អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

​សហព័ន្ធ​ស្រូវ​អង្ករ​៖ ពីរ​ខែ​ដើម​ឆ្នាំ​២០១៩ អង្ករ​ខ្មែរ​នាំ​ទៅ​ចិន​ច្រើន​ជាង​អឺរ៉ុប​

រយៈ​ពេល​ពីរ​ខែ​ដើម​ឆ្នាំ២០១៩​នេះ អង្ករ​ខ្មែរ​ជាង​៥ម៉ឺន​តោន បាន​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​។ក្នុង​នោះ​ចិន​ជា​ទីផ្សារ​ធំ​ដែល​អង្ករ​ខ្មែរ​នាំ​ទៅ​ច្រើន​ជាង​គេ​រហូត​ជាង​៤ម៉ឺន​តោន ខណៈ​ទីផ្សារ​អឺរ៉ុប​ជាង​១ម៉ឺន​តោន​។ អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​អះអាង​នៅ​ថ្ងៃ​នេះ​ថា បរិមាណ​នៃ​ការ​នាំ​ចេញ​ដើម​ខែ​នេះ​មាន​ការ​កើន​ឡើង​បន្តិច បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៨​។ 

យុវតី​ម្នាក់​រែង​អង្ករ នៅ​កន្លែង​លក់​អង្ករ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ (រូបតំណាង)
យុវតី​ម្នាក់​រែង​អង្ករ នៅ​កន្លែង​លក់​អង្ករ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ (រូបតំណាង) REUTERS
ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈ​ពីរ​ខែ​នៃ​ឆ្នាំ​២០១៩ ការ​នាំ​មុខ​ក្នុង​ការ​នាំ​ចេញ​អង្ករ​ខ្មែរ​ទៅ​ទីផ្សារ​ចិន​៤០​ភាគ​រយ​ដោយ​គិត​ជា​បរិមាណ​ប្រហែល​ជាង​៤ម៉ឺន​តោន ដោយសារ​តែ​ការ​បន្ថែម​កូតា​នាំ​ចូល​អង្ករ​របស់​រដ្ឋា​ភិបាល​ចិន​៤០​ម៉ឺន​តោន​។ ក្នុង​នោះ​ការ​នាំ​អង្ករ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប គិត​ជា​បរិមាណ​ជាង​១ម៉ឺន​តោន​ដែល​ចំនួន​នេះ​បាន​ថយ​បន្តិច បើ​ធៀប​នឹង​ពេល​ពីរ​ខែ​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៨ ដោយ​សារ​ការ​យក​ពន្ធ​អង្ករ​ពី​កម្ពុជា​។

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃ​ទី២៨​មីនា​នេះ លោក ហ៊ុន ឡាក់ អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​គូស​បញ្ជាក់​ថា ទោះ​ជា​អង្ករ​ខ្មែរ​ដែល​នាំ​ទៅ​អឺរ៉ុប​ទាប​ជាង​នាំ​ទៅ​ចិន​ក៏​ដោយ​តែ​នេះពុំ​មែន​ជា​រឿង​មួយ​គួរ​ឲ្យ​បារម្ភ​ឡើយ​។ មិន​បារម្ភ​ព្រោះ​ថា អង្ករ​ដែល​នាំ​ទៅ​អឺរ៉ុប​ហើយ​ត្រូវ​បាន​គិត​ពន្ធ​នោះ​ជា​ប្រភេទ​អង្ករ​ដើម​គ្រាប់​វែង ខណៈ​ដែល​អង្ករ​ប៉ុន្មាន​ប្រភេទ​ផ្សេង​ទៀត​ដូច​ជា អង្ករ​ក្រអូប​ប្រណិត អង្ករ​ក្រអូប​ធម្មតា និង​អង្ករ​ស​ធម្មតា មិន​ត្រូវ​បាន​គិត​ពន្ធ​លើ​ការ​នាំ​ចូល​ឡើយ​​។

តាម​រយៈ​ការ​នាំ​ចេញ​អង្ករ​ជា​បន្ត​បន្ទាប់​មិន​ថា ទីផ្សារចិន អឺរ៉ុប ឬ​ក៏​ទីផ្សារ​តំបន់​អាស៊ាន ទើប​ធ្វើ​ឲ្យ​សន្ទុះ​នៃ​ការ​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ​ពី​សំណាក់​ពលរដ្ឋ​បាន​ស្ងប់​ស្ងាត់​នៅ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​។ តែ​យ៉ាង​ណា​មិញ អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បន្ថែម​ថា ការណ៍​ដែល​តម្លៃ​ស្រូវ​លែង​ចោទ​ជា​បញ្ហា​សម្រាប់​កសិករ​នោះ ដោយ​សារ​តែ​វិស័យ​ឯក​ជន​បាន​ប្រមូល​ស្រូវ​ទិញ​ស្តុក​ទុក និង​ការ​ចូល​មក​ទិញ​ស្រូវ​ពី​សំណាក់​ឈ្មួញ​វៀត​ណាម​ជា​ដើម​។

សូម​បញ្ជាក់​ជូន​ថា នៅ​ក្នុង​ឆ្នាំ​២០១៨ កម្ពុជា​ផលិត​ស្រូវ​បាន​ជាង​១០​លាន​តោន​។ ក្នុង​នោះ​ការ​ប្រើ​ប្រាស់​ក្នុង​ស្រុក​អស់​ប្រមាណ​ជា​ជិត​៤លាន​តោន ហើយ​ស្រូវ​ដែល​សល់​ពីនេះ​ប្រមាណ​ជា​៦០​ភាគ​រយ កម្ពុជា​នឹង​កែច្នៃ​ដើម្បី​នាំ​ចេញ​ក្នុង​ឆ្នាំ​២០១៩​នេះ​។ តែ​អ្វី​ដែល​គួរ​បារម្ភ​ក្នុង​ឆ្នាំ​២០១៩​នេះ ការ​ដាំ​ដុះ​ស្រូវ​អាច​ពិបាក​បន្តិច​ត្រង់​ថា កម្ពុជា​គ្មាន​ទឹក​គ្រប់​គ្រាន់​ព្រោះ​រដូវ​ប្រាំង​ឆ្នាំ​នេះ​អូស​បន្លាយ​យូរ​។ នេះ​បើ​តាម​លោក ហ៊ុន ឡាក់​។

គួរ​រំឭក​ថា អង្ករ​កម្ពុជា​ជាង​៦០ម៉ឺន​តោន ត្រូវ​បាន​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ដោយ​ក្នុង​ឆ្នាំ​ដដែល​នោះ​អង្ករ​កម្ពុជា​នៅ​តែ​នាំ​ចិន​ក្នុង​កម្រិត​មួយ​ខ្ពស់​ ។ ជា​ថ្មី​ទៀត​អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​រំឭក​ដល់ ​ក្រុម​ហ៊ុន​ដែល​នាំ​អង្ករ​ទៅ​ចិននិងទីផ្សារផ្សេងទៀត ​ត្រូវ​គិត​ឲ្យ​បាន​ល្អិត​ល្អន់​លើ​បញ្ហា​តម្លៃ​និង​ស្តង់​ដា​គុណភាព​អង្ករទើបរក្សាបានទីផ្សារប្រកួតប្រជែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ