អានតួអត្ថបទ
កម្ពុជា-ច្បាប់

មនុស្ស​ជាង​៣០០​នាក់​មក​ពី​តំបន់​អាស៊ី ចូល​រួម​សន្និបាត​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា

មនុស្ស​ជាង​៣០០​នាក់​មក​ពី​ជាង​៣០​ប្រទេសនៅ​អាស៊ី នឹង​ចូល​រួម​សន្និបាត​ប្រចាំ​ឆ្នាំ​ស្ដីពី​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​ទី​ក្រុង​ភ្នំពេញ ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​រហូតដល់​ថ្ងៃ​ទី​៨​ខែ​ធ្នូ។ កម្មវិធី​នេះ​រៀប​ចំ​ឡើង​ដោយ​សហគមន៍​ឥន្ទធនូ​កម្ពុជា​ហៅ​កាត់​ថា ROCK ដោយ​មាន​ការ​គាំទ្រ​ពី​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ដូច​ជា៖ គណៈ​កម្មាធិការ​សិទ្ធិ​មនុស្សកម្ពុជា ក្រសួងវប្បធម៌ និង​ក្រសួង​កិច្ចការ​នារី។  

រូបថតៈក្រុមការងារRockត្រៀមរៀបចំសន្និបាតប្រចាំឆ្នាំ
រូបថតៈក្រុមការងារRockត្រៀមរៀបចំសន្និបាតប្រចាំឆ្នាំ @Rock
ផ្សាយពាណិជ្ជកម្ម

សន្និបាត​ប្រចាំ​ឆ្នាំ​ស្ដីពី​សហគមន៍​ស្រឡាញ់​ភេទ​ដូច​គ្នា ឬ​ហៅ​កាត់​ថា ​អ៊ីល​ហ្គា​អាស៊ីលើក​ទី៧​នេះ បាន​រៀបចំ​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​គោល​បំណង​ជួប​ជុំអ្នក​ជំនាញ សហគមន៍​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា អ្នក​ស្រាវជ្រាវ តំណាង​រដ្ឋាភិបាល ភ្នាក់ងារ​អភិវឌ្ឍន៍ ជា​ពិសេសស​មាជិក​របស់​អ៊ីលហ្គា ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍ផ្លាស់​ប្ដូរ​គំនិត រួម​ទាំង​បញ្ហា និង​ដំណោះ​ស្រាយ​រួម​គ្នា។

បើតាម​សហគមន៍ឥន្ទធនូ​កម្ពុជា សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា​ត្រូវ​បាន​បែង​​ចែករ​វាង បុរស​ស្រឡាញ់​បុរស ស្ត្រី​ស្រឡាញ់​ស្ត្រី អ្នក​ស្រឡាញ់​ទាំង​ពីរ​ភេទ អ្នក​ប្ដូរ​យេនឌ័រ​ និង​អ្នក​មាន​ភេទ​កំណើត​ពីរ​ឬ​អន្តរភេទ។ អ្វី​ដែល​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា​ចង់​បាន​នា​ពេល​នេះ គឺ​បញ្ឈប់​ការ​រើសអើង សិទ្ធិ​ស្មុំ​កូន ការ​ទទួល​ស្គាល់​នៅ​លើ​ឯកសារ​ផ្លូវ​ការ និង​ចង់​បាន​អាពាពិពាហ៍​ស្រប​ច្បាប់​ជា​ដើម។

កញ្ញា លី ពិសី ប្រធាន​សម្រប​សម្រួល​របស់​សហគមន៍ឥន្ទធនូ​កម្ពុជា​ហៅ​កាត់ ROCK​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​រសៀល​ថ្ងៃ​អាទិត្យ​នេះថា​ កម្ពុជា​គឺ​ជា​ប្រទេស​ដែល​សាក​សម​បំផុត​ក្នុង​ការ​ទទួល​ស្វាគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​មក​ពី​ប្រទេស​ជុំវិញតំបន់​អាស៊ី។ កញ្ញា​បញ្ជាក់​ថា ​មិន​មែន​មាន​តែ​កម្ពុជា​ទេ ដែល​មាន​ក្រុម​អ្នក​ស្រឡាញ់ដូច​គ្នា​នោះ​ប្រទេស​ដទៃ​ក៏​មាន​ដែរ។ ដូច្នេះ អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា​មិន​ឯកា​ឡើយ។ នេះ​បើ​តាម​កញ្ញា លី ពិសី។

សូមបញ្ជាក់ថា សន្និបាត​ស្ដីពី​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នេះ បាន​រៀប​ចំ​ឡើង​៦​លើក​រួច​មក​ហើយ នៅទីក្រុង​នៃ​ប្រទេស​ផ្សេង​ៗ​គ្នា​រួមមាន៖ ទីក្រុង​ម៉ុម​បាយ សេប៊ូ ឈៀងម៉ៃ ស៊ូរ៉ាប៉ាយ៉ា បាង​កក និង​ថ្មីៗ​នេះ​នៅ​តៃ​ប៉ិ។ បច្ចុប្បន្ន​បើ​តាម​ទិន្នន័យ​ចង​ក្រង​ដោយ​សហ​គមន៍​ឥន្ទធនូ សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ដែល​ហ៊ាន​បញ្ចេញ​អត្តសញ្ញាណ​មាន​ចំនួន១០០០នាក់ គិតចាប់​តាំង​ឆ្នាំ២០០៩ដល់សព្វ​ថ្ងៃ ខណៈ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា CCHR ធ្លាប់​ប៉ាន់​ប្រមាណ​ថា ចំនួន​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា អាច​មាន​រហូត​ដល់​ទៅ​១០​ភាគ​រយ នៃ​ចំនួន​ប្រជាជន​សរុប​ ពោល​គឺ​ប្រមាណ​១​លាន​នាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ