អានតួអត្ថបទ
កម្ពុជា

RSF ថ្កោល​ទោស​ក្រម​សីលធម៌​អ្នក​កាសែត​របស់​គ.ជ.ប ថា​បំបិទ​សេរីភាព​សារព័ត៌មាន​

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន ឬ Reporters San Frontieres (RSF) បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ នៅ​ថ្ងៃ​ទី ២៩​មិថុនា​នេះ ដោយ​បាន​ថ្កោល​ទោស​លើ​ក្រម​សីលធម៌​សម្រាប់​អ្នក​សារព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​(គ.ជ.ប)។ ថ្កោល​ទោស ដោយ​អង្គការ​មួយនេះ យល់​ថា​ការ​បង្កើត​ឲ្យ​មាន​ក្រម​សីលធម៌​របស់ គ.ជ.ប គឺ​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​ ដល់​អ្នក​សារព័ត៌មាន​ ក្នុង​អំឡុង​ពេល​ប្រមូល​ព័ត៌មាន​ទាក់​ទង​នឹង​ការ​បោះឆ្នោត​។

និមិត្តសញ្ញា គជប អង្គការ​អ្នក​កាសែតគ្មានព្រំដែន និង​ការបោះឆ្នោតនៅកម្ពុជា។
និមិត្តសញ្ញា គជប អង្គការ​អ្នក​កាសែតគ្មានព្រំដែន និង​ការបោះឆ្នោតនៅកម្ពុជា។ @RFI
ផ្សាយពាណិជ្ជកម្ម

លោក Daniel Bastard ប្រធាន​អង្គការ​អ្នក​កាសែតគ្មានព្រំដែនប្រចាំតំបន់អាស៊ី​ប៉ាស៊ីហ្វិក បាន​និយាយ​ក្នុង​របាយការណ៍របស់ខ្លួនថា ក្រម​សីលធម៌អ្នក​សារព័ត៌មាន​របស់ គ.ជ.ប បានប្រើ​ភាសា​នៃលទ្ធិផ្តាច់​ការ ដែល​ជាការហៅ​ត្រលប់មក​វិញនូវយុគសម័យ​ដ៏អាក្រក់បំផុត។ តាម​លោក Daniel ការ​រឹតបណ្តឹង​នេះ គឺជាការ​បញ្ចប់​នូវ​ផែន​ការ​របស់លោក​ហ៊ុន សែន កាលពីមួយឆ្នាំមុន ដែលចង់​​បំបិទ​មាត់​គ្រប់​អ្នក​ប្រឆាំង។ ប្រធានអង្គការ​អ្នក​កាសែតគ្មាន​ព្រំដែនរូបនេះ បាន​ជំរុញឲ្យ​ប្រទេសដៃគូពាណិជ្ជកម្ម​របស់​​​កម្ពុជា ដូចជា​សហភាពអឺរុប សហរដ្ឋអាមេរិក និង​ជប៉ុន ត្រូវ​តែ​អនុម័តនូវ​ទណ្ឌកម្ម​ឲ្យ​បាន​ជាក់លាក់ និង​លឿន​រហ័សមួយ ដើម្បី​​​ប្រឆាំងនឹង​ស្ថានភាពនៃហានិភ័យនេះ។

ឆ្លើយ​តប​ទៅនឹង​សេចក្តីថ្លែងការណ៍របស់​អង្គការ​អ្នក​សារព័ត៌មានគ្មានព្រំដែន លោក​ហង្ស ពុទ្ធា អ្នក​នាំពាក្យ​ គ.ជ.ប បាន​លើកឡើ​ងថា ក្រម​សីលធម៌អ្នក​សារព័ត៌មាន ដែល ​គ.ជ.ប បាន​ផ្សព្វផ្សាយ​កាលពីចុងខែឧសភានោះ គឺមាន​ការ​ពិភាក្សា​យ៉ាង​ម៉ត់​ច្មត់ជាមួយ​ប្រទេសផ្តល់​ជំនួយ ដូចជា​សហភាពអឺរុប សហរដ្ឋអាមេរិក និង​ភាគីពាក់ព័ន្ធផ្សេងទៀត ទម្រាំចេញជាការ​អនុម័ត​មួយ​យ៉ាងដូច្នេះ។

​គោលបំណង​របស់​ក្រម​សីលធម៌នេះ គឺគ្រាន់​តែ​ដើម្បី​ជំរុញ​ឲ្យ​លទ្ធផល​នៃការបោះឆ្នោត​ នាពេលខាងមុខ អាចទទួល​យក​បាន​ពីគ្រប់ភាគីទាំងអស់ ពោល​គឺមិន​មានចេតនាបំបិទសេរីភាពបញ្ចេញ​មតិអ្វីទាំងអស់។ នេះបើតាមលោក ហង្ស ពុទ្ធា។

យ៉ាងណាមិញ បើ​តាម​អង្គការដែលមានមូលដ្ឋាន​នៅប្រទេសបារាំងមួយនេះ គ្រប់​ចម្ងល់​ត្រូវបាន​ស្តែងចេញ​ឲ្យ​ឃើញថា​លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន ចង់​រុញ​ច្រានលទ្ធិប្រជាធិបតេយ្យ​ឲ្យ​ចេញឆ្ងាយ​ពីកម្ពុជា នៅពេល​ដែល គ.ជ.ប ចេញ​ផ្សាយ​ក្រម​សីលធម៌អ្នក​សារព័ត៌មាន​។ ក្រម​សីលធម៌ ដែល​បើ​តាម​អង្គការនេះ គឺវាកំពុង​ជាការ​រំលោភបំពាន និង​ធ្វើ​ឲ្យ​មាន​ភាពភ័យ​ខ្លាច​ ដល់​សេរីភាពសារព័ត៌មាន​នៅកម្ពុជា។

សូម​បញ្ជាក់ថា តាមការណែនាំដែលជាក្រមសីលធម៌អ្នកកាសែតរបស់គ.ជ.ប ស្ថាប័នមួយនេះបាន​ដាក់​បម្រាម ៨ចំនុច​ដល់​ប្រព័ន្ធផ្សព្វផ្សាយ ដោយ​ហាម​មិន​ឲ្យ ប្រើប្រាស់​ភាសា ការសរសេរ ការបោះពុម្ពផ្សាយ ឬ ការ​បញ្ចេញ​ទស្សនៈមតិ ដែល​អាចប៉ះពាល់​ដល់​សន្តិសុខជាតិ ស្ថេរភាព នយោបាយ និង​សង្គមជាដើម​។ ក្នុងនោះ ក៏​ហាម​មិន​អ្នក​កាសែត ធ្វើ​បទ​សម្ភាសន៍​ក្នុងការិយាល័យ​ចុះឈ្មោះបោះឆ្នោត ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹក​ឆ្នោត។ ហើយ​ក្នុង​ករណីដែលល្មើស នឹងមានការ​ផាកពិន័យ​ជាប្រាក់ពី ១០លានរៀល ដល់ ២០លានរៀល ។

គួរជម្រាបជូនដែរថា បើ​យោងតាម​​របាយការណ៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ ២០១៨សេរីភាព​សារព័ត៌មាន​កម្ពុជា ស្ថិតនៅ​លំដាប់​លេខរៀងទី ១៤២ ក្នុងចំណោម ១៨០​ប្រទេស​លើ​ពិភពលោក ដែល​លេខរៀងនេះ ធ្លាក់ចុះ​ទាប​ ១០​លេខ បើ​ធៀបនឹង​ឆ្នាំ ២០១៧៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ