អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

​គណ​បក្ស​កាន់​អំណាច​កាត់​ផ្ដាច់​មនោស​ញ្ចេត​នា ដើម្បី​រក្សា​ប្រជា​ប្រិយ​ភាព​?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​សំណុំ​រឿងគ្រឿង​ញៀន​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ ជន​ពាក់ព័ន្ធ​ជា​ច្រើន​នាក់ ក្នុង​នោះ​មាន​ទាំង​ឧកញ៉ា​គ្រាក់​ដែល​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​ផង ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​កាន់​តុលាការ។ កាល​ពី​សប្ដាហ៍​មុន​ទៀត​សោត លោក ស ខេង រដ្ឋ​មន្ដ្រី​ក្រសួង​មហាផ្ទៃ បាន​ប្រកាស​ឲ្យ​ប៉ូលីស​ម្នាក់​ដែល​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​នេះ​ដែរ ចូល​ខ្លួន​ទៅ​សារភាព​ឲ្យ​បាន​ឆាប់​។ ចំណាត់ការ​ទាំង​នេះ បង្ហាញ​ថា គណបក្ស​កាន់​អំណាច​ហាក់​ដូច​ជា​មិន​ញញើត​នឹង​ដាក់​ទោសទណ្ឌ​មន្ដ្រី​របស់​ខ្លួន ដែល​ប្រព្រឹត្ត​ខុស​ឡើយ​។ តើ​នេះ​គឺ​ជា​ការ​កាត់​ផ្ដាច់​មនោសញ្ចេតនា ដើម្បី​រក្សា​ប្រជាប្រិយភាព​របស់​គណបក្ស​កាន់​អំណាច​ឬ? 

មជ្ឈមណ្ឌលកំសាន្តរ៉ក
មជ្ឈមណ្ឌលកំសាន្តរ៉ក @Internet
ផ្សាយពាណិជ្ជកម្ម

ជាង​១​ខែ​មក​ហើយ​ដែល​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ ត្រូវ​បាន​បិទ​លែង​ឲ្យ​ដំណើរការ ក្រោយ​សមត្ថកិច្ច​រក​ឃើញ​ថា​មាន​ការ​ប្រើ​ប្រាស់​និង​ជួញ​ដូរ​គ្រឿង​ញៀន​ទ្រង់​ទ្រាយ​ធំ​នៅ​ទី​នោះ​​។ ចំណែក​ម្ចាស់​មណ្ឌល​កម្សាន្ត​នេះ គឺ​លោកឧកញ៉ា គិត ធាង ក៏​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ឯ​ពន្ធនាគារ​ព្រៃស ដើម្បី​រង់ចាំ​ដំណើរការ​នីតិ​វិធី​បន្ត​ផង​ដែរ​។ ចំណាត់​ការ​នានា​លើ​សំណុំ​រឿង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ នៅ​មិន​ទាន់​ចប់​ត្រឹម​ប៉ុណ្ណឹង​ទេ​។ រហូត​មក​ទល់​ពេល​នេះ សមត្ថកិច្ច​កំពុង​តែ​តាម​វែក​មុខ​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ដោយ​ចំពោះ​មន្ដ្រី​ប៉ូលីស​ម្នាក់​ដែល​លោក​រដ្ឋ​មន្ដ្រី​ក្រសួង​មហាផ្ទៃ​អះអាង​ដោយ​ផ្ទាល់​ថា មាន​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​គ្រឿង​ញៀន​នេះ​ដែរ​។ លោក ស ខេង រដ្ឋ​មន្ដ្រី​ក្រសួង​មហាផ្ទៃ បាន​ប្រកាស​ឲ្យ​មន្ដ្រី​ប៉ូលីស​ម្នាក់​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿង​ញៀន​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ ឲ្យ​ចូល​ខ្លួន​ទៅ​សារភាព​ឲ្យ​បាន​ឆាប់​។ បើ​តាម​លោក ស ខេង គេ​បាន​ស្គាល់​ហើយ អត្តសញ្ញាណ​របស់​មន្ដ្រី​ប៉ូលីស​រូប​នោះ។ នៅ​ក្នុង​ករណី​គ្រឿង​ញៀន​នេះ លោក ស ខេង សង្កត់​ធ្ងន់​ទៀត​ថា ជន​ល្មើស​មិន​អាច​គេច​ទៅ​ណា​រួច​ទេ​ ព្រោះ​ដីកា​ចាប់​ខ្លួន​ត្រូវ​បាន​ចេញ​រួច​រាល់​ហើយ​។

មែន​ទែន​ទៅ នេះ​មិន​មែន​រឿង​ថ្មី​​ទេ ដែល​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​កាន់​អំណាច គម្រាម​ដាក់​ទោស​ទណ្ឌ​​ចំពោះ​មន្ដ្រី ឬ​អ្នក​គាំទ្រ​​របស់​ខ្លួន​ដែល​ប្រព្រឹត្ត​ខុស​។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​មុខ​ទទួល​ស្គាល់​ពី​ចំណុច​ខ្វះ​ខាត​របស់​ខ្លួន និង​ថែម​ទាំង​បាន​ជំរុញ​ឲ្យ​មន្ដ្រី​របស់​ខ្លួន​ឆ្លុះ​កញ្ចក់​ដុះ​ក្អែល​សម្អាត​ខ្លួនថែម​ទៀត​ផង​។ កំណែ​ទម្រង់​ការងារ​និង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ត្រូវ​បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​។ មន្ដ្រី​មួយ​ចំនួន​ដែល​ប្រើ​ប្រាស់​អំណាច ប្រព្រឹត្ត​តាម​អំពើ​ចិត្ត​ខុស​នឹង​ច្បាប់ ក៏​ត្រូវ​បាន​ចាប់​ខ្លួន​យក​ទៅ​ផ្ដន្ទាទោស​ផង​ដែរ​។ ដើម្បី​ការពារ​ប្រជាប្រិយភាព​របស់​ខ្លួន គណបក្ស​កាន់​អំណាច​ហាក់​ដូច​ជា​មិន​ញញើត​នឹង​ដាក់​ទោសទណ្ឌ​មន្ដ្រី​របស់​ខ្លួន ដែល​ប្រព្រឹត្ត​ខុស​ឡើយ​។

ចំណាត់ការ​របស់​គណបក្ស​កាន់​អំណាច​លើ​មន្ដ្រី​ប្រព្រឹត្ត​ខុស​នេះ ត្រូវ​​អ្នក​វិភាគ​នយោបាយ​ផ្ដល់​តម្លៃ​ថា អាច​រួម​ចំណែក​ស្ដារ​ប្រជាប្រិយភាពរបស់​គណបក្ស​នេះ​បាន​ខ្លះ​នៅ​លើ​ឆាក​នយោបាយ​។ ក្នុង​នោះ គណបក្ស​ប្រជាជន​កម្ពុជា និង​ថ្នាក់​ដឹក​នាំ​របស់​គណបក្ស​នេះ ត្រូវ​រក្សា​ភាព​រ៉ឹងប៉ឹង​បំផុត នៅ​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ដូច​ដែល​បាន​សន្យា​។ គោលការណ៍​ច្បាប់ ដាច់​ខាត​ត្រូវ​តែ​គ្រប​ដណ្ដប់​លើ​មនោសញ្ចេតនា​។ មន្ដ្រី​ប្រព្រឹត្ត​ខុស​ច្បាប់​ត្រូវ​តែ​ដក​គ្រវាត់​ចោល ហើយ​ផ្ដល់​ឱកាស​ឲ្យ​មន្ដ្រី​ដែល​មាន​សមត្ថភាព​។

ជាការ​ពិត​ ការ​កាត់​ផ្ដាច់​មនោសញ្ចេតនា ដើម្បី​ដាក់​ទោស​ទណ្ឌ​លើ​មន្ដ្រី​ខ្លួន​ឯង​នេះ​មាន​សារៈសំខាន់​ណាស់ ប៉ុន្តែ​វា​មិន​ទាន់​គ្រប់​គ្រាន់​ឡើយ​។ បើ​តាម​អ្នក​វិភាគ មាន​ការងារ​ច្រើន​ណាស់​ដែល​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​ធ្វើ​ឲ្យ​បាន បើ​ចង់​ទាញ​យក​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​បន្ថែម​ទៀត​។

ការងារ​នោះ​ត្រូវ​ចាប់​ផ្ដើម​ពី​មន្ដ្រី​ថ្នាក់​លើ ដែល​ត្រូវ​តែ​ធ្វើ​ជា​គំរូ​ល្អ​ដល់​មន្ដ្រី​ថ្នាក់​ក្រោម ដើម្បី​ឲ្យ​មាន​ការ​កែ​ប្រែ​ឥរិយាបថក្នុង​ការ​បំពេញ​ការងារ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ មាន​ភាព​ស្អាត​ស្អំ និង​តម្កល់​ផល​ប្រយោជន៍​ជាតិ ធំ​ជាង​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​ផល​ប្រយោជន៍​បក្ស​។ ទន្ទឹម​គ្នានេះ ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​ត្រូវ​ធ្វើ​គ្រប់​កម្រិត ពី​ថ្នាក់​លើ​ដល់​ថ្នាក់​ក្រោម ក៏​ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​ផង​ដែរ​​។ ការងារ​ដាក់​ទណ្ឌកម្ម​ចំពោះ​ការ​ប្រព្រឹត្ត​ពុក​រលួយ​នេះ ទាមទារ​ឲ្យ​ដើរ​ស្រប​គ្នានឹង​ការ​​ផ្ដល់​រង្វាន់​ដល់​មន្ដ្រី​រាជការ​។ មន្ដ្រី​រាជការ​ដែល​ល្អ ត្រូវ​តែ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត និង​ការ​បង្កើន​ប្រាក់​ខែ​។ ជាមួយ​គ្នា​នោះ គណបក្ស​ប្រជាជន ចាំ​បាច់​ត្រូវ​តែ​អប់រំ​មន្ដ្រី​ថ្នាក់​ក្រោម​របស់​ខ្លួន​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គេ​បម្រើ​ប្រជាជន​បាន​ត្រឹម​ត្រូវ ចៀសវាង​ការ​មិន​អើ​ពើ មិន​ខ្វាយ​ខ្វល់​ចំពោះ​​ប្រជាជន​មូលដ្ឋាន​ក្រោមការ​គ្រប់​គ្រង​របស់​ខ្លួន​។ ជា​ថ្នូរ​មក​វិញ មន្ដ្រី​ថ្នាក់​ក្រោម​គ្រប់​រូប ត្រូវ​តែ​ទទួល​បាន​នូវ​ប្រាក់​ខែ​ច្រើន​ជាង​មុន ដើម្បី​ជីវភាព​ល្អ​​ប្រសើរ​ជាង​មុន។

ទាំង​នេះ​គឺជា​វិញ្ញាសារ​សាក​ល្បង​សម្រាប់​គណបក្ស​ប្រជាជន ដើម្បី​​​ជួយ​ស្ដារ​មុខ​មាត់​ និង​ប្រជាប្រិយភាពរបស់​ខ្លួន​ឡើង​វិញ​​។ ​ភាព​ស្ទាក់ស្ទើរណាមួយ​ដែល​បង្អាក់​កំណែ​ទម្រង់​ទាំង​នេះ នឹង​ប៉ះពាល់​ដល់​ប្រសិទ្ធិភាព​ដឹក​នាំ​ ក៏​ដូច​ជា​ប្រជាប្រិយភាព​របស់​គណបក្ស​ទាំង​មូល​។ យ៉ាង​ណា​ក៏​ដោយ ការ​អនុវត្ត​តែង​តែ​ពិបាក​ជាង​ទ្រឹស្តី​។ មាន​តែ​ឆន្ទៈ​ពិត​ប្រាកដ​ទេ ទើប​ជួយ​ឲ្យ​គណបក្ស​កាន់​អំណាច សម្រេចការងារ​ទាំង​នេះ​បា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ