បក្សកាន់អំណាចថាខ្លួនឈ្នះភ្លូកទឹកភ្លូកដី ខណៈបក្សផ្សេងទៀតសង្ឃឹមថាបានខ្លះដែរ
ភ្លាមៗបន្ទាប់ពីបិទបញ្ចប់ការបោះឆ្នោតនៅថ្ងៃនេះ គណបក្សនយោបាយមួយចំនួនក្នុងចំណោមគណបក្សទាំង២០ បានអះអាងពីការទទួលបានអាសនៈរៀងៗខ្លួន ខណៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅមិនទាន់ប្រកាសលទ្ធផលនៅឡើយ។ ប៉ុន្តែសម្រាប់គណបក្សកាន់អំណាចអះអាងថាខ្លួននឹងឈ្នះឆ្នោតភ្លូកទឹកភ្លូកដីទៀតហើយនៅពេលនេះ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៤៣
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា គណបក្សកាន់អំណាចនេះ នឹងឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ប្រៀបដូចកាលពីឆ្នាំ២០០៨នោះដែរ។ ប៉ុន្តែលោករំពឹងថា គណបក្សចាស់វស្សានេះនឹងទទួលបានលើសពី៩០អាសនៈនៃចំនួនអាសនៈរដ្ឋសភាសរុប១២៥។
ចំណែក លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលជាគណបក្សមួយទទួលបានអាសនៈចំនួន៤១ ក្រោយពីរំលាយគណបក្សសង្រ្គោះជាតិនោះ សង្ឃឹមថា ខ្លួនអាចនឹងទទួលបានអាសនៈខ្លះដែរនៅក្នុងការបោះឆ្នោតពេលនេះ ប៉ុន្តែលោកមិនហ៊ានសន្និដ្ឋានថាបានប៉ុន្មានអាសនៈនោះទេ។
ផ្ទុយទៅវិញ សម្រាប់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលអះអាងថាខ្លួនជាជម្រើសថ្មីក្រោយអស់ពីគណបក្សសង្រ្គោះជាតិនោះ បានសំដែងពីចម្ងល់ទៅវិញថា ហេតុអ្វីបានជាពលរដ្ឋនៅពេលនេះបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាច្រើនយ៉ាងនេះ? នេះជាការលើកឡើងរបស់លោក សាម អ៊ីន អ្នកនាំពាក្យគណបក្សGDP។ តែលោក សាម អ៊ីន នៅមិនទាន់អាចនិយាយបានថា គណបក្សថ្មីនេះនឹងទទួលបានអាសនៈខ្លះដែរឬទេ។
រីឯគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ ក៏មិនទាន់អាចនិយាយបានថាខ្លួននឹងទទួលបានអាសនៈខ្លះឬអត់នោះទេ ដោយសារតែមិនទាន់ទទួលបានលទ្ធផលពីភ្នាក់ងាររបស់ខ្លួននៅគ្រប់ការិយាល័យបោះឆ្នោត។ នេះជាការអះអាងរបស់លោក សិង្ហ គិរី មន្រ្តីជាន់ខ្ពស់គណបក្សខ្មែររួបរួមជាតិ។
យ៉ាងណាក៏ដោយ គណបក្សផ្សេងៗទៀតនៅមិនទាន់ហ៊ានសន្និដ្ឋានថាខ្លួន នឹងទទួលបានអាសនៈខ្លះដែរ ឬយ៉ាងណានោះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ