អានតួអត្ថបទ
កម្ពុជា

សាលារចនាថ្មី នឹង​ចាប់​ផ្តើម​ការ​សាង​សង់​នៅ​ដើម​ខែមេសា

សាលា​រចនា ឬ​ដើម​ឡើយ​ហៅថា សាលា​សិល្បៈ​ខេមរ​ ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩១៧ នៅ​ក្នុង​រជ្ជ​កាល​របស់ ព្រះ​ករុណា ព្រះបាទ ស៊ីសុវត្ថិ ដោយ​មាន​ការ​ជ្រុម​ជ្រែង​ពី លោក George Groslier អតីត​អភិបាល​បារាំង​ប្រចាំ​ឥណ្ឌូចិន​។ សាលា​រចនា កាល​ពី​ពេល​ថ្មីៗនេះ ទើប​តែ​បាន​រៀប​ចំ​ខួប​គម្រប់​ ១០០ ឆ្នាំ នៃ​ការ​បង្កើត​របស់​ខ្លួន ហើយ​នៅ​ដើម​ខែ​មេសា​ខាង​មុខ​នេះ សាលា​នេះ ​នឹង ក្លាយ​ជា​សារៈមន្ទីរ​ជាតិ​។ ចំណែក​អគារ​សាលា​រចនា​ថ្មី នឹង​ត្រូវ​សាង​សង់​លើ​ផ្ទៃ​ដី​ប្រមាណ ៤ហិកតា នៅ​តំបន់​អភិវឌ្ឍន៍ជ្រោយ​ចង្វា។

សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​
សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ស្ថិត​នៅ​ភាគ​ខាង​ជើង​ព្រះ​បរម​រាជ​វាំង និង​នៅ​ខាង​លិច​នៃ​វាល​ព្រះសុមេរុ ដែល​មានសារ​មន្ទីរ​សាង​បន្ត​នៅ​ជាប់​ពី​ខាង​កើត​នៃ​សាលា​នេះ។ ទាំង​សាលា​រចនា និង សារ​មន្ទីរជាតិ មាន​ទំនាក់​ទំនង​គ្នា​យ៉ាង​ជិត​ស្និត ខាង​វិស័យ​សិល្បៈ​ខ្មែរ​បុរាណ​និង​សិល្បៈ​ខ្មែរ​សម័យ​ថ្មី​។ រី​ឯ​គ្រូបង្ហាត់​នៅ​សាលា​រចនា​នេះ ទៀត​សោត បាន​មក​ពី​ក្រុម​សិល្បករ​នៃ​ព្រះបរមរាជ​វាំង​ជា​ច្រើន​ រួម​ជា​មួយនឹង​សិល្បករ​ចំណានៗ​ ដែល​អញ្ជើញ​ពី​ទី​ផ្សេងៗ​ ទាំង​ខាង​រោង​ជាង​កិច្ចការ​រចនា ទាំង​ខាង​របាំ​ព្រះរាជ្យទ្រព្យ​ និង ក្រុម​ភ្លេង​ជា​ដើម។

សាលា​រចនា មាន​មហាវិទ្យាល័យ​ធំ​ៗចំនួន​ប្រាំ គឺ​មហាវិទ្យាល័យ​សូន​រូប នាដ​សាស្រ្ត តូរ្យ​តន្រ្តី ស្ថាបត្យកម្ម​និង​នគរោបនីយ​វិទ្យា និង មហាវិទ្យាល័យ​បុរាណវិទ្យា​។ ការ​បង្កើត​សាលា​រចនា ឬ សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ​នេះ​ឡើង គឺ​ជា​គំនិត​ផ្តួច​ផ្តើម របស់​ព្រះបាទ​សម្តេច​ព្រះ​ស៊ីសុវត្ថិ ដោយ​មាន លោក George Groslier ជា​អ្នក​រៀបចំ​។ លោក ជា​បញ្ញា​វ័ន្ត ជន​ជាតិ​បារាំង ដែល​បាន​ចំណាយ​ពេល​ស្ទើរ​តែ​ពេញ​មួយ​ជីវិត​របស់​លោក ដើម្បី​សិល្បៈ​វប្បធម៌​ខ្មែរ។  

នៅ​សម័យ​អាណានិគម​បារាំង សាលា​រចនា​នៅ​តែ​ចូល​រួម​យ៉ាង​សកម្ម តាំង​ពី​ការងារ​សាង​សង់​រូបប្រាសាទ​អង្គរ បាយ័ន ចម្លង​រូប​ក្បាច់​រចនា ផ្ទាំង​ចម្លាក់ បដិមា និង ការ​សម្តែង​សិល្បៈ​ផ្សេងៗ។​ នៅ​ក្នុងសម័យ​សង្គម​រាស្រ្ត​និយម សាលា​រចនា ដែល​ត្រូវ​បាន​កសាង​តំណាលគ្នា​នឹង​សារមន្ទីរ​ជាតិ​កម្ពុជា​ក្នុង​ឆ្នាំ១៩១៧ ត្រូវ​បាន​ប្រែក្លាយជា​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​នៅ​ឆ្នាំ១៩៦៥ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះបរមរតន​កោដ្ឋ នរោត្តម សីហនុ។ ដោយ​ឡែក នៅ​សម័យ​ខ្មែរក្រហម សាលារចនា ត្រូវបាន​បិទ​ទ្វារ​លែង​ដំណើការ​ទាំង​ស្រុង។ យ៉ាង​ណា​មិញ ក្រោយ​របប​ខ្មែរ​ក្រហម​ដួល​រលំ ដោយ​សារ​កិច្ចខិត​ខំ​ប្រឹង​ប្រែង​របស់​សាស្រ្តាចារ្យ សាលា​នេះ ក៏​អាច​បន្ត​ដង្ហើម​រស់​ឡើង​វិញ។ ចាប់​តាំង​ពី​ពេល​នោះ​មក សាលា​រចនា បាន​អប់​រំ​បណ្តុះបណ្តាល​វិស័យ​សិល្បៈ​គ្រប់​ផ្នែក និង ការងារ​ស្រាវ​ជ្រាវ​ជា​ច្រើន​រហូត​មកដល់​បច្ចុប្បន្ន។ ចន្លោះ​ឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៥ មក អគារ​ខ្លះ​ក៏​ចាប់​ផ្តើម​កែ​លម្អ និង ពង្រីក​បន្ថែមតាម​ទម្រង់​រចនាប័ទ្ម​ចាស់​ជា​បណ្តើរៗ។

កាល​ពី​ពេលថ្មីៗនេះ រដ្ឋាភិបាល បាន​ប្រកាសប្តូរ​ទីតាំង​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​​ ។ ការសាងសង់​សាលា​រចនា​ថ្មី នឹង​បើក​ការ​ដ្ឋានសាង​សង់ ​នៅ​ថ្ងៃទី​២ ខែម​សា ខាងមុខ និង គ្រោង​ចំណាយ​ថវិកា​ប្រមាណ ១២​លាន​ដុល្លារ សង់​នៅលើ​ផ្ទៃដី​ប្រមាណ ៤​ហិកតា នៅ​តំបន់​ជ្រោយចង្វារ​។ គម្រោង​នេះ​នឹង ​រួចរាល់​ក្នុង​រយៈពេល​៣​ឆ្នាំ ដើម្បី​ពង្រឹង និង​ពង្រីក គុណភាព​អប់រំ​ផ្នែក​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា ឲ្យ​កាន់តែ​ល្អប្រសើរ​។ ទោះ​បីជា​មាន​ការ​ផ្លាស់​ប្តូរ​ទីតាំង​យ៉ាង​ណា​ក៏​ដោ​យ រដ្ឋ​មន្រ្តី​ក្រសួង​វប្បធម៌ បាន​អះអាង​ថា អគារ​សាកលវិទ្យាល័យ​ថ្មី នឹង​នៅ​តែ​រក្សា​រចនាប័ទ្ម រក្សា​អត្តសញ្ញាណ​វប្បធម៌ និង​ទម្រង់​បែប​បទ​របស់​ខ្មែរ​ដដែល៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ