់​​ហ្វេសប៊ុក ជិត ៤​លាន​នាក់ ​ក្នុង​មួយ​សប្តាហ៍​។

អត្តសញ្ញាណ​របស់ វិទ្យុ​បារាំង​-​ខេ​មរ​ភាសា គឺ​ ព័ត៌មាន ! កម្មវិធី​ព័ត៌មាន​ដែល​សំខាន់​ជាង​គេ គឺ​ពេ​ល​ព្រឹក ពី​ម៉ោង​៧ ដល់​ម៉ោង​៨ ថ្ងៃ​រសៀល​ពីម៉ោង​១ ដល់​ម៉ោង​២ និង​ពេល​យប់​ពី ម៉ោង​៧ ដល់​ម៉ោង​៨​​។ លើស​ពី​នេះ​ទៅ​ទៀត រៀង​រាល់​មួយ​ម៉ោង​ម្តង វិទ្យុ​បារាំង​-​ខេមរ​ភាសា មាន​ផ្សាយ​ព័ត៌មាន​ខ្លី ទាន់​ហេតុការណ៍ ទាំង​ជាតិ និង​ទាំង​អន្តរជាតិ​។ វិទ្យុ​បារាំង-ខេមរ​ភាសា ក៏​ផ្សព្វ​ផ្សាយ​ ក្នុង​គោលដៅ​ផ្តល់​ចំណេះដឹង ទាក់ទង​នឹង​ព្រឹត្តការណ៍​ព័ត៌មាន​ជាតិ​-​អន្តរ​ជាតិ​ថ្មីៗ​ទាន់​ហេតុការណ៍​ បទ​យក​ការណ៍ បទ​វិភាគ អំពី​ភូមិសាស្រ្ត​នយោបាយ ប្រវត្តិ​សាស្រ្ត​ខ្មែ​រ​-​ពិភព​លោក អក្សរ​សិល្ប៍​ខ្មែរ​-​អក្សរសិល្ប៍​​បារាំង​ សុខភាព​-​អនាម័យ ​។​ល​។​​និង​។​ល​។​

អ្នក​សារ​ព័ត៌មាន​របស់ វិទ្យុ​បារាំង​-​ខេមរ​ភាសា​ មាន​ពីរ​ក្រុម និង​បុគ្គលិក​ទាំងអស់​ជាង ៣០​នាក់​។ មួយ​ក្រុម​ នៅ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង ចាត់​ចែង​ព័ត៌មាន​អន្តរជាតិ​ និង​មួយ​ក្រុម​ទៀត​ នៅ​ទី​ក្រុង​ភ្នំពេញ​ ប្រទេស​កម្ពុជា​ តាម​ដាន​ជា​ពិសេស​​ព្រឹត្តិការណ៍​ព័ត៌មាន​ជាតិ​។​

គួរ​ជម្រាប​ថា តាម​គេហទំព័រ តាម​ដាន​បណ្តាញ​សង្គម Geeks in Cambodia នៅ​ប្រទេស​កម្ពុជា មាន​អ្នក​ប្រើប្រាស់​ហ្វេស​ប៊ុក ប្រមាណ​ជាង ៤​លាន​៨​សែន គិត​ត្រឹម​ដើម​ឆ្នាំ​២០១៧​។ តាម​គេហទំព័រ​វិភាគ​បណ្តាញ​សង្គម Socialbakers បាន​បង្ហាញ​ថា ក្នុង​ចំណោម​អ្នក​ចុច Likes ហ្វេស​ប៊ុក វិទ្យុ​បារាំង​-​ខេមរ​ភាសា ជាង ៣​លាន​នោះ អ្នក​ចុច Likes ជាង ២​លាន​៤​សែន ឬ ស្មើ​នឹង ៨០% គឺ​ជា អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក នៅ​ក​ម្ពុជា ហើយ អ្នក​​ចូលចិត្ត តាម​ដាន ​​គាំ​ទ្រ បន្ត​បន្ទាប់​ទៀត គឺ​ជា អ្នក​ប្រើប្រាស់​ហ្វេសប៊ុក នៅ​ក្នុង​ប្រទេស​វៀតណាម ថៃ ភូមា  សហរដ្ឋ​អាមេរិក​ជាដើម​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ