អានតួអត្ថបទ
កម្ពុជា

សហព័ន្ធ​ស្រូវ​អង្ករ​បង្កើត​ក្រុម​ការងារ​ដោះស្រាយ​ការ​នាំ​អង្ករ​គេច​ពន្ធ​ពី​រៀតណាម

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅ​ថ្ងៃ​ទី​៩ មីនា​នេះ​បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​ស្តីពី​បញ្ហា​ប្រឈម​នៃ​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា។ ថ្លែង​នៅ​ក្នុង​សន្និសីទ លោក សុខ ពិទ្ធីវុធ ប្រធាន​សហព័ន្ធស្រូវអង្ករបានលើកឡើងថា​ការ​បង្កើត​ក្រុម​ការងារ​នេះ​គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​ស្រូវ​អង្ករ​ជា​បន្ទាន់​នៅ​កម្ពុជា។ ជា​បញ្ហា​ដែល​មាន​ការ​ហូរ​ចូល​នៃ អង្ករ​ពី​ប្រទេស​ជិត​ខាង​ជា​ពិសេស​វៀតណាម​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ទីផ្សារ​អង្ករ​នៅ​កម្ពុជា។

ឃ្លាំង​ផ្ទក​អង្ករ​ សម្រាប់​នាំ​ចេញទៅ​ក្រៅ​ប្រទេស។​
ឃ្លាំង​ផ្ទក​អង្ករ​ សម្រាប់​នាំ​ចេញទៅ​ក្រៅ​ប្រទេស។​ REUTERS/Chaiwat Subprasom
ផ្សាយពាណិជ្ជកម្ម

ក្រុម​ការងារ​ដោះស្រាយ​បញ្ហា​បន្ទាន់​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​ស្រូវ​អង្ករ​នៅ​ប្រទេស​កម្ពុជា។ កម្ពុជា​ដែល​ជា​ប្រទេស​ផលិត​ស្រូវ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​កំពុង​មាន​បញ្ហា​គួរ​ឱ្យ​កត់​សម្គាល់ ព្រោះ​តែ​មាន​ការ​ហូរ​ចូល​អង្ករ​ពី​ប្រទេស​វៀតណាម​ ហើយ​បាន​ប៉ះពាល់​ទីផ្សារ​អង្ករ​នៅ​ស្រុក​ខ្មែរ។ ស្រូវ​ស្រុក​ខ្មែរ​ដែល​ថ្លៃ​ដើម​ផលិត​មាន​តម្លៃ​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង។ លោក សុខពុទ្ធីវុធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​អះអាង​ថា​ក្រុម​ការងារ​នេះ មាន​កិច្ច​ការងារ​សំខាន់​ចំនួន​៥​គឺ ការ​ទប់​ស្កាត់​ការ​ហូរ​ចូល​ពី​ប្រទេស​វៀតណាម ការ​ជួយ​គាំពារ​ទៅ​ដល់​សមាជិក​ដែល​ជា​រោង​ម៉ាស៊ីន​កិន​ស្រូវ​ដែល​ត្រូវ​ការ​ហិរញ្ញ​ប្បទាន​ពី​រដ្ឋាភិបាល​ដើម្បី​ទិញ​ស្រូវ​ និង​នាំ​អង្ករ​ចេញ​ជា​ដើម។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​បញ្ជាក់​ថា​បច្ចុប្បន្ន​នេះ​ដោយសារ​តែ​ភាព​ធូរ​រលង់​នៅ​តាម​ព្រំដែន​បាន​ធ្វើ​ឱ្យ​អង្ករ​ពី​ប្រទេស​វៀតណាម​ហូរ​ចូល​ទីផ្សារ​កម្ពុជា​ដោយ​គ្មាន​ការ​បង់ពន្ធ ឬ​បង់​ពន្ធ​មិន​គ្រប់​ជា​ដើម។ លោក គឹម សាវុធ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​បាន​លើក​ឡើង​ថា ប្រការ​នេះ​បាន​ធ្វើ​ឱ្យ​រោង​ម៉ាស៊ីន​ស្រូវ​នៅ​កម្ពុជា​មួយ​ចំនួន​បាន​ពិបាក​រក​ស៊ី និង​ក្ស័យ​ធន់​ជា​ដើម។ លោក គឹម សាវុធ បាន​សង្កត់​ធ្ងន់ កម្ពុជា​មិន​បិទ​ទីផ្សារ​សេរី​នោះ​ទេ ប៉ុន្តែ​រាល់​ការ​នាំចូល​ទាំង​អស់​ត្រូវ​តែ​គោរព​ច្បាប់​និង​មាន​អាជ្ញា​ប័ណ្ណ។ យ៉ាង​ណា​ក៏​ដោយ សហព័ន្ធ​ស្រូវ​អង្ករ​មិន​បាន​បញ្ជាក់​នោះ​ទេ​ថា​តើ​ឈ្មួញ​បាន​នាំ​អង្ករ​ខុស​ច្បាប់​ចូល​ប្រទេស​កម្ពុជា​មាន​ទំហំ​ប៉ុណ្ណា​នោះ​។ សម្រាប់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​អស់​នេះ គឺ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ដែល​រួម​មាន​អាជ្ញាធរ និង​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។

សូម​រំលឹក​ថា​កម្ពុជា​បាន​បរាជ័យ​ក្នុង​ការ​នាំ​អង្ករ​ចេញ​ឱ្យ​បាន​មួយ​លាន​តោន​ក្នុង​ឆ្នាំ​២០១៥​កន្លង​ទៅ។ រដ្ឋាភិបាល​ក៏​ដូចជា​សហព័ន្ធ​ស្រូវ​អង្ករ​បាន​លើក​ពី​មូលហេតុ​ពី​​កត្តា​ប្រកួត​ប្រជែង​ពី​ខាង​ក្រៅ និង​កត្តា​ខាង​ក្នុង​ប្រទេស​ខណៈ​ដែល​កម្ពុជា​មិន​អាច​មាន​លទ្ធភាព​ប្រមូល​ទិញ​ស្រូវ​នៅ​ទូទាំ​ងប្រទេស​បាន​នោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ