អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

«ឆ្នេរស្អាត បរិស្ថាន​ស្រស់​បំព្រង សេវាកម្ម​ល្អ» គ្មាន​ន័យ​ទេ​ប្រសិន​បើ​គ្មាន «សុវត្ថិភាព»

ចុះផ្សាយ​នៅ​ថ្ងៃ៖

គ្រាន់​តែ​ខេត្ត​ព្រះសីហនុ​មួយ ចំនួន​អ្នក​ស្លាប់​ដោយសារ​លង់​ទឹក​គិត​ដោយ​ត្រួស​ៗ មាន​ប្រមាណ​ជា​១០​នាក់​ទៅ​ហើយ ក្នុង​រយៈ​ត្រឹម​តែ​៨​ខែ​ប៉ុណ្ណោះ។ គេ​អាច​ប៉ាន់​ប្រមាណ​ថា​មាន​ច្រើន​ជាង​នេះ ប្រសិន​បើ​គិត​ពី​គ្រោះថ្នាក់​ដោយសារ​ងូត​ទឹក​លេង​នៅ​តំបន់​ទេសចរណ៍​មាត់​សមុទ្រ​នៃ​ខេត្ត​ដទៃ​ទៀត និង​តំបន់​រមនីយដ្ឋាន​ទឹក​សាប​នៅ​ទូទាំង​ប្រទេស​ផងដែ​រ។ បញ្ហា​នេះ​ចាំ​បាច់​ត្រូវ​តែ​មាន​ការ​ដោះស្រាយ ដើម្បី​សក្តិសម​កេរ្តិ៍ឈ្មោះ​ជា​ព្រះរាជាណាចក្រ​ ដែល​មាន​ឆ្នេរ​ស្អាត​ជាង​គេ​លើ​ពិភព​លោក។

សុវត្តិភាព​នៅ​តាម​តំបន់​សមុទ្រ​ គួរ​តែ​មាន​រៀបចំ​ការ​សង្គ្រោះ​ នៅ​ពេល​ភ្ញៀវ​ទេសចរ​មាន​គ្រោះថ្នាក់​។​
សុវត្តិភាព​នៅ​តាម​តំបន់​សមុទ្រ​ គួរ​តែ​មាន​រៀបចំ​ការ​សង្គ្រោះ​ នៅ​ពេល​ភ្ញៀវ​ទេសចរ​មាន​គ្រោះថ្នាក់​។​ RFI/Chan Lida
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​តួលេខ​ខាង​លើ បង្ហាញ​ថា​សុវត្ថិភាព​នៅ​កន្លែង​កំសាន្ត ជា​ពិសេស​នៅ​តំបន់​ទេសចរណ៍​ឆ្នេរ​សមុទ្រ ត្រូវ​បាន​គេ​កត់​សម្គាល់​ថា​មាន​ភាព​ផុយ​ស្រួយ និង​នៅតែ​មាន​ការ​ព្រួយ​បារម្ភ​ជាប់​ជានិច្ច​ពី​សំណាក់​អ្នក​ទេសចរជាតិ​ និង​អន្តរជាតិ ដែល​ទៅ​ងូត​ទឹក​លេង​នៅ​ទីនោះ។

មាន​ហេតុផល​ចំបង​ៗ​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​ហេតុការណ៍​គ្រោះថ្នាក់​ដោយសារ​លង់​ទឹក​កើត​មាន​ឡើង ដដែលៗ ​ជា​អ្វី​ដែល​គេ​នឹក​ស្មាន​ដល់ ហើយ​មិន​ឃើញ​មាន​ចំណាត់​ការ​ការពារ​ជាមុន​ណាមួយ​គួរ​ឲ្យ​កក់​សម្គាល់​ឡើយ។ បើ​និយាយ​ជា​ទូទៅ មិន​ត្រឹម​តែ​ការ​កំសាន្ត​ដោយ​ងូត​ទឹក​សមុទ្រ​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ គឺ​តំបន់​ទេសចរណ៍​ទឹក​សាប និង​ទឹកជ្រោះ​ជា​ច្រើន​ទៀត​ កម្រ​នឹង​មាន​ការ​ត្រៀម​លក្ខណៈ​បង្ការ​ទុក​ជាមុន​នូវ​មូលដ្ឋាន​ជួយ​សង្គ្រោះ អ្នក​លង់​ទឹក​ណាស់។ ជា​ការ​ពិត​ការ​បង្កើត​ឲ្យ​មាន​ឆ្មាំ​សមុទ្រ សម្រាប់​ជួយ​សង្គ្រោះ​អ្នក​លង់​ទឹក​នៅ​តំបន់​ទេសចរណ៍​កន្លង​មក តំបន់​ខ្លះ​ក៏​មាន ហើយ​តំបន់​ខ្លះ​ក៏​មិន​មាន។

ដោយ​ឡែក​តំបន់​ដែល​មាន​ឆ្មាំ​សមុទ្រ ក៏​មាន​មិន​គ្រប់គ្រាន់​សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​បរិមាណ​ភ្ញៀវទេសចរ ដែល​ទៅ​កំសាន្ត​ដូច​ជា​តាម​ឆ្នេរ​កម្សាន្ត នា​នា​នៅ​ខេត្ត​ព្រះសីហនុ​ជា​ឧទាហណ៍។ មើល​ទៅ​លើ​សម្ភារៈ បរិក្ខា សម្រាប់​សង្គ្រោះ​វិញ​ក៏​មិន​បាន​គ្រប់​គ្រាន់​នោះ​ដែរ។ ហើយ​ភ្នាក់​ងារ​ជួយ​សង្គ្រោះ មួយ​ចំនួន​នៅ​មិន​ទាន់​យល់​ដឹង​ពី​វិធី និង​បច្ចេក​ទេស​នៃ​ការ​សង្គ្រោះ​បន្ទាន់ ឬ​សង្គ្រោះ​បឋម​បាន​ច្បាស់លាស់​នៅ​ឡើយ។

សរុប​មក ប្រសិន​បើ​អាជ្ញាធរ​ខ្មែរ មិន​មាន​វិធាន​ការ​ច្បាស់​លាស់​ទាក់​ទង​ទៅ​នឹង​ការ​បង្ការ​ និង​ទប់​ស្កាត់​ហានិភ័យ ដែល​អាច​កើត​មាន​ឡើង​បន្ថែម​ទៀត​លើ​ការ​កំសាន្ត​ដោយ​ការ​ងូត​ទឹក​សមុទ្រ​នេះ ឲ្យ​បាន​ជាក់​លាក់​ទេ នោះ​សោកនាដកម្ម​នៃ​ការ​បាត់បង់​សាច់​ញាតិ​គ្រួសារ នៅ​កន្លែង​កំសាន្ត​សប្បាយ​នឹង​ក្លាយ​ទៅ​ជា​ទុក្ខ​បន្ត​ទៀត។

កាល​ពី​ពេល​ថ្មី​ៗ​នេះ រូបភាព​វីដេអូ​ឃ្លីប​ពី​ឆ្នេរ​សមុទ្រ​អូឈើទាល​ នៃ​ខេត្ត​ព្រះសីហនុ​ជុំវិញ​ការ​បាត់​បង់​សមាជិក​គ្រួសារ​មាន​ស្ថានភាព​សង្វេគ​មែនទែន។ តាម​រយៈ​រូបភាព និង​ការ​ផ្សាយ​ពី​ដំណឹង​នេះ ចង់​មិន​ចង់​បាន​ជះ​ឥទ្ធិពល​ទៅ​ដល់​ទេសចរ​ជាតិ​និង​អន្តរជាតិ នៅ​ក្នុង​មូលដ្ឋាន​ពិចារណា​មួយ ចោទ​សួរ​ថា តើ​កន្លែង​កម្សាន្ត​ឆ្នេរ​សមុទ្រ​កម្ពុជា មាន​សុវត្ថិភាព​កម្រិត​ណា?

គ្រាន់​តែ​សំណួរ​នេះ​មួយ អាច​ធ្វើ​ឲ្យ​ព្រួយ​តគ្នា ជា​សេរី ពី​សង្វាក់​សេវាកម្ម​ផ្សេង​ៗ​ទៀត​ដូចជា​ផ្នែកដឹក​ជញ្ជូន​ទេសចរណ៍ អាជីវកម្ម​វត្ថុ​អនុស្សាវរីយ៍ ដែល​ទទួល​ចំណូល​ពី​ភ្ញៀវ​ទេសចរ សេវា​កម្ម​ស្នាក់​នៅ​និង​ភោជនីយដ្ឋាន​ជា​ដើម។

ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កង្វល់​ទាំង​នេះ អាជ្ញាធរ​និង​ផ្នែក​ពាក់ព័ន្ធ​ខាង​សេវាកម្ម​ទេសចរណ៍​គួរ​បង្កើត​យន្តការ​ការពារ​ និង​ទប់​ស្កាត់​ជា​មុន ដោយ​ក្នុង​នោះ​ត្រូវ​មាន​ភ្នាក់​ងារ​ឬ​ឆ្មាំ​សមុទ្រ​គ្រប់​គ្រាន់ និង​គ្រប់​កន្លែង​កម្សាន្ត​មិន​ថា​ឆ្នេរ​សមុទ្រ តំបន់​កម្សាន្ត​ទឹក​សាប ឬ​ទឹក​ជ្រោះ​នោះ​ទេ។ សម្ភារៈ​សង្គ្រោះ និង​ការ​ឃ្លាំមើល​ជាប់​ជា​និច្ច ត្រូវ​តែ​មាន​សកម្មភាព​ជាប់​លាប់ និង​ប្រុង​ប្រយ័ត្ន។ ផ្តល់​ការ​ហ្វឹក​ហាត់​ និង​បំពាក់​បំប៉ន​ជំនាញ​ដល់​ភ្នាក់ងារ​ជួយ​សង្គ្រោះ និង​វិធី​សង្គ្រោះ​បឋម ឲ្យបាន​គ្រប់​គ្នា។ ជារួម​ប្រសិន​បើ​មិន​មាន​ការ​បង្ការ​ទុក​ជាមុន និង​ការ​ដាក់​វេន​គ្នា​ប្រចាំការ​របស់​ឆ្នាំ​សមុទ្រ​ទេ ពិត​ជា​មិន​អាច​ជួយ​សង្គ្រោះ​ទាន់​ទេ ប្រសិន​បើ​មាន​ករណី​គ្រោះថ្នាក់​លង់​ទឹក​សមុទ្រ។

ឆ្នាំ​សមុទ្រ ឬ​ភ្នាក់​ងារ​សង្គ្រោះ​ភ្ញៀវ​ទេសចរណ៍​តាម​តំបន់​កម្សាន្ត​ឯ​ទៀត ចាំបាច់​ត្រូវ​តែ​មាន​ការ​ទំនុក​បំរុង និង​ឧបត្ថម្ភថវិកា​ឲ្យ​បាន​គ្រប់គ្រាន់ ដែល​ថវិកា​នេះ​គួរ​តែ​ទទួល​បាន​ពី​ចំណូល​ទេសចរណ៍ ដែល​ជា​ផ្នែក​មួយ​នៃ​ចំណូល​ដ៏​សំខាន់​របស់​ជាតិ ឬ​ផ្តល់​ដោយ​មូលដ្ឋាន​ដោយ​ផ្ទាល់​។ មួយ​វិញ​ទៀត ស្លាក​សញ្ញា​ផ្សេង​ៗ និង​ការ​ណែនាំ​ត្រូវ​តែ​មាន​ដាច់​ខាត ដូចជា​តំបន់​ទឹក​ជ្រៅ តំបន់​ហាម​លេង​ទឹក តំបន់​គ្រោះ​ថ្នាក់ តំបន់​ដែល​មាន​បរិស្ថាន​មិន​ល្អ។ល។ ការ​លើក​ឡើង​ដូច្នេះ ក៏​ព្រោះ​តែ​កន្លង​មក​ដ៏​ដូចជា​ពេល​ថ្មី​ៗ​នេះ នៅ​តែ​មាន​អ្នក​គ្រោះថ្នាក់​ដោយ​សារ​តែ​អន្លង់​ទឹក​ជ្រៅ បណ្តាល​មក​ពី​ការ​បង្ហូរ​ទឹក​កខ្វក់​ពី​ផ្នែក​ខាង​លើ​ចូល​ទៅ​សមុទ្រ រុញ​ឲ្យ​ស្រុត​ខ្សាច់ ជា​ពិសេស​នៅ​តំបន់​ឆ្នេរ​អូត្រេះ។

ដូច្នេះ​ដើម្បី ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្តល់​ពិន្ទុ​ពី​អន្តរជាតិ ថា​ឆ្នេរ​សមុទ្រ​កម្ពុជា​ជា​ឆ្នេរ​សមុទ្រ​ស្អាត​ជាង​គេ​នោះ ត្រឹម​តែ​ភាព​ស្អាត​មិន​គ្រប់​គ្រាន់​ទេ គប្បី​ម្ចាស់​ឆ្នេរ​ត្រូវ​តែ​មាន​សេវាកម្ម​រួម​ផ្សំ​ជា​ច្រើន​ទៀត​ដូចដែល​បាន​រៀប​រាប់​ខាង​លើ ធ្វើ​យ៉ាង​ម៉េច​ឲ្យ​គេ​លាន់​មាត់​ថា«ឆ្នេរ​ក៏​ស្អាត សេវា​កម្ម​ក៏​ល្អ សុវត្ថិភាព​ខ្ពស់» នោះ​ទើប​ជា​ការ​ល្អ និង​ជា​មោទនភាព​ពិត​ប្រាកដ​របស់​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ