អានតួអត្ថបទ
កម្ពុជា

អ្នក​ជំនាញ​ការ អ.ស.ប អំពាវនាវ​ឲ្យ​ចាត់​វិធានការ​បន្ថែម​ទៀត ដើម្បី​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

លោក​ស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា ធ្វើ​កិច្ច​ការ​ឲ្យ​បាន​ច្រើន​ថែម​ទៀត ដើម្បី​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​នេះ។ ការ​អំពាវនាវ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​របាយការណ៍​របស់​លោក​ស្រី​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​សឺណែវ ប្រទេស​ស្វីស កាល​ពី​ថ្ងៃ​ទី ២៦ កញ្ញា។

លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា
លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា @Ministry of Environment
ផ្សាយពាណិជ្ជកម្ម

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ លោក​ស្រី​ រ៉ូណា ស្មីត (Rhona Smith) បាន​កត់​សំគាល់​ថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​នៅ​តែ​តាន​តឹង​នៅ​ឡើយ ជា​ពិសេស គឺ​ភាព​តាន​តឹង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច និង​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង។

នៅ​ក្នុង​របាយការណ៍​មួយ​ថ្លែង​ទៅ​កាន់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​លើក​ទី​៣៦ នៅ​ទីក្រុង​សឺណែវ ប្រទេស​ស្វីស លោក​ស្រី រ៉ូណា ស្មីត បាន​កោត​សរសើរ​ចំពោះ​ដំណើរ​ការ​បោះ​ឆ្នោត ឃុំ-សង្កាត់ នៅ​កម្ពុជា ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី ៤ មិថុនា ឆ្នាំ​២០១៧​ថា ហាក់​បាន​ធ្វើ​ឡើង​ដោយ​សន្តិវិធី​សម​ល្មម​ដែរ។ ប៉ុន្តែ​លោក​ស្រី​បាន​កត់​សំគាល់​បន្ថែម​ថា នៅ​ប៉ុន្មាន​សប្តាហ៍​មុន​ការ​បោះ​ឆ្នោត ហើយ​ជា​ពិសេស​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​នោះ រដ្ឋមន្រ្តី​មួយ​ចំនួន​នៃ​រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ​ដោយ​បាន​ប្រើ​ប្រាស់​វោហារស័ព្ទ​ដែល​មាន​ចរិត​លក្ខណៈ​ហិង្សា និង​គំរាម​កំហែង ហើយ​មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ការ​កែ​ប្រែ​បទ​ប្បញ្ញត្តិ​មួយ​ចំនួន​នៃ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ជា​អវិជ្ជមាន​ដល់​គណបក្ស​នយោបាយ​មួយ​ចំនួន។ លោក​ស្រី​បាន​ថ្លែង​ថា “ការ​ធ្លាក់​ចុះ​នៃ​លំហ​ប្រជាធិបតេយ្យ និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា គឺ​ជា​កង្វល់​ដ៏​ចម្បង​មួយ ដោយ​សារ​តែ​មាន​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជា​ច្រើន បាន​ទទួល​រង​នូវ​ការ​គំរាម​កំហែង ការ​យាយី​រំខាន ការ​ចាប់​ខ្លួន និង​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ក្នុង​រយៈ​ពេល​យូរ​ជា​ដើម។ បន្ថែម​លើ​នេះ លោក​ស្រី រ៉ូណា ស្មីត បាន​រិះ​គន់​រដ្ឋាភិបាល​ទៅ​លើ​ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ លោក កឹម សុខា រួម​ទាំង​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង ដែល​លោក​ស្រី ចាត់​ទុក​ថា គឺ​ជា​លើក​ទី​បួន​ហើយ ក្នុង​រយៈ​ពេល​២​ឆ្នាំ​មក​នេះ ដែល​យុទ្ធសាស្រ្ត​បែប​នេះ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ដើម្បី​ចាប់​ខ្លួន​អ្នក​តំណាង​រាស្រ្ត​នៅ​កម្ពុជា ហើយ​ជា​អ្វី​ដែល​លោក​ស្រី​បាន​ដាក់​ការ​មន្ទិល​សង្ស័យ​ពី​ភាព​ត្រឹម​ត្រូវ​និង​យុត្តិធម៌​នៃ​ការ​បោះ​ឆ្នោត​ជាតិ​ខាង​មុខ។

ឆ្លើយ​តប​នឹង​របាយការណ៍​នេះ លោក កាតា អន អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​រដ្ឋាភិបាល​កម្ពុជា​បាន​ច្រាន​ចោល​ចំពោះ​របាយការណ៍​នេះ និង​បាន​គាំទ្រ ការ​ថ្លែង​ការ​ពារ​របស់​តំណាង​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ។ លោក ណី សំអុល ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​បាន​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក​ស្រី រ៉ូណា ស្មីត ថា​លម្អៀង​ដែល​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​បង្ក​ឲ្យ​មាន​ហានិភ័យ​យ៉ាង​ធ្ងន់​ធ្ងរ ដល់​ភាព​ជឿ​ជាក់​លើ​ប្រព័ន្ធ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ទាំង​មូល​ផង។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ស្រី​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន អ្នក​ស្រី រ៉ូណា ស្មីត បាន​ផ្តល់​ក្តី​សង្ឃឹម​ថា អាជ្ញាធរ​កម្ពុជា​នឹង​ខិត​ខំ​ពង្រឹង​កិច្ច​ការពារ និង​លើក​កម្ពស់​សិទ្ធិ​មនុស្ស​នៅ​ទូ​ទាំង​ប្រទេស​បន្ថែម​ទៀត ដោយ​លោក​ស្រី​រំពឹង​ថា សេចក្តី​ថ្លែងការណ៍​បែប​ហិង្សា​នឹង​មិន​មាន​ទៀត​ឡើយ​នៅ​ក្នុង​ពេល​បោះ​ឆ្នោត​ជាតិ​ខាង​មុខ ហើយ​ថា សមិទ្ធិផល​ក្នុង​កិច្ច​ការពារ​សិទ្ធិ​មនុស្ស​ដែល​កម្ពុជា​សម្រេច​បាន​តាំង​ឆ្នាំ​១៩៩៣​មក នឹង​មិន​ត្រូវ​អន្តរាយ​នោះ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ