អានតួអត្ថបទ
កម្ពុជា

ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​សន្ទុះ​ងើប​ឡើង​វិញ​ក្រោយ​ជួប​វិបត្តិ​ធ្លាក់​ថ្លៃ

ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បាន​ស្ទុះ​ងើប​ឡើង​វិញ បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​ជា​ច្រើន​ខែ។ សន្ទុះ​នៃ​ការ​នាំ​ចេញ​នេះ គឺ​ស្ថិត​ក្នុង​ឱកាស​ ដែល​កសិករ​កម្ពុជា កំពុង​តែ​ប្រមូល​ផល​ស្រូវ​ថ្មី។ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នេះ​គឺ​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​ការ​ទប់​ស្កាត់​តម្លៃ​ស្រូវ​មិន​ឲ្យ​ធ្លាក់​ចុះ ដែល​បង្ក​ជា​ក្តី​បារម្ភ​ដល់​គ្រប់​ភាគី។

ការបិទ​ផ្លូវ​ ទាមទារ​តម្លៃ​ស្រូវ​ដែល​រដ្ឋ​កំណត់បាន​បណ្តាល​ឲ្យ​ស្ទះចរាចរណ៍​ជិត​៣​ម៉ោង​នៅ​លើ​ផ្លូវ​ជាតិ​លេខ៥​
ការបិទ​ផ្លូវ​ ទាមទារ​តម្លៃ​ស្រូវ​ដែល​រដ្ឋ​កំណត់បាន​បណ្តាល​ឲ្យ​ស្ទះចរាចរណ៍​ជិត​៣​ម៉ោង​នៅ​លើ​ផ្លូវ​ជាតិ​លេខ៥​
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​នៃ​ការ​នាំ​ចេញ​អង្ករ​ក្នុង​រយៈ​ពេល​ ១០​ខែ​ ឆ្នាំ ២០១៦ នេះ​បាន​បង្ហាញ​ថា ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​កំណើន ៣.៣០% ពោល​គឺ​ពី​ ៤០៨,១៦៨​តោន​ នៅ​ឆ្នាំ​២០១៥ ដល់ ​៤២១,៥២១ តោន​នៅ​ឆ្នាំ​ ២០១៦។ ដោយ​ឡែក គិត​តែ​ត្រឹម​ខែ​តុលា​ឆ្នាំ​ ២០១៦​កន្លង​ទៅ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​បាន​កើន​ឡើង​ ៥៣% បើ​ធៀប​នឹង​ខែ​តុលា​ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​ ១០​វិច្ឆិកា ឆ្នាំ​២០១៦​នេះ។ ក៏​ប៉ុន្តែ​កំណើន​នេះ​នៅ​តែ​តិច​តួច បើ​ធៀប​នឹង​មហិច្ឆតា​របស់​កម្ពុជា ដែល​ចង់​នាំ​អង្ករ​ចេញ​ឲ្យ​បាន​មួយ​លាន​តោន​ក្នុង​មួយ​ឆ្នាំ។

គួរ​រម្លឹក​ថា កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ កម្ពុជា​បាន​ជួប​វិបត្តិ​ក្នុង​ការ​នាំ​ស្រូវ​អង្ករ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ដោយសារ​តម្លៃ​ស្រូវ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន​ទម្លាក់​ថ្លៃ។ វិបត្តិ​ធ្លាក់​ថ្លៃ​ស្រូវ​អង្ករ​នេះ បាន​ឈាន​ទៅ​ដល់​បាតុកម្ម​បិទ​ផ្លូវ​ជាតិ​លេខ​ ៥​ពី​សំណាក់​កសិករ​កម្ពុជា នៅ​ក្នុង​ខេត្ត​បាត់ដំបង​ ដែល​បាន​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ប្រញ៉ាប់​ប្រញ៉ាល់​ចេញ​មក​អន្តរាគមន៍ តាម​រយៈ​ការ​ទម្លាក់​កញ្ចប់​ថវិកា ២៧​លាន​ដុល្លារ​អាមេរិក ទៅ​ឲ្យ​បណ្តា​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ ដើម្បី​ជួយ​ទិញ​ស្រូវ-អង្ករ​ពី​កសិករ​កម្ពុជា។ បន្ថែម​លើ​នេះ ដើម្បី​ស្តា​ស្ថានការណ៍​កាលណោះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន សែន បាន​អំពាវនាវ​បន្ថែម​ទៀត ឲ្យ​មន្រ្តី​របស់​លោក ជួយ​បញ្ជារ​ទិញ​អង្ករ​ពី​បណ្តា​រោង​ម៉ាស៊ីន​កិន​ស្រូវ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ទាំង​នោះ ទទួល​ទិញ​ស្រូវ​ពី​កសិករ​ខ្មែរ​បាន​ច្រើន។

ជាមួយ​នឹង​ការ​ងើប​ឡើង​វិញ​នៃ​ការ​នាំ​ចេញ​ស្រូវ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​នេះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា កំពុង​មមាញឹក​ក្នុង​ការ​ប្រមូល​សំណាក​អង្ករ​ល្អ​ៗ​ពី​បណ្តា​ក្រុមហ៊ុន​មួយ​ចំនួន ដើម្បី​រៀប​ចំ​ការ​ប្រកួត​ប្រជែង​គុណភាព​អង្ករ​ផ្ទៃ​ក្នុង មុន​បញ្ជូន​ទៅ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ពាក់​កណ្តាល​ខែ​វិច្ឆិកា ២០១៦​ខាង​មុខ។ ការ​ប្រកួត​ប្រជែង​គុណភាព​អង្ករ​លក្ខណៈ​ថ្នាក់​ជាតិ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​១២ វិច្ឆិកា​សប្តាហ៍​នេះ នៅ​ឯ​ភោជនីយដ្ឋាន TOPAZ ក្នុង​រាជធានី​ភ្នំពេញ។ កន្លង​មក​អង្ករ​កម្ពុជា​ធ្លាប់​ទទួល​បាន​ជ័យ​លាភី​ជា​អង្ករ​ល្អ​បំផុត​លើ​ពិភព​លោក​ ៣​ឆ្នាំ​មត​ជាប់​ៗ​គ្នា គឺ​ឆ្នាំ​២០១២, ២០១៣ និង ២០១៤​ម្តងទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ