ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/08 12h00 GMT
កម្ពុជា

លោក​ស្រី រ៉ូណា ស្មីត ជំរុញ​ឲ្យ​គណបក្ស​ធំ​ៗ​ទាំង​ពីរ វិល​មក​ពង្រឹង​វប្បធម៌​សន្ទនា​ឡើង​វិញ

media  
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកខាងសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោកស្រី រ៉ូ ណាស្មីត (Rohna Smith) បានជំរុញឲ្យគណបក្សធំៗទាំងពីរនៅក្នុងរដ្ឋសភា វិលមកពង្រឹងវប្បធម៌សន្ទនានឹងគ្នាឡើងវិញ។

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ខាង​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា លោក​ស្រី រ៉ូ ណាស្មីត (Rohna Smith) បាន​ជំរុញ​ឲ្យ​គណបក្ស​ធំ​ៗ​ទាំង​ពីរ​នៅ​ក្នុង​រដ្ឋសភា​ វិល​មក​ពង្រឹង​វប្បធម៌​សន្ទនា​នឹង​គ្នា​ឡើង​វិញ។ ការ​លើក​ឡើង​របស់​លោក​ស្រី​ស្មីត បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ជាមួយ​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា​លោក​ប្រាក់ សុខុន កាល​ពី​ព្រឹក​មិញ​នេះ។ សូម​បញ្ជាក់​ជូន​ថា វប្បធម៌​សន្ទនា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​​សង្រ្គោះ​ជាតិ ដែល​បង្កើត​ឡើង​ក្រោយ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៣ បាន​ជួប​ភាព​រអាក់​រអ៊ួល​ខ្លាំង​ ចាប់​តាំង​ពី​ក្រោយ​ខែ​កក្កដា ឆ្នាំ​២០១៥​មក។

ក្រៅ​ពី​ការ​លើក​ឡើង​ជា​ទូទៅ​ពី​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ ដែល​កម្ពុជា​ខ្លួន​ឯង​ត្រូវ​ការ​ការ​កែ​លម្អ​បន្ថែម​ទៀត​នោះ លោក​ស្រី រ៉ូណា ស្មីត​(Rohna Smith) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ខាង​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ក៏​បាន​ជំរុញ​ឲ្យ​គណបក្ស​ធំៗ​ទាំង​ពីរ​នៅ​កម្ពុជា វិល​មក​ពង្រឹង​វប្បធម៌​សន្ទនា​នឹង​គ្នា​ឡើង​វិញ។

វប្បធម៌​សន្ទនា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្រ្គោះ​ជាតិ ដែល​បាន​បង្កើត​ឡើង​ ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ ដែល​អូស​បន្លាយ​អស់​រយៈ​ពេល​ជាង​ ១ឆ្នាំ នៅ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៣​នោះ បាន​ជួប​ភាព​រអាក់​រអ៊ួល​ខ្លាំង ចាប់​តាំង​ពី​ក្រោយ​ខែ​កក្កដា ឆ្នាំ​២០១៥​មក ពោល​គឺ​បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​ដាក់​គុក​ឡើង​វិញ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ លោក ប្រាក់ សុខុន ទេសរដ្ឋ​មន្រ្តី រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ប្រាប់​ទៅ​កាន់​អ្នក​រាយការណ៍​ពិសេស​រូប​នេះ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​មែន​ជា​ឧបសគ្គ​នៃ​វប្បធម៌​សន្ទនា​នោះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ជុំ សុន្ទរី អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា។ បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ លោក ប្រាក់ សុខុន បាន​បញ្ជាក់​ទៅ​កាន់​អ្នក​រាយការណ៍​ពិសេស​រូប​នេះ​ថា ភ្ជាប់​ជាមួយ​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នេះ កម្ពុជា​ត្រូវ​ការ​ពង្រឹង​នីតិរដ្ឋ​ជា​ចាំបាច់ និង​មិន​អាច​ខ្វះ​បាន។

សូម​បញ្ជាក់​ថា ការ​ជួប​គ្នា​ចុង​ក្រោយ​ ដើម្បី​ពង្រឹង​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំង​ពីរ បាន​ធ្វើ​ឡើង​កាល​ពី​ពាក់​កណ្តាល​ខែ​កុម្ភៈ ឆ្នាំ​២០១៦ រវាង​ប្រធាន​ក្រុម​មតិ​ភាគ​ច្រើន​នៅ​ក្នុង​រដ្ឋសភា​ដឹក​នាំ​ដោយ​លោក ស ខេង និង​ប្រធាន​ក្រុម​មតិ​ភាគ​តិច​នៅ​ក្នុង​រដ្ឋសភា​ដឹកនាំ​ដោយ​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ។ ប៉ុន្តែ​ជំនួប​ដែល​កាល​ណោះ គឺ​គ្មាន​លទ្ធផល​លើ​រឿង​នយោបាយ ដែល​សកម្មជន​គណបក្ស​ប្រឆាំង​កំពុង​ជាប់​ពន្ធនាគារ​នោះ​ទេ។

គួរ​ជម្រាប​ជូន​ថា ការ​លើក​ឡើង​របស់​លោក​ស្រី រ៉ូ ណាស្មីត (Rohna Smith) បាន​ធ្វើ​ឡើង ខណៈ ដែល​អ្នក​រាយការណ៍​ពិសេស​រូប​នេះ កំពុង​បំពេញ​ទស្សនកិច្ច​ជា​លើក​ទី​៣ របស់​លោក​ស្រី​នៅ​កម្ពុជា ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នឹង​ត្រៀម​សរសេរ​ជា​របាយការណ៍​ជូន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ខែ​កញ្ញា​ឆ្នាំ​ ២០១៧ ខាង​មុខ។ ចាប់​តាំង​ពី​ថ្ងៃ​ទី​ ១០​តុលា​មក លោក​ស្រី​ស្មីត បាន​ជួបជាមួយ​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា, ប្រធាន​គណកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា លោក កែវ រ៉េមី, អភិបាលក្រុងភ្នំពេញលោក ប៉ា សុជាតិវង្ស, លោក វង សូត្រ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច រួមនឹងជួប​ជាមួយ លោក កឹម​ សុខា ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ និង​មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ។ លោក​ស្រី​ស្មីត​នឹង​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​ ២០​តុលា ហើយ​លោក​ស្រី នឹង​ធ្វើ​សន្និសីទ​កាសែត​មួយ ដើម្បី​សរុប​ឡើង​វិញ​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សន​កិច្ច​ជាលើក​ទី​៣​នៅ​កម្ពុជា​នេះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ