អានតួអត្ថបទ
កម្ពុជា-ច្បាប់

អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​មក​កម្ពុជា ​បន្ទាប់​ពី​រិះគន់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ

អ្នក​រាយការណ៍​ពិសេស​ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា គឺ​លោក​ស្រី​ រ៉ូណា​ ស្មីត នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​៥ ខែ​មីនា ខាង​មុខ ហើយ​នឹង​បំពេញ​បេសកកម្ម​រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​មីនា។ នេះ​បើ​គេហទំព័រ​របស់​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​កាល​ពី​ថ្ងៃ​ម្សិល​មិញ ។ ជា​ដំណើរ​ទស្សនៈ​កិច្ច ដែល​ធ្វើ​ឡើង​ បន្ទាប់​ពី​អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ រិះគន់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កាល​ពី​ខែ​កុម្ភៈ។

អ្នករាយការណ៏ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា លោកស្រីរ៉ូណា ស្មីត
អ្នករាយការណ៏ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា លោកស្រីរ៉ូណា ស្មីត @Chin Malin
ផ្សាយពាណិជ្ជកម្ម

ជា​ដំណើរ​ទស្សៈកិច្ច ដែល​ធ្វើ​ឡើង​ដូច​រៀង​រាល់​ឆ្នាំ ដើម្បី​រៀប​ចំ​របាយការណ៍​ស្តី​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ដាក់​ជូន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​នា​អំឡុង​ខែ​កញ្ញា​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា។​

ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ទី​២ ខែ​មីនា ថា​ក្នុង​ដំណើរ​ទស្សនៈ​កិច្ច​រយៈ​ពេល​១០​ថ្ងៃ​នៅ​កម្ពុជា លោក​ស្រី រ៉ូណា ស្មីត នឹង​ជួប​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ថ្ងៃ​ទី​៧ ខែ​មីនា ដោយ​មាន​ការ​ជជែក​គ្នា​លើ​របៀប​វារៈ​មួយ​ចំនួន

លោក​បន្ថែម​ថា​ការ​អញ្ជើញ​មក​កម្ពុជា​របស់​លោក​ស្រី​ រ៉ូណា ស្មីត នា​ពេល​នេះ គឺ​បន្ទាប់​ពី​ក្រុម​ការងារ​របស់​លោក​ស្រី​បាន​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​កម្ពុជា និង​ទទួល​បាន​ការ​ស្វាគមន៍​ពី​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ដំណើរ​ទស្សនៈ​របស់​លោក​ស្រី។

ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនៈកិច្ច​១០​ថ្ងៃ​នៅ​កម្ពុជា លោក​ស្រី រ៉ូណា ស្មីត​នឹង​ជួប​មន្ត្រី​រដ្ឋាភិបាល​សំខាន់ តំណាង​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ។ នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា ដែល​ជា​ថ្ងៃ​បញ្ចប់​នៃ​ដំណើរ​ទស្សនៈកិច្ច​នេះ លោកស្រីនឹងធ្វើសន្និសីទកាសែត ដើម្បី​សរុប​ដំណើរ​ទស្សនៈកិច្ចរបស់លោកស្រី។

ជា​ការ​កត់​សម្គាល់​ដំណើរ​ទស្សនៈកិច្ច ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​៥​ ខែ​មីនា គឺ​កើត​ឡើង​បន្ទាប់​ពី​អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ពីរ​រូប ​កាល​ពី​ថ្ងៃ​ទី​២០ ​ខែ​កុម្ភៈ បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ​ដោយ​រដ្ឋាភិបាល​កម្ពុជា ដែល​ពួក​គេ​លើក​ឡើង​ថា​នឹង​កម្រិត​ដែន​កំណត់​លើ​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​មក​ដល់​នៅ​ក្នុង​ឆ្នាំ​នេះ។

លោក​ស្រី​រ៉ូណា ស្មីត ធ្លាប់​បាន​គូស​បញ្ជាក់​ថា ក្នុង​ចំណោម​ចំណុច​ត្រូវ​កែ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នេះ ក៏​មាន​ចំណុច​មួយ​បើក​ផ្លូវ​ឲ្យ​មាន​ការ​ព្យូរ ​ឬ​ក៏​ដក​សិទ្ធិ​បោះ​ឆ្នោត​របស់​ប្រជាជន​កម្ពុជា​ផង​ដែរ។

សូម​ជម្រាប​ជូន​ថា សាស្រ្តាចារ្យ រ៉ូណា ស្មីត ត្រូវ​បាន​តែង​តាំង​ជា​អ្នក​រាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា ដោយ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កាល​ពី​ខែ​មីនា​ឆ្នាំ​២០១៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ