អានតួអត្ថបទ
កម្ពុជា-អាកាសធាតុ

ព្រះសីហនុ​ភ្លៀង​ធ្លាក់​ខ្លាំង តែ​ខេត្ត​ថា មិន​ប៉ះ​ពាល់​ការ​ប្រឡង​ថ្ងៃ​ស្អែក​ឡើយ

ពី​ខេត្ត​ព្រះសីហនុ​មាន​សេចក្ដី​រាយការណ៍​មក​ថា នៅ​ថ្ងៃ​នេះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​មជ្ឈដ្ឋាន​ទូទៅ​បារម្ភ​ខ្លាច​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​ប្រឡង​បាក់​ឌុប​នៅ​ថ្ងៃ​ស្អែក។ កង្វល់នេះ​ត្រូវ​បាន​លោក​អភិបាលខេត្ត យន្ត មីន គូស​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​នៅ​មុន​នេះ​បន្តិច​ថា មាន​ផល​ប៉ះ​ពាល់​តិច​តួច​ដែរ តែ​មិន​ធំ​ដុំ​ប៉ុន្មាន​ទេ ព្រោះ​ខេត្ត​បាន​ត្រៀម​បង្ការ​ទុក​ជា​មុន​។

រូបភាពតំណាង៖ សិស្សបាក់ឌុបកាលពីឆ្នាំទៅ
រូបភាពតំណាង៖ សិស្សបាក់ឌុបកាលពីឆ្នាំទៅ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ខេត្ត​ព្រះសីហនុ​មាន​មណ្ឌល​ប្រឡង​ចំនួន​៤ និង​មាន​បេក្ខជន​ប្រឡង​ជាង​មួយ​ពាន់ប្រាំ​ពីរ​រយ​នាក់។ ប្រឈម​នឹង​ស្ថានភាព​ភ្លៀង​ធ្លាក់​នេះ​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ទទួល​ស្គាល់​ថា បេក្ខជន​ប្រឡង​អាច​លំបាក់​ពេល ធ្វើ​ដំណើរ​បន្តិច ប៉ុន្តែ​បើនិយាយ​ពី​រូបភាព​នៃ​ផល​ប៉ះ​ពាល់​ធំ​ដុំ​មិន​សូវ​ជា​ធ្ងន់​ធ្ងរ​ប៉ុន្មាន​ទេ។ មិន​ធ្ងន់​ធ្ងរ​ដោយ​សារខេត្ត​បាន​ត្រៀម​បង្ការ​ទុក​ជា​ស្រេច​ដូច​ជាៈ បន្ទប់​ប្រឡង​គ្មាន​ការ​បាក់​បែក ឬ​លេច​ធ្លាយពី​លើ​ដំបូល។ បញ្ហា​អគ្គិសនី​ត្រូវ​បាន​ត​ភ្ជាប់​ដោយ​សុវត្ថិ​ភាព ។ ចំណែក​បន្ទប់​ទឹក​ក៏​មាន​អនាម័​យ​​គ្រប់​គ្រាន់។ បើតាម លោក យន្ត មីន តាំង​ពី​ព្រឹក​ព្រលឹម​មក​ភ្លៀង​នៅ​តែ​បន្តធ្លាក់​។ ​ស្ថាន​ភាព​ភ្លៀង​ធ្លាក់​នេះ​កើត​មាន​ឡើង​តាំង​ពី​ថ្ងៃ​ទី​១៦​សីហា​មក​ម្លេះ។

និយាយ​ពី​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស​ចំពោះ​បញ្ហា​អាកាស​ធាតុ​នេះ​ដែរ រដ្ឋមន្រ្តី​ក្រសួងអប់រំ​លោក ហង់ ជួនណារ៉ុន បាន​គូស​បញ្ជាក់​ថា ក្រសួង​បាន​សហការ​ជា​មួយ​ខេត្ត​ចុះទៅ​ត្រួត​ពិនិត្យ​រួច​រាល់​ហើយ ចំពោះ​ដំបូល​អគារ​នៃ​បន្ទប់​ប្រឡង​កុំ​ឲ្យ​មាន​ការ​ធ្លុះ​ធ្លាយលិច​ទឹក​ដែល​បណ្ដាល​មក​ពី​ទឹក​ភ្លៀង។ បើ​តាម​លោក​រដ្ឋ​មន្ត្រី​នៅ​ទូទាំង​ប្រទេស​មានមណ្ឌល​ប្រឡង​១៧០​មណ្ឌល។ ក្នុង​នោះ​ការ​ជួស​ជុល​នៅ​២​ឆ្នាំ​ចុង​ក្រោយ​នេះ​សម្រេចបាន​ចំនួន​១០០​មណ្ឌល​ហើយ សល់​ពី​នេះ​កំពុង​ធ្វើ​ការ​ជួស​ជុល។

សូមបញ្ជាក់ថា បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ (បាក់ឌុប) នៅ​ក្នុង​ឆ្នាំ២០១៧​នេះ មាន​ចំនួន​សរុប ១០៣,១១២នាក់ ដែល​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​មុន ប្រមាណ​ជាង ៩​ពាន់​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៦។

ដោយ​ឡែក​យាយ​ពី​ស្ថានភាព​ទូទៅ​នៅ​ខេត្ត​ព្រះសីហនុ​លោក យន្ត មីន បាន​គូសបញ្ជាក់​ថា ប្រជានេសាទ​បាន​ផ្អាក​សកម្មភាព​របស់​ខ្លួន​មួយ​រយៈ​សិន ឬ​ក៏​មួយ​ចំនួនទៀត​បន្ត​ស​កម្មភាព​ធម្មតា​ទៅ​តាម​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន។ ចំពោះ​ភ្ញៀវ​ទេសចរណ៍​វិញ ទាំង​ជាតិ​និង​អន្តរ​ជាតិ​នៅ​តែ​មាន​ដំណើរ​កំសាន្ត​ធម្មតា។ ប៉ុន្តែ​អាជ្ញាធរ​បាន​ក្រើន​រំលឹកឲ្យ​ពួក​គេ​មាន​ភាព​ប្រុង​ប្រយ័ត្ន​ផង​ដែរ នៅ​ក្នុង​ចេញ​ដំណើរ​ទៅ​លេង​កោះ​ផ្សេងៗ​ក្នុងខេត្ត​ព្រះសីហនុ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ