ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/05 12h00 GMT
កម្ពុជា

គណៈកម្មការជាតិ​បន្ត​ស៊ើប​អង្កេត​លើ​សមត្ថកិច្ច​ខ្មែរ​ដែល​បើក​ដៃ​ឲ្យ​វៀតណាម​ចូល​កាប់ឈើ

media  
រូបតំណាងៈសកម្មភាព​បង្រ្កាប​បទល្មើស​ព្រៃឈើ ©វណ្ណារ៉ា

គណៈកម្មការជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​បន្ត​បើក​ការ​ស៊ើប​អង្កេត​ករណី​ មន្ត្រី​សមត្ថកិច្ច​ខ្មែរ​ជាង​១០​នាក់​ដែល​បើក​ដៃ​ឲ្យ​ជនជាតិ​វៀតណាម​ចូល​ កាប់​ឈើ ក្នុង​ខេត្តមណ្ឌល​គិរី ជា​ថ្នូរ​ទឹក​ប្រាក់​១៧​ម៉ឺន​ដុល្លារ។ ក្នុង​នោះ​មន្ត្រី​២​នាក់​ត្រូវ​បាន​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ស្នើ​ឲ្យ​ បញ្ជូន​ទៅ​តុលា ៩នាក់​ត្រូវ​ដាក់​ពិន័យ។  រីឯ​ជន​ជាតិ​វៀត​ណាម​​ចំនួន​៧​នាក់​ដែល​បាន​ឃុប​ឃិត​ជាមួយ​សមត្ថកិច្ច​ខ្មែរ​ នោះ​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន។

គិត​រហូត​មក​ដល់​ពេលនេះ​គណៈកម្មការ​ជាតិ​ទប់​ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​នៅ​មិន​ទាន់​មាន​វិធានការ​ផ្នែក​ច្បាប់​ណា​មួយ ចំពោះ​មន្ត្រី​សមត្ថកិច្ច​ជាង​១០​នាក់នេះ​នៅ​ឡើយ​​ទេ បន្ទាប់​ពី​ពួក​គេ​ទទួល​លុយ​១៧​ម៉ឺន​ដុល្លារ ជា​ថ្នូរ​ឲ្យ​ជន​ជាតិ​វៀត​ណាមចូល​កាប់​ឈើ​នៅ​ព្រំដែន​អូរ​ហុច​ខេត្ត​មណ្ឌល​គិរី។

តែ​យ៉ាង​ណា​ក៏​ដោយ​លោក អេង ហ៊ី អ្នកនាំ​ពាក្យ​គណៈកម្មការ​ជាតិ​ទប់​ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​និង​ជា​អ្នក​នាំពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បានព្រមាន​ទុក​ជា​មុន​ថា មន្ត្រី​សមត្ថកិច្ច​ទាំង​នោះ​នឹង​ប្រឈម​ពី​ការ​បណ្ដេញ​ចេញ​ពី​តួនាទី​ឬមុខ​តំណែង​អាស្រ័យ​ទៅ​លើ​ទង្វើល​របស់​ពួក​គេ​ក្រោយ​ការ​ស៊ើប​អង្កេត​បិទ​បញ្ចប់។ លោក អេង ហ៊ី មិន​បាន​បញ្ជាក់​ទេ​ថា ការ​ស៊ើប​អង្កេត​នេះ​នឹង​បញ្ចប់​នៅ​ពេល​ណា​នោះ​។ ហើយ​បច្ចុប្បន្ន​មន្រ្តី​ជាង​១០​នាក់​នោះ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល​របស់​អង្គភាពពួក​គេ​រៀងៗ​ខ្លួន។
 
សូមបញ្ជាក់ថា ការ​ទទួល​លុយ​ជា​ថ្នូរ​ឲ្យ​ជន​ជាតិ​វៀត​ណាម​ចូល​កាប់​ឈើ​នេះ​ត្រូវ​បាន​គេចាត់​ទុក​ថា ជា​ការ​ឃុប​ឃិត​ជា​ប្រព័ន្ធ​ដោយ​រាប់​ចាប់​តាំង​ពី​ថ្នាក់​លើ​រហូត​ដល់​ថ្នាក់​ក្រោម។ សំណុំ​រឿង​នេះ​ក៏​បាន​ទៅ​ដៃ​អគ្គស្នងការ​នគរបាល​ជាតិ​ដែរ ដោយ​នគរបាល​ជាតិស្នើ​ឲ្យ​បញ្ជូន​សំណុំ​រឿង​មន្ត្រី​២​រូប​ទៅ​តុលាការ ៩រូប​ត្រូវ​ដាក់​ពិន័យ។ ហើយ​មន្ត្រី​ផ្សេងទៀត​កំពុង​ត្រូវ​គណៈ​កម្ម​ការ​ជាតិ​ចាត់​ការ​បន្ត។
 
អគ្គស្នង​ការ​នគរបាល​ជាតិ​បាន​គូសបញ្ជាក់​ថា មន្ត្រី​មួយ​ចំនួន​ក្នុង​ចំណោម​មន្ត្រី​ជាង​១០​នាក់​រួម​មាន ជុំ រតនា លាង ភារ័ត្ន ទា ខៃម៉េង ឯម សុងហ៊ួ និង​មេឈ្មួញ​វៀត​ណាម​ឈ្មោះ​អ៊ុក ញ៉ ពិត​ជា​មេក្លោង​បានប្រព្រឹត្ត​អំពើ​ឃុប​ឃិត​គ្នា​កាប់​បំផ្លាញ​ប្រមូល និង​ដឹក​ជញ្ជូន​ផល អនុផល​ព្រៃឈើ ឆ្លងដែន​ខុស​ច្បាប់​ទៅ​ប្រទេស​វៀត​ណាម៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ