អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក រ៉ុង ឈុន ​ប្រកាស​ផ្អាក​បាតុ​កម្ម​ទាម​ទារ​ដោះ​លែង​លោក កឹម សុខា និង​លើក​លែង​ទោស​លោក សម រង្ស៊ី​

លោករ៉ុង ឈុន ទីប្រឹក្សា​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ និង ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ប្រកាស​លើក​ពេល​ធ្វើ​បាតុកម្ម ដើម្បី​ទាម​ទារ​ឱ្យ​ដោះ​លែង​លោក​កឹម សុខា និង លើក​លែង​ទោស​លោក​សម រង្ស៊ី។ ជា​បាតុកម្ម ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃទី១៥ សីហា​ខាង​មុខ​នេះ​។ ជា​ការ​កត់​សម្គាល់ ការ​ប្រកាស​លើក​ពេល​នេះ ធ្វើ​ឡើង​ក្រោយ​ពី​សាលា​រាជធានី​ភ្នំពេញ​បដិសេធ​សំណើ​សុំ​ធ្វើ​បាតុកម្ម​របស់​លោក រ៉ុង ឈុន​។ ប៉ុន្តែ លោករ៉ុង ឈុន បាន​អះអាង​ថា ការ​លើក​ពេល​នេះ គឺ​ដោយ​សារ​តែ​ថ្នាក់​ដឹក​នាំ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​មាន​បេសកកម្ម​ត្រូវ​បំពេញ​។ 

លោក រ៉ុង ឈុន
លោក រ៉ុង ឈុន @RFI
ផ្សាយពាណិជ្ជកម្ម

ជា​ដំបូង លោករ៉ុង ឈុន ដែល​ជា​ទីប្រឹក្សា​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ចាត់​ទុក​ការ​មិន​អនុ​ញ្ញាត​ឱ្យ​ក្រុម​របស់​លោក​ធ្វើ​បាតុកម្ម​ពី​សំណាក់​សាលា​រាជធានី​ភ្នំពេញ​នេះ​ថា ជា​ការ​បិទ​សិទ្ធិ​សេរីភាព​ជា​មូល​ដ្ឋាន​របស់​ពលរដ្ឋ​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ ​ និង ប្រាស់​ចាក​ពី​កត្តិ​កា​សញ្ញា​ស្តី​ពី​សិទ្ធិ​មនុស្ស​សាកល​។ នៅ​ក្នុង​សន្និ​សីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក រ៉ុង ឈុន ថែម​ទាំង​សម្តែង​នូវ​សោក​ស្តាយ​ថែម​ទៀត​ចំពោះ​ទង្វើ​របស់​សាលា​រាជធានី​ភ្នំពេញ​នេះ​។

សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ០១ ខែសីហា បាន​ប្រកាស​មិន​អនុញ្ញាត​ឱ្យ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ​ធ្វើ​ការ​ជួប​ជុំ​គ្នា​ទេ​នៅ​មុខ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃទី១៥ ខែសីហា។ ថ្ងៃទី១៥ ខែសីហា ដែល​សមាគម​បង្រៀន​កម្ពុជា​ឯករាជ្យ​នេះ​គ្រោង​ធ្វើ​បាតុកម្ម ដើម្បី​ទាម​ទារ​ឱ្យ​តុលាការ​ដោះ​លែង​លោក​កឹម សុខា និង លើក​លែង​ទោស​លោក​សម រង្ស៊ី ក្នុង​គោល​បំណង​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប និង GSP របស់​សហ​រដ្ឋ​អាមេរិក​។ សម្រាប់​សាលា​រាជ​ធានី​ភ្នំពេញ សកម្ម​ភាព​ជួប​ជុំ​គ្នា​នេះ គឺ​ប្រឆាំង​នឹង​សាល​ដីកា​របស់​តុលាការ​កំពូល និង រំលោភ​សមត្ថកិច្ច​របស់​ស្ថាប័ន​តុលាការ​ដែល​មិន​អាច​ឱ្យ​ធ្វើ​ទៅ​បាន​។

ក៏​ប៉ុន្តែ លោករ៉ុង ឈុន បាន​គូស​បញ្ជាក់​ថា ការ​ជួប​ជុំ​របស់​ក្រុម​លោក គឺ​មិន​មាន​ចេតនា​ប្រឆាំង​នឹង​សាល​ដីកា ឬ​បំពាន​តុលា​ការ និង ប្រឆាំង​នឹង​រដ្ឋា​ភិបាល​កម្ពុជា​ឡើយ​។ ផ្ទុយ​ទៅ​វិញ ការ​ធ្វើ​បាតុ​កម្ម​នេះ គឺ​ជា​ការ​រួម​ចំណែក​ក្នុង​ការ​ការពារ និង រក្សា​ការងារ​ដល់​កម្មករ កម្មការិនី​ខ្មែរ​តាម​រយៈ​ការ​ជំរុញ​កុំ​ឱ្យ​មាន​ការ​បាត់​បង់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA និង GSP។ តែ​ទោះ​បីជា​យ៉ាង​ណា​ក៏​ដោយ សាលា​រាជធានី​ភ្នំពេញ បាន​ព្រមាន​ទុក​ជា​មុន​ថា នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ បើ​សិន​ក្រុម​លោក រ៉ុង ឈុន នៅ​តែ​មាន​ការ​ជួប​ជុំ​គ្នា​។

ប្រឈម​មុខ​នឹង​បញ្ហា​នេះ លោក រ៉ុង ឈុន បាន​ប្រកាស​រក្សា​ជំហរ​ធ្វើ​បាតុ​កម្ម​ដដែល ប៉ុន្តែ​លើក​ពេល​ធ្វើ​ដោយ​មិន​កំណត់​ពេល​។ តាម​លោក រ៉ុង ឈុន ការ​លើក​ពេល​នេះ​មិន​មែន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​គោរព​ធ្វើ​តាម​សាលា​រាជធានី​ភ្នំពេញ​នោះ​ទេ ពោល គឺ​ថ្នាក់​ដឹក​នាំ​សមាគម​នេះ​មាន​បេសកកម្ម​ដែល​ត្រូវ​បំពេញ​មិន​អាច​ខក​ខាន​បាន​។ ជាមួយ​នឹង​ការ​លើក​ពេល​នេះ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​ដាច់​ដោយ​ឡែក​មួយ​នៅ​ថ្ងៃ​នេះ ក៏​បាន​អំពាវ​នាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​បើក​ចំហរ​សិទ្ធិ​សេរី​ជួប​ប្រជុំ​សម្តែង​មតិ និង ស្ដារ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ឡើង​វិញ ព្រម​ទាំង​ដោះ​លែង​ថ្នាក់​ដឹក​នាំ​នៃ​អតីត​គណ​បក្ស​ប្រឆាំង​ផង​ដែរ ដើម្បី​ថែ​រក្សា​ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ និង ជាតិ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ