អានតួអត្ថបទ
កម្ពុជា

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា៖ កសិករ​កម្ពុជា​មិន​ទាន់​លក់​ស្រូវ​បាន​ស្រួល​នៅ​ឡើយ

ក្នុង​សន្និសីទ​កាសែត​ព្រឹក​នេះ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ពិនិត្យ​ឃើញ​ថា កសិករ​ជា​ច្រើន​នៅ​មិន​ទាន់​អាច​លក់​ស្រូវ​របស់​ខ្លួន​បាន​ស្រួល​នៅ​ឡើយ ហើយ​ស្ថានភាព​នេះ​នឹង​បន្ត​កាន់​តែ​ធ្ងន់​នៅ​ពេល ដែល​ការ​ប្រមូល​ស្រូវ​វស្សា​មក​ដល់​ក្នុង​ពេល​ខាង​មុខ។ ការ​រក​ឃើញ​នេះ គឺ​ក្រោយ​ពេល​រដ្ឋាភិបាល​កម្ពុជា​បាន​ជំរុញ​បន្ថែម​ទៀត​ឲ្យ​ប្រជាពលរដ្ឋ​ទិញ​អង្ករ​កម្ពុជា រួម​ទាំង​ការ​ចាត់​វិធាន​ការ​រយៈ​ពេល​ខ្លី ដើម្បី​ដោះស្រាយ​បញ្ហា​ធ្លាក់​ថ្លៃ។

សហព័ន្ធស្រូវអង្ករកម្ពុជាថា កសិករ​កម្ពុជា​មិន​ទាន់​លក់​ស្រូវ​បាន​ស្រួល​នៅ​ឡើយ​។
សហព័ន្ធស្រូវអង្ករកម្ពុជាថា កសិករ​កម្ពុជា​មិន​ទាន់​លក់​ស្រូវ​បាន​ស្រួល​នៅ​ឡើយ​។
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​ការ​រក​ឃើញ​ខាង​លើ​នេះ​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​នឹង​បង្កើត​យុទ្ធនាការ “ទិញ​ស្រូវ​កម្ពុជា ជួយ​កសិករ​កម្ពុជា” ដើម្បី​ជំរុញ​ឲ្យ​រោង​ម៉ាស៊ីន​កិន​ស្រូវ​ក៏​ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា​ចូល​រួម​ទិញ​ស្រូវ ដោយ​ផ្ទាល់​ពី​ប្រជា​កសិករ។ លោក​សុខ ពុទ្ធីវុធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ក្នុង​សិន្និសីទ​កាសែត ព្រឹក​ថ្ងៃ​ទី​ ៤ តុលា​បាន​ឲ្យ​ដឹង​ថា ការ​ចូលរួម​ទិញ​ស្រូវ​ពី​ប្រជាពលរដ្ឋ នឹង​បង្កើន​ទំនុក​ចិត្ត​ដល់​រោង​ម៉ាស៊ីន​កិន​ស្រូវ ហើយ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ កម្ពុជា​មិន​ចាំ​បាច់​ពឹង​ផ្អែក​លើ​ទីផ្សារ​ក្រៅ​ប្រទេស​ច្រើន​ពេក​ទេ ប៉ុន្តែ​ទីផ្សារ​ក្នុង​ស្រុក​ គឺ​គ្រប់​គ្រាន់​សម្រាប់​គ្រប់​គ្នា​ជួយ​ពង្រឹង។

លោក​សុខ ពុទ្ធីវុធ បាន​បញ្ជាក់​ថា​យុទ្ធនាការ ដែល​សហព័ន្ធ​ស្រូវ​អង្ករ​បង្កើត​ឡើង​នៅ​ពេល​នេះ គឺ​ជា​យុទ្ធនាការ​បន្ទាន់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​ធ្លាក់​ថ្លៃ​ស្រូវ​ក្នុង​ប្រទេស​កម្ពុជា ហើយ​លោក​បន្ថែម​ថា ការ​ជំរុញ​ឲ្យ​មហាជន និង​ម៉ាស៊ីន​កិន​ស្រូវ​ជួយ​ទិញ​ស្រូវ គឺ​ដើម្បី​ឲ្យ​តម្លៃ​ស្រូវ​កើន​ឡើង​វិញ ដែល​ធ្វើ​ឲ្យ​តម្លៃ​ស្រូវ​លើ​ទីផ្សារ​មាន​ស្ថេរភាព។

លោក​ស៊ឺ រ៉ានី ជា​តំណាង​សហគមន៍​កសិករ​បាន​ឲ្យ​ដឹង​ថា​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​ឲ្យ​ចូលរួម​ទិញ​អង្ករ​កាល​ពី​ពេល​កន្លង​ទៅ (ពិត​ជា) មាន​ការ​ជួយ​ទិញ​ច្រើន​មែន ប៉ុន្តែ​ពលរដ្ឋ​ផ្ទាល់​មិន​ទទួល​បាន​ភាគ​លាភ​នោះ​ទេ ព្រោះ​ការ​ទិញ​នោះ​ គឺ​ជា​ការ​ទិញ​អង្ករ​ពី​រោង​ម៉ាស៊ីន។ លោក​ចង់​ឲ្យ​សហគមន៍​កសិករ​ផលិត​ស្រូវ​មាន​ឡ​សម្ងួត និង​ឃ្លាំង​ស្តុប ដោយ​ខ្លួន​ឯង ហើយ​រដ្ឋាភិបាល​ត្រូវ​ទម្លាក់​កញ្ចប់​ថវិកា​ទៅ​ដល់​សហគមន៍​ផ្ទាល់។​

សូម​បញ្ជាក់​ថា​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ចុង​ខែ​កញ្ញា បាន​ទម្លាក់​កញ្ចប់​ថវិកា​ប្រមាណ​ ២៧លាន​ដុល្លារ​អាមេរិក ដើម្បី​សង្រ្គោះ​តម្លៃ​ស្រូវ​ក្នុង​ប្រទេស​កម្ពុជា ដែល​កំពុង​ធ្លាក់​ថ្លៃ។ ក្រោយ​ពី​ពេល​ទម្លាក់​កញ្ចប់​ថវិកា​នេះ​រដ្ឋាភិបាល ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ទិញ​អង្ករ ដើម្បី​ឲ្យ​រោង​ម៉ាស៊ីន​អាច​មាន​លទ្ធភាព​ទិញ​ស្រូវ​បាន​ច្រើន​បន្ថែម​ទៀត។

យោង​តាម​សេចក្តី​ប្រកាស​របស់​ធនាគារ​អភិវឌ្ឍន៍​ជនបទ កាល​ពី​ថ្ងៃ​ទី​ ០៣ ខែ​តុលា បាន​ឲ្យ​ដឹង​ថា​ថវិកា ដែល​រដ្ឋាភិបាល​បាន​បញ្ចេញ​ ២៧​លាន​ដុល្លារ ដើម្បី​អន្តរាគមន៍​ទប់​ស្កាត់​ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ​នោះ គឺ​ពេល​នេះ​ចាយ​អស់​តែ​ប៉ុន្មាន​ ៨០​ម៉ឺន​ដុល្លារអាមេរិក​ប៉ុណ្ណោះ ដោយសារ​តែ​រោង​ម៉ាស៊ីន​ភាគ​ច្រើន​បាន​ប្រើប្រាស់​ទុន​ផ្ទាល់​ខ្លួន​ក្នុង​ការ​ទិញ​ស្រូវ​ពី​ប្រជា​កសិករ។

លោក​ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ បាន​បញ្ជាក់​ថា​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួម​ទិញ​ស្រូវ អង្ករ​ពេល​នេះ ​មិន​សូវ​ជា​មាន​ប្រសិទ្ធភាព​ទេ វា​គ្រាន់​តែ​ជួយ​បាន​តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា ប្រសិន​បើ​របស់​នៅ​សល់​ក្នុង​ស្រុក​ច្រើន​ គឺ​មាន​តែ​ការ​នាំ​ចេញ​ទេ។

ជុំវិញ​ការ​នាំ​ចេញ​អង្ករ​វិញ លោក​នង វាសនា តំណាង​រោង​ម៉ាស៊ីន និង​ក្រុម​ហ៊ុន​នាំ​ចេញ​បាន​ថ្លែង​ថា​រយៈ​ពេល​ ២ ឬ ៣​ខែ​ចុង​ក្រោយ​នេះ និន្នាការ​នៃ​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ ដោយសារ​តែ​តម្លៃ និង​ការ​ប្រកួត​ប្រជែង​ពី​អង្ករ​បរទេស​មាន​ភាព​ស្វិត​ស្វាញ។ លោក​វាសនា​ជឿ​ថា​ក្នុង​ខែ​តុលា​នេះ ការ​នាំ​ចេញ​នឹង​មាន​ការ​កើន​ឡើង​វិញ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ