ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/09 12h00 GMT
កម្ពុជា

អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ទាំង ២​នាក់ ប្រឈម​នឹង​បទ​ចោទ​ប្រកាន់​ដែល​អាច​ជាប់​ពន្ធនាគារ​ពី ៧ ទៅ ១៥​ឆ្នាំ

media  
លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា គឺជាអតីតបុគ្គលិកវិទ្យុអាស៊ីសេរី @សហការី

អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី ២​រូប​ ​គឺ​លោក​ អ៊ួន ឈិន និង​លោក​ យាង សុធារិន ឬ យាង សុជាមេត្តា អាច​ត្រូវ​ចោទ​ប្រកាន់​តាម​មាត្រា ៤៤៥ ដែល​អាច​ប្រឈម​នឹង​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ ពី ៧ ទៅ ១៥​ឆ្នាំ ក្រោយ​ពេល​រូប​លោក​ទាំង ២ ត្រូវ​បាន​សមត្ថកិច្ច​ បញ្ជូន​ខ្លួន​ដល់​តុលាការ​ក្រុង​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ពុធ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក​ស្នង​ការ​រង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​នេះ។

លោក​ ស៊ឹម វុទ្ធី ស្នង​ការ​រង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ថា អតីត​អ្នក​សារព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​ទាំង ២ រូប ដែល​ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី ១៤​វិច្ឆិកា ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ​រួច​រាល់​ហើយ នៅ​រសៀល​ថ្ងៃ​ទី ១៦​វិច្ឆិកា​នេះ។ តាម​លោក ស៊ឹម រុទ្ធី អតីត​អ្នក​សារព័ត៌មាន​ទាំង ២​រូប​នេះ នឹង​ត្រូវ​ចោទ​ប្រកាន់​ពី​បទ «ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន ជា​អាទិ៍​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ការ​ការពារជាតិ» ស្រប​តាម​មាត្រា ៤៤៥ នៃ​រដ្ឋ​ធម្មនុញ្ញា​របស់​កម្ពុជា។

មាត្រា​ ៤៤៥ បាន​ចែង​ថា អំពើ​ប្រគល់ ឬ ​ធ្វើ​ឲ្យ​ងាយ​ស្រួល​ធ្លាក់​ដល់​ដៃ​រដ្ឋ​បរទេស ឬ ភ្នាក់ងារ​បរទេស​នូវ​ព័ត៌មាន​ វិធី វត្ថុ ឯកសារ ទិន្នន័យ​ព័ត៌មាន​វិទ្យា ឬ សលាកបត្រ​ដែល​អាច​ធ្វើឲ្យ​អន្តរាយ​ការ​ការពារ​ជាតិ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ ពី ៧​ឆ្នាំ ទៅ ១៥ឆ្នាំ។

សូម​រម្លឹក​ជូន​ថា អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ទាំង ២​រូប ត្រូវ​បាន​អាជ្ញាធរ​ខ័ណ្ឌ​មាន​ជ័យ​ឃាត់​ខ្លួន កាល​ពី​យប់​ថ្ងៃ​ទី ១៤ វិច្ឆិកា នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​ឈ្មោះ ម៉ារឌី​ ស្ថិត​នៅ​ក្បែរ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ក្រុង​ភ្នំពេញ ដោយ​សង្ស័យ​ថា ពួក​គាត់ បាន​លួច​ដំឡើង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដោយ​ខុស​ច្បាប់ និង​លួច​ផលិត​ព័ត៌មាន​បញ្ជូន​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​វិទ្យុ​អាស៊ី​សេរី​ ដែល​ស្ថិត​នៅ​ទី​ក្រុង​វ៉ាស៊ីនតោន​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​បើ​ផ្អែក​តាម​ចម្លើយ​របស់​លោក អ៊ួន ឈិន គឺ​លោក​បាន​ជួល​បន្ទប់​សណ្ឋាគារ ក្នុង​១​ខែ តំលៃ ២០០​ដុល្លារ​អាមេរិក​នេះ គឺ​គ្រាន់​តែ​ដើម្បី​បើក​អាជីវកម្ម​​តម្លើង​ស្ទូឌីយោ​ផលិត​បទ​ចម្រៀង​លក់ ថត​វីដេអូ ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍ ឬ ពិធី​បុណ្យ​ផ្សេងៗ​តែ​ប៉ុណ្ណោះ។ លោក អ៊ួន ឈិន បាន​បដិសេធ​ថា លោក​មិន​បាន​បម្រើ​វិទ្យុ​អាស៊ី​សេរី​ទៀត​ទេ បន្ទាប់​ពី​ការិយាល័យ​ប្រចាំ​រាជធានី​ភ្នំពេញ​របស់​វិទ្យុ​នេះ ត្រូវ​បាន​ប្រកាស​ឈប់​ផ្សាយ កាល​ពី​ថ្ងៃ​ទី ១២​ខែ​កញ្ញា ឆ្នាំ ២០១៧​មក។

​វិទ្យុ​អាស៊ី​សេរី នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ណា​មួយ​ជា​ផ្លូវ​ការ​នៅ​ឡើយ​ជុំវិញ​រឿង​នេះ​ ដោយ​គ្រាន់​តែ​បង្ហាញ​ក្នុង​ទំព័រ​បណ្តាញ​សង្គម​របស់​ខ្លួន​ ក្នុង​ន័យ​សង្ឃឹម​ « អ្នក​ទាំង​ពីរ​នឹង​ទទួល​បាន​នូវ​យុត្តិធម៌»។ យ៉ាង​ណា​ក៏​ដោយ បើ​តាម​សម្រង់​សម្តី​ពី​ភ្នំពេញ​ប៉ុស្តិ៍ ​របស់​អ្នក​នាំ​ពាក្យ​វិទ្យុ​អាស៊ី​សេរី នៅ​ទីក្រុង​វ៉ាស៊ីន​តោន លោក Rohit Mohajan បាន​សម្តែង​ការ​ព្រួយ​បារម្ភ ហើយ​បញ្ជាក់​ថា នេះ​គឺ​ជា «ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ទៅ​លើ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី»៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ