អានតួអត្ថបទ
កម្ពុជា

លោក​ស្រី រ៉ូណា ស្មីត នឹង​រាយការណ៍​សំណុំ​រឿង​សកម្មជន​បឹង​កក់​ទៅ​ អ.ស.ប

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ កាល​ពី​ព្រលប់​ថ្ងៃ​ទី​១៥ សីហា បាន​ទៅ​ចូល​រួម​ក្នុង​កម្មវិធី​ប្រារព្ធ​ខួប​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ​របស់​សកម្មជន​សហគមន៍​បឹង​កក់​អ្នក​ស្រី ទេព វន្នី។ វត្ដមាន​នៅ​ក្នុង​កម្មវិធី​នោះ​ លោក​ស្រីរ៉ូណា ស្មីត បាន​ជួប​កូនៗ​របស់​អ្នកស្រី​ ទេព វន្នី និង​ស្ដាប់​ការ​រាយការណ៍​របស់​ប្រជាជន​រង​គ្រោះ​ដី​ធ្លី​ក្នុង​សហគមន៍​បឹង​កក់​អំពី​ការ​ឃុំ​ខ្លួន​តំណាង​របស់​ពួក​គេ។ ជា​ការ​ឆ្លើយ​តប​ អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ​បាន​សន្យា​ថា នឹង​លើក​យក​រឿង​នេះ​រាយការណ៍​ទៅ​អង្គការ​សហប្រជាជាតិ​នៅ​ពេល​ខាង​មុខ។

លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុ
លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុ @Ministry of Environment
ផ្សាយពាណិជ្ជកម្ម

ក្នុង​តំបន់​បឹង​កក់​កាល​ពី​ល្ងាច ថ្ងៃ​ទី ១៥ សីហា ​ប្រជាជន​រង​គ្រោះ​ក្នុង​សហគមន៍​បឹង​កក់​បាន​រៀប​ចំ​ពិធី​តាំង​រូប​តំណាង​របស់​ពួក​គេ​យ៉ាង​ធំ ព្រម​ទាំង​មាន​ការ​ដុត​ទាន ចាក់​បទ​ចំរៀង​ឈឺ​ចាប់​ និង​ការ​បួង​សួង​អំពាវ​នាវ​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ស្រី ទេព វន្នី ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស​វិញ។

កម្មវិធី​កំពុង​តែ​ដំណើរ​ការ​ស្រាប់​តែ​លេច​ចេញ​វត្តមាន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់​លោក​ស្រី​ រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ ដែល​កំពុង​បំពេញ​ទស្សនៈ​កិច្ច​នៅ​កម្ពុជា​ នៅ​ក្នុង​កម្មវិធី​នោះ​ដែរ។

ក្រោយ​ពេល​បាន​ជួប​ផ្ទាល់​នូវ​កូនៗ​របស់​អ្នក​ស្រី ទេព​ វន្នី ​ សកម្មជន​លេច​ធ្លោ​កំពុង​ជាប់​ឃុំ​នៅ​ព្រៃ​ស និង​ស្ដាប់​ការ​រាយការណ៍​របស់​តំណាង​ប្រជាជន​សហគមន៍​បឹង​កក់​អំពី​ដំណើរ​ដើម​ទង​នៃ​ការ​ចាប់​ខ្លួន​ ទេព វន្នី រួច​មក លោកស្រី រ៉ូណា ស្មីត បាន​ថ្លែង​ថា លោក​ស្រី​នឹង​លើក​យក​ករណី​អ្នក​ស្រី ទេព វន្នី រាយ​ការណ៍​ទៅ​ដល់​គណៈកម្មការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ នៅ​ពេល​ខាង​មុខ។

លោក​ស្រី រ៉ូណា ស្មីត ថ្លែង​បន្ដ​ថា វត្តមាន​របស់​លោក​ស្រី​ក្នុង​ពិធី​នេះ គឺ​ជា​ការ​រំលឹក​ដល់​ការ​ជាប់​ពន្ធនាគារ​របស់​អ្នក​ស្រី ទេព វន្នី និង មន្ត្រី​សិទ្ធិ​មនុស្ស​ផ្សេងៗ​ទៀត ដែល​លោក​ស្រី​ថា​ ទទួល​រង​ការ​រំលោភ​សិទ្ធិ​មនុស្ស។ បើ​​តាម​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​រូប​នេះ​ដដែល​ លោក​ស្រី​បាន​បន្ដ​តាម​ដាន​ករណី​អ្នក​ស្រី ទេព វន្នី យ៉ាង​ដិត​ដល់​បំផុត។

លោកស្រី រ៉ូណា ស្មីត បាន​បន្ថែម​ទៀត​ថា កន្លង​មក​ លោក​ស្រី​ក៏​ធ្លាប់​រាយការណ៍​ករណី​របស់ អ្នកស្រី ទេព វន្នី និង​បញ្ហា​តំបន់​បឹងកក់ ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ផង​ដែរ។

ក្រៅ​ពី​បាន​ចូល​រួម​ក្នុង​កម្មវិធី​គម្រប់​មួយ​ឆ្នាំ​នៃ​ការ​ឃុំ​ខ្លួន​នោះ តំណាង​អង្គការ​សហប្រជាជាតិ​រូប​នេះ ក៏​បញ្ជាក់​ដែរ​ថា ក្នុង​ថ្ងៃ​ដដែល​នេះ លោក​ស្រី​ក៏​បាន​ទៅ​សួរ​សុខ​ទុក្ខ​​អ្នក​ស្រី ទេព វន្នី នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ដែរ ​ដោយ​អ្នក​ស្រី ទេព វន្នី បាន​ប្រាប់​គាត់​ថា គាត់​នឹក​កូន​ដែល​គ្មាន​អ្នក​ណា​មើល​ថែ។

គួរ​រម្លឹក​ថា​ អ្នក​ស្រី​ទេព វន្នី សកម្មជន​ដី​ធ្លី​ដ៏​លេច​ធ្លោ​របស់​តំបន់​បឹង​កក់ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦ នៅ​អំឡុង​ពេល​ដែល​អ្នក​ស្រី និង​សកម្មជន​ដី​ធ្លី​ផ្សេង​ទៀត​បាន​ចូល​រួម​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​អគ្គលេខាធិការ​រង​គ.ជ.ប។ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧ កន្លង​ទៅ អ្នក​ស្រី​ទេព វន្នី ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រយៈ​ពេល​២​ឆ្នាំ​៦​ខែ​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ក្បែរ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាល​ពី​ឆ្នាំ​២០១៣ បន្ថែម​ពី​លើ​បទ​ចោទ​ដទៃ​ទៀត។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ