អានតួអត្ថបទ
កម្ពុជា

អង្គការ​អន្តរជាតិ សាទរ​សភា​ចំពោះ​ការ​អនុម័ត​ ច្បាប់​ការពារ​កុមារ ពី​ការ​ជាប់​ពន្ធនាគារ

នៅ​ថ្ងៃ​ទី ១​មិថុនា​នេះ គឺ​ជា​ខួប​លើក​ទី ៦៧​នៃ​ទិវា​កុមារ​អន្តរជាតិ! នៅ​ក្នុង​ថ្ងៃ​នេះ​ដែរ អង្គការ​ដែល​ធ្វើ​ការ​លើ​ការ​ការពារ​សិទ្ធិ​កុមារ នៅ​កម្ពុជា​ បាន​សម្តែង​ការ​សាទរ​ចំពោះ​សភា​ជាតិ​ ដែល​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​យុត្តិធម៌​អនីតិជន​។ សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​យុត្តិធម៌​អនីតិជន ដែល​គេ​យល់​ឃើញ​ថា អាច​ការពារ និង​រក្សា​ឧត្តម​ប្រយោជន៍​របស់​អនីតិជន ដែល​ប្រព្រឹត្តិ​បទ​ល្មើស ចៀស​ផុត​ពី​ការ​ជាប់ពន្ធនាគារ​។

នៅថ្ងៃទី ១មិថុនានេះ គឺជាខួបលើកទី ៦៧នៃទិវាកុមារអន្តរជាតិ! នៅក្នុងថ្ងៃនេះដែរ អង្គការដែលធ្វើការលើការការពារសិទ្ធិកុមារ នៅកម្ពុជា បានសម្តែងការសាទរចំពោះសភាជាតិ ដែលបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីយុត្តិធម៌អនីតិជន។
នៅថ្ងៃទី ១មិថុនានេះ គឺជាខួបលើកទី ៦៧នៃទិវាកុមារអន្តរជាតិ! នៅក្នុងថ្ងៃនេះដែរ អង្គការដែលធ្វើការលើការការពារសិទ្ធិកុមារ នៅកម្ពុជា បានសម្តែងការសាទរចំពោះសភាជាតិ ដែលបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីយុត្តិធម៌អនីតិជន។ @Plan Cambodia
ផ្សាយពាណិជ្ជកម្ម

លោក​ ស្រី​សម្បត្តិ​ សុគន្ធា អ្នក​ជំនួយការ​បច្ចេកទេស​ផ្នែក​សិទ្ធិ​កុមារ នៃ​អង្គការ​ភ្លេន អន្តរជាតិ​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ច្បាប់​ស្តី​ពី​យុត្តិធម៌​អនីតិជន ដែល​ទើប​ត្រូវ​បាន​សភា​ជាតិ អនុម័ត កាល​ពី​ថ្ងៃ​ទី ៣០​ខែឧសភា ឆ្នាំ ២០១៦ កន្លង​ទៅ​ថ្មី​ៗ​នេះ ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​បម្រើ​ផល​ប្រយោជន៍​របស់​កុមារខ្លាំង​ណាស់​។ តាម​លោក​ស្រី សម្បត្តិ​ សុគន្ធា ប្រសិន​បើ​ច្បាប់​នេះ ដាក់​ឲ្យ​ដំណើរការ​នៅ​ក្នុង​រយៈពេល ៦​ខែ​ខាង​មុខ វា​អាច​ការពារ​កុមារ​ដែល​មាន​ទំនាស់​នឹង​ច្បាប់ មាន​ន័យ​ថា ជា​កុមារ ដែល​បាន​ប្រព្រឹត្តិ​បទល្មើស ឲ្យ​ចៀស​ផុត​ពី​ការ​ជាប់​ពន្ធនាគារ ទាំង​វ័យ​ក្មេង​។ តំណាង​អង្គការ​ភ្លេន រូប​នេះ យល់​ថា កំហុស​ឆ្គង​របស់​កុមារ គឺ​កើត​ដោយ​សារ​តែ​ភាព​ក្មេង​ខ្ចី​របស់​ពួក​គេ ដូច្នេះ​ពួកគេ​ គួរ​តែ​មាន​ឱកាស​ទទួល​បាន​ការ​អប់រំ​កែ​ប្រែ​ខ្លួន ជា​ជាង​ការ​ប្រឈម​ទៅ​នឹង​ច្បាប់​។

ចំណែក​លោក​ស្រី​ម៉ប់ សូម៉ាយ៉ា នាយិកា​អង្គការ​មិត្ត​សម្លាញ់​អន្តរជាតិ​ប្រចាំ​កម្ពុជា ក៏​យល់​ឃើញ​ថា កុមារ​ជា​អនាគត​ធនធាន​មនុស្ស​ដ៏​សំខាន់​សម្រាប់​សង្គម​ជាតិ ដូច​នេះ​ពួកគេ​គួរ​ទទួល​បាន​ការ​គាំទ្រ និង​ការ​អធ្យាស្រ័យ​ នៅ​ពេល​ដែល​ពួកគេ​បាន​ប្រព្រឹត្តិ​កំហុស​។ លោក​ស្រី ចង់​ឲ្យ​មាន​ការ​បង្វែរ​កុមារ​ជា​ជនល្មើស ពី​ការ​ដាក់​ពន្ធនាគារ មក​ជា​ការ​អប់រំ ក្រោម​ការ​គាំទ្រ​ពី​ភ្នាក់ងារ​ជំនាញ​ផ្សេងៗ​វិញ​។

ក្រៅ​ពី​នេះ បើ​តាម​អង្គការ​អន្តរជាតិ​ទាំង​នេះ ច្បាប់​នេះ ក៏​អាច​ជួយ​កុមារ​អាក្រក់ ឲ្យ​ក្លាយ​ជា​កុមារ​ល្អ​ឡើងវិញ ជួយ​ពួកគេ​ឲ្យ​ចៀស​វៀង​ពី​ការ​ដាក់​ទៅ​ក្នុង​បញ្ជី​ខ្មៅ (Blacklist) និង​បញ្ចៀស​ការ​កក​ស្ទះ​ក្នុង​ពន្ធនាគារ​ជា​ដើម​។

គួរ​ជម្រាប​ជូន​ថា សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​យុត្តិធម៌​អនីតិជន ដែល​មាន ​១៦​ជំពូក និង ៨៩​មាត្រា ត្រូវ​បាន​រៀប​ចំ​តាក់តែង​តាំង​ពី​ឆ្នាំ​២០០២ ដោយ​អនុគណៈកម្មការ​តាក់តែង​ច្បាប់​របស់​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ ដោយ​មាន​កិច្ច​សហការ និង​ការ​រួម​យោបល់​ពី​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ព្រម​ទាំង​មាន​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ផ្នែក​ថវិកា និង​បច្ចេកទេស​ពី​អង្គការ​ជាតិ និង​ដៃ​គូ​អភិវឌ្ឍ​នានា​។ សេចក្តីព្រាង​ច្បាប់​នេះ ត្រូវ​បាន​ដាក់​ឆ្លង​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​នៅ​ក្រសួង​យុត្តិធម៌ ក្រសួង​សង្គម​កិច្ច កិច្ច​ប្រជុំ​ក្រុមការងារ​បច្ចេកទេស​អន្តរ​ក្រសួង និង​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ ជា​ច្រើន​លើក​ កាល​ពី​ពេល​កន្លង​ទៅ មុន​នឹង​ត្រូវ​ដាក់​ចូល​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្រ្តី​។ ក្រោយ​មក គណៈរដ្ឋមន្ត្រី បាន​សម្រេច​យល់​ព្រម​ដាក់​សេចក្តី​ព្រាង​ច្បាប់​នេះ​ ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ២០១៦​។ បន្ទាប់​មក សភាជាតិ បាន​ដាក់​សេចក្តី​ព្រាង​ច្បាប់​នេះ ចូល​ទៅ​ក្នុង​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ កាល​ពី​ថ្ងៃ​ទី ៣០​ខែ​ឧសភា កន្លង​ទៅ​។

គោល​បំណង​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ គឺ​ដើម្បី​ធានា​ការពារ​សិទ្ធិ​ និង​ឧត្តម​ប្រយោជន៍ របស់​អនីតិជន ដែល​ប្រព្រឹត្តិ​បទ​ល្មើស គាំទ្រ​ដល់​ការ​ស្តារ​នីតិ​សម្បទា ការ​ធ្វើ​សមាហរណកម្ម​អនីតិជន និង​ការពារ​ផល​ប្រយោជន៍ ក្នុង​សង្គម និង​សហគមន៍​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ