ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
កម្ពុជា

​ក្រសួង​ពាណិជ្ជ​កម្ម​ហៅ​ការ​យក​ពន្ធ​អង្ករ​កម្ពុជា​ថា​ជាអាវុធ​ធ្វើ​ឃាត​កសិករ​កម្ពុជា​

media  
យុវតី​ម្នាក់​រែង​អង្ករ នៅ​កន្លែង​លក់​អង្ករ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ (រូបតំណាង) REUTERS

ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា កាលពី​ថ្ងៃ​ម្សិលមិញ បាន​សម្តែង​នូវ​ការសោកស្តាយ​ចំពោះ​សេចក្តីសម្រេច របស់​សហភាព​អឺរ៉ុប ដែល​បាន​អនុវត្ត​នូវ​វិធានការ​ការពារ​ទីផ្សារ​មកលើ​អង្ករ​កម្ពុជា និង​ភូមា។ ប្រតិកម្ម​របស់​ក្រសួងពាណិជ្ជកម្ម​ដូច្នេះ ធ្វើឡើង​ខណៈ​សហភាព​អឺរ៉ុប​តម្រូវ​ឲ្យ​កម្ពុជា​បង់ពន្ធ​អង្ករ​របស់ខ្លួន​នាំចូល​អឺរ៉ុប(Indica Rice) ចាប់ពីពេលនេះ​ទៅ​រហូត​រយៈពេល៣ឆ្នាំ​ខាងមុខ។ 

ក្រៅពី​ការសោកស្តាយ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា បាន​ហៅ​ការសម្រេច​របស់​សហភាព​អឺរ៉ុប ដែល​ឈប់​ផ្តល់​ភាពអនុគ្រោះ​ពន្ធ​នាំចូល​អង្ករ​កម្ពុជា​ទៅកាន់​អឺរ៉ុប ថា​មិនបាន​ឆ្លុះបញ្ចាំង​ទាំងស្រុង​លើ​ទិដ្ឋភាព​ច្បាប់ពាណិជ្ជកម្ម​អន្តរជាតិ បទដ្ឋាន​បច្ចេកទេស និង​សច្ចភាព នៃ​ទំនាក់ទំនង​កន្លងមក​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន​កម្ពុជា​ជាមួយ​សហភាព​អឺរ៉ុប។

សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ក៏បាន​គូស​បញ្ជាក់ដែរថា ការសម្រេច​ដាក់​វិធានការ​ការពារ​ទីផ្សារ​ដោយ​សហភាព​អឺរ៉ុប មកលើ​អង្ករ​កម្ពុជា គឺមាន​ឥទ្ធិពល​គ្រប់គ្រាន់ សម្រាប់​ដកហូត​ចំណូល​របស់​ប្រជាកសិករ​ក្រីក្រ​កម្ពុជា និង​ជា​អាវុធ​សម្រាប់​ធ្វើឃាត​ពួកគាត់ និង​ក្រុមគ្រួសារ ដែល​កំពុង​ជាប់បំណុល ជាមួយនឹង​ស្ថាប័ន​ឥណទាន ដែល​បានផ្តល់​ប្រាក់កម្ចី ដល់​ពួកគាត់។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ គណៈកម្មការ​អឺរ៉ុប បានចេញ​សេចក្តីសម្រេច តម្រូវ​ឲ្យ​អង្ករ​នាំចូល​ពី​កម្ពុជា និង​ភូមា ត្រូវ​បង់ពន្ធ​រយៈពេល៣ឆ្នាំ ក្នុង​អត្រា១៧៥អឺរ៉ូ(ប្រហែល២០០ដុល្លារ) ក្នុង១តោន នៅ​ឆ្នាំ​ដំបូង និង​ត្រូវ​បង់១៥០អឺរ៉ូ និង១២៥អឺរ៉ូ នៅ​ឆ្នាំ​ទី២ និង​ទី៣។ តាមរយៈ សេចក្តីសម្រេច ដែល​ចាប់ផ្តើម​អនុវត្ត​ពីថ្ងៃ​ទី១៨ ខែមករា​នេះ គណៈកម្មការ​អឺរ៉ុប​បញ្ជាក់ថា ការ​នាំចូល​អង្ករ (Indica Rice) ពី​កម្ពុជា ក៏ដូចជា​ភូមា បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​នៃ​ប្រទេស​ផលិត​អង្ករ​របស់​សហភាព​អឺរ៉ុប។

ទោះយ៉ាងណា ក្រសួងពាណិជ្ជកម្ម បាន​អះអាងថា ក្រសួង​មួយ​នេះ កំពុង​ពិនិត្យ​ផ្ទៀងផ្ទាត់​សេចក្តី​សម្តេច​នេះ ដោយ​ផ្អែកលើ​ទិដ្ឋភាព​ច្បាប់ និង​វិធាន​ពាណិជ្ជកម្ម​អន្តរជាតិ ដើម្បី​បន្តធ្វើ​ការតវ៉ា​ជាមួយនឹង​សេចក្តីសម្រេច ដែល​ប្រជាជន​កម្ពុជា​យល់ថា ជា​សេចក្តីសម្រេច​ដែល​គ្មាន​សុក្រឹតភាព សច្ចភាព​សង្គម និង​សេដ្ឋកិច្ច។

សូមបញ្ជាក់ថា​កាលពី​ឆ្នាំ២០១៨ កម្ពុជា​បាន​នាំ​អង្ករ​សរុបទៅ​ក្រៅប្រទេស​ចំនួន​ជាង៦០ម៉ឺន​តោន ក្នុងនោះ​ជាង៤០% ទៅកាន់​ទីផ្សារ​អឺរ៉ុប។ ហេតុ​ដូច្នេះហើយ ប្រតិបត្តិ​ករ​នាំ​អង្ករ​ចេញពី​កម្ពុជា​ទៅកាន់​អឺរ៉ុប​នានា នៅតែ​ចាត់ទុកថា សហភាព ដែលមាន​ប្រជាជាតិ២៨ប្រទេស​នេះ នៅតែ​ជាទី​ផ្សារ​អង្ករ​ដ៏​សំខាន់​របស់​កម្ពុជា។ កាលពី​ថ្ងៃ​ពុធ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន Amru Rice លោក សុង សារ៉ន ដែល​ធ្វើ​ការនាំ​អង្ករ​ចេញទៅ​អឺរ៉ុប​ដ៏​ធំ​មួយ​របស់​កម្ពុជា​នោះ ថ្លែងថា កម្ពុជា​នៅតែមាន​ឱកាស​ចរចា ក្នុងការ​រិះរក​ដំណោះស្រាយ​ត្រលប់​ចូលទៅ​ទីផ្សារ​អឺរ៉ុប​វិញ​ក្នុង​កំរិត​ណាមួយ​ចៀសវាង ការបាត់បង់​អ្នកបញ្ជា​ទិញ ដែល​ត្រូវ​រាំងស្ទះ​ដោយ​របា​ពន្ធ​ខ្ពស់​ហួសហេតុ​នេះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ