អានតួអត្ថបទ
កម្ពុជា

ឆ្នាំ​២០១៨៖ ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជាត្រូវ​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​ទម្លាក់​អស់​១០​លេខ

អង្គការ​អ្នក​កាសែត​គ្មាន​ព្រំ​ដែន នៅ​ថ្ងៃ​ពុធ​នេះ​បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ស្ដី​ពី​សេរីភាព​សារព័ត៌មាននៅ​តាម​បណ្ដា​ប្រទេស​នានា​ជុំ​វិញ​ពិភពលោក​ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​កម្ពុជា​ដែរ​។ សម្រាប់​កម្ពុជា អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន ទម្លាក់​ចំណាត់​ថ្នាក់​ពី​លេខ​១៣២ ដល់​លេខ​១៤២ ដោយ​សារ​តែ​អង្គការ​នេះ​មើល​ឃើញ​ថា ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​​នៅ​កម្ពុជា​ត្រូវរង​សម្ពាធ​ខ្លាំង​ពី​​រដ្ឋាភិបាល​ខ្មែរ ​ ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ​។

រូបភាព​បង្ហាញ​ពី​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​ទូទាំង​ពិភពលោក ក្នុង​ឆ្នាំ​២០១៨ ចាត់​ថ្នាក់​ដោយ​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន
រូបភាព​បង្ហាញ​ពី​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​ទូទាំង​ពិភពលោក ក្នុង​ឆ្នាំ​២០១៨ ចាត់​ថ្នាក់​ដោយ​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន Reporters Without Borders
ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​ប្រទេស​១៧៩ នៅ​ទូទាំង​ពិភលោក កម្ពុជា​​ជាប់​ចំណាប់​ថ្នាក់ លេខ​១៤២ គឺ​ធ្លាក់​ចុះ ចំនួន១០​លេខ​ ខុស​ពី​ឆ្នាំ​មុន​។ ឆ្នាំមុន ឆ្នាំ​​២០១៧ កម្ពុជា​​ជាប់ចំណាត់​ថ្នាក់​​លេខ ១៣២​។ នេះបើតាម​របាយការណ៍​សិក្សា​វាយ​តម្លៃ​ជា​ថ្មី ទៅ​លើ​សេរីភាព​សារព័ត៌មាន​ ចេញ​ផ្សាយ​មួយ​ឆ្នាំ​ម្តង​របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​​។

ការ​ធ្លាក់​ចុះ​ចំណាត់​ថ្នាក់​របស់​កម្ពុជានៅ​ឆ្នាំនេះ ត្រូវ​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន ពន្យល់ថា គឺ​មកពីរដ្ឋាភិបាល​ខ្មែរ បាន​ធ្វើទុក្ខ​បុកម្នេញ​​ចំពោះ​កាសែត​ឯករាជ្យ​នៅ​ក្នុង​ឆ្នាំ​២០១៧​កន្លងទៅ​។ អង្គការ​នេះលើក​យក​ករណី​កាសែត The Cambodia Daily ដែល​ត្រូវ​បង្ខំ​ចិត្ត​បិទ​ទ្វារ​ដោយ​សារ​ការ​ដាក់​គំនាប​ពន្ធ​ដារ​ពី​រដ្ឋាភិបាល មកបញ្ជាក់​ជា​ឧទាហរណ៍​។​​

សម្រាប់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំ​ដែន រដ្ឋាភិបាល​ខ្មែរ​ផ្ដើម​​គាប​សង្កត់​លើ​ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ចាប់តាំង​ពី​មើល​ឃើញ​ថា គណបក្ស​ប្រឆាំង​ទទួល​បាន​សន្ទុះ​គាំទ្រ​ខ្លាំង​ក្លា​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​។ ហើយ​មាន​តែ​ការ​បំបិទ​មាត់ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ទេ ទើប​រដ្ឋាភិបាល​អាច​ធានា​ពី​ជ័យ​ជំនះ​របស់​ខ្លួន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ខាង​មុខ​។ នេះ​បើ​តាម​សំណេរ​របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​។

មិន​ត្រឹម​តែ​ប៉ុនណោះ អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង​នេះ ក៏​បាន​សង្កត់​ធ្ងន់​ផង​ដែរ​ពី​ការ​ឃុំ​ខ្លួន​អ្នក​កាសែត​ជា​ច្រើន​នាក់ ក្រោម​បទ​ចោទ​ដោយ​គ្មាន​មូលដ្ឋាន​ ព្រម​ទាំង​ការ​បាញ់​សម្លាប់​លោក​ កែម ឡី ដែល​ជា​អ្នក​អត្ថាធិប្បាយ​តាម​បណ្ដាញ​ផ្សព្វផ្សាយ​ដ៏​មាន​ប្រជាប្រិយ​ភាព។ គឺ​ហេតុការណ៍​អស់​ទាំង​នេះ​ហើយ ដែល​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន ចាត់​ទុក​ថា ជា​កត្តា​ដែល​ធ្វើ​ឲ្យ​សេរីភាព​សារព័ត៌មាននៅ​ស្រុក​ខ្មែរ​ត្រូវ​គ្រប​ដណ្ដប់​ដោយ​បរិយាកាសល្អក់​កករ​។​

គួរ​កត់​សម្គាល់​ថា នៅ​ក្នុង​តារាង​របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន ចំណាត់​ថ្នាក់​សេរីភាព​សារព័ត៌មាន​របស់​កម្ពុជា បន្ត​ធ្លាក់​ចុះ៣​ឆ្នាំ​ជាប់​គ្នា​ៗហើយ​ បើ​រាប់​ទាំង​ឆ្នាំ​នេះ​ទៀត​។ កាល​ពី​ឆ្នាំ​២០១៦ កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១២៨។ ចំណាត់​ថ្នាក់​នេះ​ធ្លាក់​ចុះ​៤​លេខ មក​នៅ​ត្រឹម​ចំណាត់​ថ្នាក់​១៣២ នៅ​ឆ្នាំ​២០១៧​។ និង​បន្ត​ធ្លាក់​ចុះ​១០​លេខ​ថែម​ទៀត នៅ​ឆ្នាំ​២០១៨​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ