អានតួអត្ថបទ
កម្ពុជា-សង្គម

​មេ​សហជីព​មួយ​ចំនួន​មិន​ទាន់​ទទួល​បាន​លិខិត​អញ្ជើញ​ចូល​រួម​សវនាការ​

មួយ​ថ្ងៃ​មុន​សវនា​លើ​មេដឹក​នាំ​សហជីព​ចាប់​ផ្ដើម​នៅ​ថ្ងៃ​សុក្រ​ស្អែក ប្រធាន​សហជីព​មួយ​ចំនួន​បាន​អះអាង​នៅ​ថ្ងៃ​ព្រហស្បិ៍​នេះ​ថា ពួកគេ​នៅ​មិន​ទាន់​ទទួល​បាន​លិខិត​អញ្ជើញ​ឲ្យ​ចូល​រួម​សវនាការ​នៅ​ឡើយ​ទេ គិត​មក​ដល់​ម៉ោង​នេះ​។ ប៉ុន្តែ​យ៉ាង​មិញ​មេធាវី​ការពារ​ក្ដី​ឲ្យ​សហ​ជីព​អះអាង​ថា នឹង​ចូល​រួម​សវនាការ​នេះ ក្នុង​ឋានៈ​ជា​មេធាវី​ការពារ​សិទ្ធ​។ 

លោក រ៉ុង ឈុន ប្រធានសហជីពកម្ពុជា
លោក រ៉ុង ឈុន ប្រធានសហជីពកម្ពុជា ©Sun Mesa
ផ្សាយពាណិជ្ជកម្ម

ទាំង​លោក រ៉ុង ឈុន និង​លោក​ប៉ាវ ស៊ីណា បាន​អះអាង​ដូច​គ្នា​ថា មិន​ទាន់​ទទួល​បាន​លិខិត​អញ្ជើញ​ឲ្យ​ចូល​រួម​សវនាការ​នៅ​ថ្ងៃ​សុក្រ​ស្អែក​នោះ​ទេ​។

ប៉ុន្តែ​យ៉ាង​ណា​មិញ​លោក​ទាំងពីរ​ជឿជាក់​ថា តាម​រយៈ​សវនាការ​នៅ​ថ្ងៃ​ស្អែក ប្រៀប​ដូច​ជា​ការ​បើក​ផ្លូវ​ឲ្យ​សហជីព​មាន​សេរីភាព​ពេញ​លេញ​ដោយ​គ្មាន​សំពាធ​ពី​តុលាការ​ទៀត​ឡើយ ជុំវិញ​ពាក្យ​បណ្ដឹង​របស់​ក្រុម​ហ៊ុន​កន្លង​មក​។

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​ឲ្យ​ដឹង​ថា រូប​លោក​ក៏​ដូច​ជា​ប្រធាន​សហជីព​ផ្សេង​ទៀត បំពេញ​ការងារ​កន្លង​មក គឺ​ក្នុង​គោល​បំណង​តែ​ម្យ៉ាង​គត់ ការពារ​ប្រយោជន៍​កម្មករ កម្មការិនី​។ គ្មាន​ឡើយ​ការ​ញុះញង់​ឬ​បំផុស​កម្មករ កម្មការិនី ប្រឆាំង​នឹង​ក្រុមហ៊ុន ដូច​ការ​ចោទ​ប្រកាន់​ទេ​។ ដូច្នេះ​មួយ​ផ្នែក​នៃ​សវនាការ​នៅ​ថ្ងៃ​ស្អែក រួម​បញ្ជូល​ភាព​ស្អាត​ស្អំ​របស់​មេ​សហជីព​ខ្លួន​ឯង​ផង និង​ការ​ជំរុញ​បន្ថែម​របស់​ប្រមុខ​រដ្ឋា​ភិបាល​ទៀត សំណុំ​រឿង​នេះ​អាច​វិជ្ជមាន​ច្រើន​។ នេះ​បើ​តាម​លោក រ៉ុង ឈុន​។

លោក​ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា​គូស​បញ្ជាក់​ដែរ​ថា បើ​ទោះ​ជា​លោក​មិន​ទាន់​ដឹង​ច្បាស់​ថា បាន​ចូល​រួម​សវនាការ​ឬ​អត់​នោះ​ទេ តែ​ចម្លើយ​របស់​លោក​មិន​ប្រែ​ប្រូល​ឡើយ​។ មិន​ប្រែ​ប្រួល​ព្រោះ​ថា សំណុំ​រឿង​នេះ​ជាប់​ទាក់​ទង​នឹង​ព្រឹត្តការណ៍​បាតុកម្ម​នៅ​ផ្លូវ​វ៉េង​ស្រេង កាល​ពី​ឆ្នាំ​២០១៣ គឺ​រូប​លោក​ផ្ទាល់​ និង​ប្រធាន​សហជីព ដែល​រង​បណ្ដឹង​មិន​ស្ថិត​នៅ​កន្លែង​នោះ​ឡើយ​។

បើ​ទោះ​ប្រធាន​សហជីព​២​រូប មិន​ទាន់​ទទួល​បាន​លិខិត​អញ្ជើញ​ចូល​រួម​សវនាការ​នៅ​ថ្ងៃ​ស្អែក​ក៏​ដោយ​ជា​នីតិ​វិធី​ច្បាប់ ដំណើរ​ការ​សវនាការ​នៅ​តែ​ធ្វើ​ឡើង​ជា​ធម្មតា តាម​រយៈ​មេ​ធាវី​ការពារ​សិទ្ធ​។ ​អ្នក​ស្រី សាម សុគន្ធា​ សហ​មេធាវី​ការពារ​ក្ដី​ឲ្យ​សហជីព​បាន​គូស​បញ្ជាក់​ថា នឹង​ចូល​រួម​សវនាការ​ក្នុង​ឋានៈ​ជា​មេធាវី​ការពារ​សិទ្ធ​។

គួរ​រំឭក​ថា ក្រុម​មេ​សហជីព​ទាំង​នេះ​រួម​មាន៖ លោក​អាត់ ធន់ លោក​ប៉ាវ ស៊ីណា លោកស្រី​ម៉ម ញឹម លោក​ជា មុនី លោក រ៉ុង ឈុន និង​លោកស្រី​យ៉ាង សោភ័ណ្ឌ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពីបទ ប្រព្រឹត្ត​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស បទ​គំរាមកំហែង​ថា​នឹងធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វីមួយ និង​បទ​ប្រើ​មធ្យោបាយ ដើម្បី​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ។ សកម្មភាព​ទាំងនេះ បាន​ប្រព្រឹត្តទៅ​នៅ​ចំណុច​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង កាលពី​អំឡុង​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ