អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ទទួល​ឈុត​គ្រឿង​អលង្ការ​មាស​សម័យ​អង្គរ ពី​ភ្នាក់​ងារ​លក់​វត្ថុ​បុរាណ​អង់គ្លេស​

តំណាង​ភ្នាក់ងារ​លក់​វត្ថុបុរាណ Johnathan Tucker Antonia Tozer Asian Art នៅ​ទីក្រុងឡុងដ៍ កាល​ពី​​ថ្ងៃ​ទី​២០ ខែ​មេសា បាន​ស្មគ្រ​ចិត្ត​ប្រគល់ ឈុត​គ្រឿង​អលង្ការ​មាស ចំនួន ១០មុខ របស់​ខ្មែរ នា​សម័យ​អង្គរ​​ ជូន​រាជ​រដ្ឋាភិបាល​កម្ពុជា តាម​រយះ​ស្ថាន​ឯក​អគ្គ​​រាជ​ទូត​កម្ពុជា ប្រចាំ​ចក្រ​ភព​អង់គ្លេស​។ បើ​តាម​​ អ្នក​នាំ​ពា​ក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ រាជ​រដ្ឋា​ភិបាល​កម្ពុជា​ កំពុង​បន្ត​នីតិ​វិធី​វេច​ខ្ចប់​ ហើយ​នឹង​បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ ក្នុង​ពេល​ឆាប់​ៗ ដើម្បី​តម្កល់​ទុក ឈុត​គ្រឿង​អលង្ការ​មាស ទាំង​នោះ នៅ​ក្នុង​សារ​មន្ទីរ​ជាតិ​ នា​ទីក្រុង​ភ្នំពេញ​។

ឈុតគ្រឿងអលង្ការមាស ចំនួន ១០មុខ របស់ខ្មែរ នាសម័យអង្គរ ដែល អង់គ្លេស បាន​ប្រគល់​ជូន កម្ពុជា វិញ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
ឈុតគ្រឿងអលង្ការមាស ចំនួន ១០មុខ របស់ខ្មែរ នាសម័យអង្គរ ដែល អង់គ្លេស បាន​ប្រគល់​ជូន កម្ពុជា វិញ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ @RFI/Sopheak
ផ្សាយពាណិជ្ជកម្ម

លោក ថៃ នរៈសត្យា រដ្ឋលេខា​ធិការ និង​ជា អ្នក​នាំ​ពាក្យ ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ បានបញ្ជាក់ប្រាប់វិទ្យុបារាំង RFI នៅថ្ងៃសុក្រនេះថា ឈុតគ្រឿងអលង្ការមាស នាសម័យអង្គរ​ ដែល កម្ពុជា ​ទទួលបានពី ភ្នាក់ងារលក់វត្ថុបុរាណ Johnathan Tucker Antonia Tozer Asian Art  កាលពីថ្ងៃទី២០ ខែមេសា នៅទីក្រុងឡុងដ៍ មានចំនួន ១០មុខ រួមមាន ក្រវិលមាស ខ្សែកមាស រង្វង់មាសសម្រាប់ពាក់លម្អព្រះសិរ ដើមដៃ ចន្លោះពោះ-ដើមទ្រូង និងខ្សែក្រវ៉ាត់​មាស។  លោក​ បានបន្ថែមថា ឈុតគ្រឿងអលង្ការមាស ទាំងនេះ នឹង​បញ្ជូនមកកម្ពុជា ក្នុង​ពេល​ឆាប់ៗ​បន្ទាប់ពី បញ្ចប់​នីតិវិធី​វេចខ្ចប់ នៅប្រទេស​អង់គ្លេស ដើម្បី​យកមក​តម្កល់រក្សា​ទុក​នៅ​ក្នុងសារ​មន្ទីរជាតិ ប្រទេសកម្ពុជា។ ​

លោក ថៃ នរៈសត្យា បាន​ថ្លែង​ថា កាលពីថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ការប្រកាស​ដាក់​តាំងលក់ វត្ថុ​បុរាណ​​ឥណ្ឌា និង​អាស៊ី​អាគ្នេយ៍ របស់​ ភ្នាក់ងារ​លក់វត្ថុបុរាណ នៅទីក្រុង​ឡុងដ៍ (ចាប់ពី​ថ្ងៃទី​៣ ដល់ថ្ងៃទី​២៥ ខែ​វិច្ឆិកា ឆ្នាំ២០១៦) ដែល​ក្នុង​នោះ មាន​ ឈុតគ្រឿង​​អលង្ការមាស​​របស់​​ខ្មែរ ទើប ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ធ្វើការ​​ទាមទា​​ឲ្យ​ដក​ចេញ​​ពី​បញ្ជី​លក់ ហើយ​​ផ្តល់​សក្ខីកម្ម​​យ៉ាង​ច្បាស់​ថា វត្ថុបុរាណ​​ទាំងនោះ ជា​​កម្មសិទ្ធិ​​របស់ខ្មែរ តែមួយ​គត់​ ហើយ​ត្រូវបាន​​យកចេញ​ដោយខុស​ច្បាប់ពីកម្ពុជា។ ​ការ​ស្មគ្រ​ចិត្ត​​ប្រគល់​វត្ថុបុរាណ​ទាំង​នេះ មកកម្ពុជាវិញ គឺជា​កិច្ចប្រឹងប្រែង​របស់ រាជ​រដ្ឋាភិបាល​អង់គ្លេស កម្ពុជា ដើម្បី​រួមចំណែក​​លើកតម្កើង​ដល់​វប្បធម៌​នៃ​ជាតិខ្មែរ។

លោក​ចាត់ទុក​ថា នេះ​ជាលើកទីពីរ​ហើយ ដែល​កម្ពុជា ទទួល​បាន​មកវិញ​នូវ ទ្រព្យ​សម្បត្តិ​មហាសាល ពោលគឺ បន្ទាប់ពី​ទទួលបាន​ ព្រះ​សិរ​ព្រះ​ហរិហរៈ ពី ​សារមន្ទីរ​ជាតិ​​សិល្បៈ​អាស៊ី​ហ្គីមេ ប្រទេស​បារាំង ដែល​បែក​គ្នាពី ព្រះ​កាយ​ ​រក្សា​នៅ​កម្ពុជា ​អស់​រយៈ​ពេល​ ប្រមាណ​ជា ១៣០ឆ្នាំ ហើយទើប​​ត្រូវ​​បាន​រៀបចំ ពិធីត​ភ្ជាប់​​គ្នា​ឡើង​វិញ​​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៦។ រូប​បដិមា​​ព្រះ​ហរិហរៈ​ ជា​វត្ថុ​​សក្ការៈ​ និង​សិល្បៈ​​ដ៏​ប្រណីត​​របស់​ខ្មែរ ​ក្នុង​​រចនាប័ទ្ម​ ភ្នំ​ដា ​នា​​សតវត្សរ៍​​ទី​ ៦-៧​។

គួរ​ជម្រាប​ថា ចាប់​តាំង​​ពី​ឆ្នាំ​​២០១៣មក មាន ​រូប​បដិមា​​ចំនួន​​៦ ​ហើយ ​ដែល ​កម្ពុជា អាច​នាំ​​ត្រឡប់​មក​មាតុភូមិ​កម្ពុជា​វិញ ដោយ រូប​បដិមា ​ទាំង​នោះ រួម​មាន ​រូប​​បដិមា​ទុរយោទ្ធន៍ ដែល​បាន​​មក​ពី ​សារមន្ទីរ​ស៊ុតប៊ីស៍ (Sotheby) ក្រុង​ញ៉ូវយ៉ក។ រូប​បដិមា​ភីម មក​ពី​​សារមន្ទីរ ន័រតុន ស៊ីមុន (Norton Simon) ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា (California)។ រូប​បដិមា​ពលរាម មក​ពី​សារមន្ទីរ គ្រីសធី (Christie) ក្រុង​ញីវយ៉ក។ រូប​បដិមា ២​ទៀត ជា​ រូប​ទ្វារបាល ឬ​ឆ្មាំទ្វារ​លុតជង្គង់ ធ្វើ​អំពី​ថ្ម​ភក់ មក​ពី​សារមន្ទីរ ម៉េត្រូប៉ូលីថេន (Metropolitan ) ក្រុង​ញីវយ៉ក និង​​បដិមា​ហនុមាន បាន​មក​ពី ​សារមន្ទីរ​វិចិត្រ​សិល្បៈ ក្លីវវឺឡែន (Cleveland) ហើយ​​ចុង​ក្រោយ​នេះ គឺ​ ព្រះ​សិរ​ព្រះ​ហរិហរៈ ​មក​ពី​ សារមន្ទីរ​សិល្បៈ​អាស៊ី​ហ្គីម៉េ ប្រទេស​បារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ