អានតួអត្ថបទ
កម្ពុជា-ច្បាប់

​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ​ថា​មិន​តក់​ស្លុត​តែ​បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​ឡើង​បំភ្លឺ​នៅ​តុលាការ​ថ្ងៃ​នេះ​

កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូហ្សេត បាន​ចេញ​ពី​តុលាការ​វិញ​ហើយ​នៅ​ម៉ោង​១២​ថ្ងៃត្រង់នេះ បន្ទាប់​បាន​ចូល​ឆ្លើយ​សំណួរ​របស់​តំណាង​អយ្យការ​ប្រមាណ​ជិត​មួយ​ម៉ោង​។ អតីត​ចៅ​សង្កាត់​រូប​នេះ គឺ​ស្ថិត​ក្នុង​ចំណោម​សកម្ម​ជន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន​៤រូប​ដែល​ត្រូវ​ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​នេះ ខណៈ​សកម្មជន​២រូប​ទៀត​ត្រូវ​ចូល​បំភ្លឺ​នៅ​ពេល​រសៀល​។ ប៉ុន្តែ​តំណាង​អយ្យការ​នៅ​មិន​ទាន់​សម្រេច​យ៉ាង​ណា​ចំពោះ​ជោគ​វាសនា​របស់​សកម្មជន​អតីត​បក្សប្រឆាំង​ទាំង​នោះ​នៅ​ឡើយ​។ 

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ថាមិនតក់ស្លុតតែបារម្ភពីសុវត្ថិភាព
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ថាមិនតក់ស្លុតតែបារម្ភពីសុវត្ថិភាព @REUTERS
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ចេញ​ពី​របង​តុលាការ​ភ្លាម កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូហ្សេតអតីត​ចៅ​សង្កាត់​រូប​នេះ ត្រូវ​បាន​អ្នក​គាំទ្រ​រាប់​សិប​នាក់​អម​ដំណើរ​ដោយ​ថ្មើរ​ជើង​ទៅ​កាន់​ផ្ទះ​របស់​នាង​ដែល​លក់​នំបញ្ចុក​នៅ​មិន​ឆ្លាយ​ប៉ុន្មាន​ពី​តុលាការ​ខេត្ត​បាត់​ដំបង។ តុលាការ​ខេត្តបាត់ដំបង​ដែល​មាន​កម្លាំង​សមត្ថកិច្ច​បាន​រារាំង​ក្រុម​អ្នក​គាំទ្រ មន្ដ្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​សារ​ព័ត៌មាន មិន​ឲ្យ​ចូល​ទៅ​ឈរ​នៅ​បរិវេណ​ខាង​មុខ​តុលាការ​ឡើយ​។

កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូហ្សេតដែល​ពូកែ​ខាង​សំដី​ផង​នោះ បាន​ថ្លែង​ថា​នាង​មិន​មាន​ការ​តក់​ស្លុត​ចំពោះ​ការ​ហៅ​សាក​សួរ​របស់​តុលាការ​ទេ ប៉ុន្តែ​នាង​មាន​ការ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​។ បារម្ភ​ពី​សុវត្ថិភាព​ព្រោះ​ជា​ញឹក​ញយ​តែង​មាន​មនុស្ស​មួយ​ក្រុម​ក្នុង​អាការៈ​ស្រវឹង​ស្រា​បាន​មក​ឈប់​នៅមុខ​ហាង​នំ​បញ្ចុក​របស់​នាង​ដោយ​ជេរ​ប្រមាថ​រូប​នាង​និង​លោក សម រង្ស៊ី។នេះ​ជា​ការ​អះអាង​របស់​កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូហ្សេត​។

សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​គឺ​មាន​អតីត​ចៅ​សង្កាត់ និង​ក្រុម​ប្រឹក្សា​អតីត​គណបក្ស​សង្គ្រោះជាតិ​ចំនួន ៤រូប បាន​ចូល​ឆ្លើយ​បំភ្លឺ មាន លោក ឌឹម សារឿន កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត លោក ម៉ក រ៉ា និង លោក ខាន់ ប៊ុន​ផេង​។​ចំណែក​លោក ឃួន ចំរើន និងលោក យួម​ ដូង ចូល​បំភ្លឺ​នៅ​ពេល​រសៀល​។

គិត​ត្រឹម​ថ្ងៃទី៩ ខែ​ឧសភា​នេះ គឺ​មាន​សកម្មជន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ជាង​១០​នាក់​ក្នុង​ចំណោម​មនុស្ស​ចំនួន ២៦​នាក់​បាន​ចូល​ឆ្លើយ​បំភ្លឺ​តាម​ដីកា​កោះ​របស់​តុលាការ​ខេត្ត​បាត់ដំបង​ជុំវិញ​ការ​ចោទ​ថា ពួក​គេ​បាន​ធ្វើ​សកម្មភាព​ប្រឆាំង​សាលដីកា​របស់​តុលាការ​កំពូល​ដែល​ការរំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​ប៉ុន្តែ​តំណាង​អយ្យការ​នៅ​មិន​ទាន់​សម្រេច​យ៉ាង​ណា​ចំពោះ​ជោគវាសនា​របស់​សកម្មជន​អតីត​បក្ស​ប្រឆាំង​ទាំង​នោះ​នៅ​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ