អានតួអត្ថបទ
កម្ពុជា-នយោបាយ

មេ​បក្ស​កាន់​អំណាច​លើក​៤​ចំណុច​ដែល​អាច​ឈ្នះ​ការ​បោះ​ឆ្នោត​ជាតិ តែ​បក្ស​ប្រឆាំង​ថា​ អាស្រ័យ​លើ​ពលរដ្ឋ

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ប្រធាន​បក្ស​ប្រជាជន​កម្ពុជា​នៅ​ព្រឹក​នេះ បាន​លើក​ឡើង​នូវ​៤​ចំណុច​ក្នុង​ទម្រង់​ជា​សំណួរ​និង​ចម្លើយ​ដែល​នាំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​រឹង​មាំ និង បន្ត​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨។ ចំណុច​ទាំង​៤​នេះ អាច​សង្ខេប​ខ្លី​បាន​ថា គឺ​បក្ស​ប្រជាជន ជា​អ្នក​រំដោះ​កម្ពុជា​ពី​របប​ប៉ុល ពត និង​បាន​នាំ​សន្តិភាព​មក​ឲ្យ​ពលរដ្ឋ​កម្ពុជា​រហូត​ដល់​បច្ចុប្បន្ន។ សម្រាប់​បក្ស​ប្រឆាំង​វិញ ការ​ឈ្នះ​ឆ្នោត​គឺ​វា​អាស្រ័យ​លើ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា
ផ្សាយពាណិជ្ជកម្ម

លោក​ហ៊ុន សែន បាន​ចោទ​សួរ​ជា​ចំណួរ​និង​ឆ្លើយ​ដោយ​ខ្លួន​ឯង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថា តើ​គណបក្ស​ណា​មួយ​ដែល​ហ៊ាន​លះបង់​គ្រប់​យ៉ាង​រំដោះ​ប្រទេស​ពី​របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត និង ផ្តល់​កំណើត​ទី​២​ដល់​ពលរដ្ឋ​ខ្មែរ? តើ​គណបក្ស​ណា​មួយ​ដែល​បាន​នាំ​មក​នូវ​សន្តិភាព​ពេញ​លេញ​ដល់​កម្ពុជា? តើ​គណបក្ស​ណា​មួយ​ដែល​បាន​កសាង​ប្រទេស​ពី​គំនរ​ផេះ​ផង់​រហូត​ដល់​កម្ពុជា​បាន​រីក​ចម្រើន​មក​ទល់​សព្វ​ថ្ងៃ​នេះ?ចម្លើយ​រួម​នៃ​សំណួរ​ទាំង​បី​នេះ លោក​ហ៊ុន សែន​បាន​បញ្ជាក់​ថា ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា។

ចំណែក​មួយ​សំណួរ​ទៀត គឺ​ថា​តើ​មេដឹកនាំ​គណបក្ស​ណា​មួយ​ដែល​ហ៊ាន​លះបង់​សូម្បី​អាយុ​ជីវិត​ខ្លួន​មិន​ស្តាយ មិន​រត់​ចោល​ប្រជាពលរដ្ឋ​ទៅ​សំងំ​យក​ស្រួល​ម្នាក់​ឯង​នៅ​ក្រៅ​ប្រទេស​ហើយ​នៅ​តែ​តស៊ូ​រួម​សុខ​រួម​ទុក្ខ​ជាមួយ​ពលរដ្ឋ​តាំង​ពី​ប្រទេស​ធ្លាក់​ចូល​ក្នុង​ភ្នក់​ភ្លើង​សង្រ្គាម​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ? ចម្លើយ​នៃ​សំណួរ​នេះ គឺ​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្រ្តី​ថា​គឺ “សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន”។ បើ​តាម​លោក​ហ៊ុន សែន គឺ​ចំណុច​សំខាន់​ទាំង​៤​នេះ​ហើយ​ដែល​សរ​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា រឹង​មាំ និង បន្ត​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨​ទៀត​នោះ។

សម្រាប់​គណបក្ស​សង្រ្គោះ​ជាតិ​វិញ​ដែល​ជា​គូរ​ប្រកួត​ប្រជែង​ដ៏​ស្រួច​ស្រាល់​បំផុត​របស់​គណបក្ស​កាន់​អំណាច លោក​យឹម សុវណ្ណ​ដែល​ជា​អ្នក​នាំ​ពាក្យ​បាន​គូស​បញ្ជាក់​ថា អ្វីៗ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ឆ្នោត​ជា​អ្នក​សម្រេច​ចុះ។ លោក​យឹម សុវណ្ណ បាន​បន្ថែម​ទៀត​ថា គណបក្ស​ប្រឆាំង​មិន​ចាំ​បាច់​ផ្សព្វ​ផ្សាយ​គោល​នយោបាយ​ដើម្បី​ឈាន​ទៅ​រក​ជ័យ​ជំនះ​នៅ​ពេល​នេះ​ឡើយ ដោយ​លោក​ឲ្យ​រង់​ចាំ​មើល​នៅ​ឆ្នាំ​២០១៨​តែ​ម្តង។

ជា​ការ​កត់​សម្គាល់ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ទាំង​ថ្នាក់​ជាតិ​និង​ក្រោម​ជាតិ​ជា​បន្ត​បន្ទាប់​តាំង​ពី​អាណត្តិ​ទី​២​មក​លើក​លែង​តែ​អាណត្តិ​១​ប៉ុណ្ណោះ​ដែល​គណបក្ស​មួយ​នេះ​បាន​ចាញ់​ឆ្នោត​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ ចំណែក​នៅ​ថ្មីៗ​នេះ​ទៀត គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ឈ្នះ​សំឡេង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​ដែរ​ដោយ​ទទួល​បាន​តំណែង​មេឃុំ ចៅ​សង្កាត់​ច្រើន​ជាង​គេ។ ចំពោះ​លោក​ហ៊ុន សែន នេះ​បញ្ជាក់​កាន់​តែ​ច្បាស់​ថា គណបក្ស​ប្រជាជន​កម្ពុជា គឺ​នឹង​បន្ត​ឈ្នះ​ឆ្នោត​ទៀត​នៅ ឆ្នាំ ២០១៨ ខាង​មុខ​នេះ។

យ៉ាង​ណា​ក៏​ដោយ បើ​ទោះ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨​មិន​ទាន់​មក​ដល់​ក៏​ពិត​មែន​ ប៉ុន្តែ​មេ​បក្ស​កាន់​អំណាច​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន​ សែន ​តែង​តែ​បាន​បង្ហើរ​វោហាសាស្រ្ត​នៃ​លទ្ធភាព​នៃ​ការ​កើត​មាន​សង្រ្គាម​ ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​គ្រប់​គ្រង​ប្រទេស។ បើ​តាម​លោក​នាយក​រដ្ឋមន្រ្តី សង្រ្គាម​នោះ​មិន​មែន​កើត​ចេញ​ពី​អាវុធ​ទេ​ តែ​អាច​កើត​ចេញ​ពី​បបូរ​មាត់​របស់​អ្នក​នយោបាយ​បក្ស​ប្រឆាំង​តែ​ម្តង។ សម្រាប់​គណបក្ស​ប្រឆាំង​វិញ ថ្នាក់​ដឹក​នាំ​គណបក្ស​នេះ​ក៏​បាន​លើក​ឡើង​ជា​រើយៗ​តប​ទៅ​វិញ​ដែរ​ ថា​នឹង​មិន​មាន​សង្រ្គាម​ណា​មួយ​កើត​ឡើង​ទេ​នៅ​ពេល​ដែល​គណបក្ស​សង្រ្គោះ​ជាតិ​ឈ្នះ​ការ​បោះ​ឆ្នោត​គ្រប់​គ្រង​ប្រទេស​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ