អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បៀវត្ស​រាជការ​ឡើងៈ ដល់​ពេល​ដែល​រដ្ឋ​ត្រូវ​គិត​ពី​គុណភាព និង​វិន័យ​មន្ត្រី​រាជការ​កំរិត​ណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រាក់​បៀវត្ស​អប្បបរមា​របស់​មន្ត្រី​រាជការ​ត្រូវ​គេ​មើល​ឃើញ​ថា បាន​កើន​ឡើង​គ្រាន់​បើ​ធៀប​ទៅ​នឹង​ទសវត្ស​មុនៗ គឺ​ចាប់​ពី​ជាង ២០០​ដុល្លារ​ឡើង​ទៅ។ ចំនួន​នេះ​លើស​ពី​ប្រាក់​ខែ​បុគ្គលិក លំដាប់​ទាប ដែល​ធ្វើការ​នៅ​វិស័យ​ឯកជន​ដែល​ធ្វើ​ការ​តាម​ពេល​វេលា​ស្តង់ដារ។ ស្ថានភាព​នេះ ប្រសិទ្ធភាព​ការងារ​មន្ត្រី​សាធារណៈ ដែល​ជា​ជន្ទល់​នៃ​ការ​រីក​ចំរើន​របស់​ប្រទេស​ជាតិ ត្រូវ​បាន​ចោទ​សួរ ទាក់​ទង​ទៅ​នឹង​ភាព​ពេញ​លេញ​នៃ​ម៉ោង​ពេល​បំពេញ​ការងារ​រាជការ។

បៀវត្ស​​រាជការ​​ឡើងៈ ដល់​​ពេល​​ដែល​​រដ្ឋ​​ត្រូវ​​គិត​​ពី​​គុណភាព និង​​វិន័យ​​មន្ត្រី​​រាជការ​​កំរិត​​ណា?
បៀវត្ស​​រាជការ​​ឡើងៈ ដល់​​ពេល​​ដែល​​រដ្ឋ​​ត្រូវ​​គិត​​ពី​​គុណភាព និង​​វិន័យ​​មន្ត្រី​​រាជការ​​កំរិត​​ណា? RFI
ផ្សាយពាណិជ្ជកម្ម

«ប្រាក់​បៀវត្ស​មន្ត្រី​រាជការ ដែល​ទាប​បំផុត បាន​វ៉ា​ដាច់​ប្រាក់​បៀវត្ស​ទាប​បំផុត​របស់​បុគ្គលិក​ថ្នាក់​ទាប​របស់​ក្រុមហ៊ុន និង​អង្គការ​ហើយ។ បុគ្គលិក​អង្គការ ក្រុមហ៊ុន ធ្វើ​ការ​ពេញៗ​មួយ​ថ្ងៃ ៨​ម៉ោង។ ប្រសិន​បើ​មន្ត្រី​រាជការ​ទាំង​អស់ បម្រើ​ការ​ងារ​ពេញ​ម៉ោង​ទាំង​អស់​គ្នា ប្រទេស​ជាតិ​យើង​នឹង​កាន់​តែ​ប្រសើរ»។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ។

ជា​ការ​ពិត​នៅ​ពេល​ដែល​ប្រាក់​ខែ​មន្ត្រី​រាជការ បាន​ឡើង​ដល់​កំរិត​មួយ ដែល​មាន​ការ​ចាប់​អារម្មណ៍​ដូច្នេះ គឺ​បង្ហាញ​ពី​ការ​ប្រែ​ប្រួល​ថ្មី​មួយ ដែល​ជាង​ ៣​ទសវត្ស​កន្លង​ទៅ ភាព​ប្រែ​ប្រួល​ដូច្នេះ​មិន​ត្រូវ​បាន​គេ​បង្ហាញ​គួរ​ឲ្យ​កត់​សម្គាល់​ឡើយ។ តាម​ការ​ប្រកាស​របស់​រដ្ឋាភិបាល ប្រាក់​បៀវត្ស​អប្បបរមា មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ ចាប់​ពី​ខែ​មេសា​នេះ​ទៅ គឺ​បាន​កើន​ឡើង​ចាប់​ពី ៨៥៣ ៥០០រៀល ប្រមាណ​ជា ២១០​ដុល្លារ។ នេះ​មិន​ទាន់​គិត​ពី​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​ទៀត​ផង។ ដោយ​ឡែក ប្រាក់​ខែ​ចៅ​ក្រម និង​ព្រះរាជអាជ្ញា​គឺ​ ៣​លាន​រៀល(៧៥០ដុល្លារ)។

យោង​តាម​ការ​ប្រៀប​ធៀប ប្រាក់​បៀវត្ស​មន្ត្រី​រាជការ​បច្ចុប្បន្ន ពិត​ជា​លើស​ឬ​ស្មើ​ប្រាក់​ខែ​ទាប​បំផុត​របស់​បុគ្គលិក​ដែល​បំរើ​ការងារ​នៅ​តាម​ក្រុមហ៊ុន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ដែល​ខ្លះ​មាន​ប្រាក់​ខែ​អប្បបរមា ១៥០​ដុល្លារ ១៨០​ដុល្លារ ឬ ២០០ដុល្លារ។ តាម​រយៈ​ប្រាក់​ខែ​អប្បបរមា​ដូច្នេះ បុគ្គលិក​ចាំ​បាច់​ត្រូវ​គោរព​តាម​គោលការណ៍​ការងារ​នៃ​វិស័យ​ឯកជន យ៉ាង​ហោច​ក៏​ ៧​ទៅ ៨​ម៉ោង​ដែរ​ក្នុង​មួយ​ថ្ងៃ។ មាន​សហគ្រាស ក្រុមហ៊ុន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន​ទទួល​បាន​វឌ្ឍនភាព​លើ​ប្រតិបត្តិការ​របស់​ខ្លួន ជាមួយ​នឹង​សកម្មភាព​ការងារ​របស់​បុគ្គលិក​ដែល​មាន​ប្រាក់​ខែ​អប្បបរមា​តិច​តួច​បែប​នេះ។

ដោយ​ឡែក តើ​គេ​អាច​ធ្វើ​បាន​ទេ​សម្រាប់​មន្ត្រី​រាជការ ដែល​ពេល​នេះ​ប្រាក់​បៀវត្ស ហាក់​ដូច​ជា​ប្រសើរ​ជាង​មុន? ចំណុច​នេះ​មាន​ការ​លើក​ឡើង​មួយ​ចំនួន ដែល​ថា​ប្រាក់​ខែ​មន្ត្រី​រាជការ ពិត​ជា​ឡើង​មែន ក៏​ប៉ុន្តែ​នៅ​មិន​ទាន់​ដល់​កំរិត​មួយ​អាច​ធានា​បាន ចំពោះ​ជីវភាព​រស់នៅ​ក្នុង​ទីក្រុង។ ការ​ចំណាយ​នៅ​ទីក្រុង​មាន​ស្ថានភាព​ខ្ពស់​ជាង នៅ​តាម​បណ្តា​ខេត្ត ហើយ​សម្រាប់​គ្រួសារ​ដែល​មាន​កូន​ច្រើន និង​ត្រូវ​រៀន​សូត្រ​ទៀត​នោះ រឹត​តែ​មាន​ការ​ខ្វះខាត​យ៉ាង​ប្រាកដ ។

ប្រាក់​ខែ​អប្បបរមា​របស់​មន្ត្រី​រាជការ បាន​មក​ដល់​កំរិត​មួយ​ដែល មិន​សូវ​ជា​ខ្មាស់​វិស័យ​ឯកជន​កាល​ពី​ប៉ុន្មាន​ទសវត្ស​មុន គឺ​ជា​គុណ​សម្បត្តិ​មួយ និង​ជា​ឆន្ទៈ​មួយ​របស់​រដ្ឋាភិបាល ដែល​ចង់​លើក​កម្ពស់​ជីវភាព​មន្ត្រី​រាជការ។ តាម​រយៈ​ប្រាក់​ខែ​អប្បបរមា​នេះ ធ្វើ​ឲ្យ​មាន​ការ​លើក​ឡើង​ថា​ មន្ត្រី​រាជការ គួរ​តែ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​នឹង​ការងារ​រាជការ​ឲ្យ​បាន​ច្រើន​ជាង​មុន។

កាល​ពី​មុន​មន្ត្រី​រាជការ​ត្រូវ​គេ​មើល​ឃើញ​ថា​មិន​មាន​ភាព​សកម្ម​ក្នុង​ការងារ​រាជការ​ទេ ខ្លះ​ទៅ​បង្ហាញ​ខ្លួន​មួយ​ភ្លែត វត្តមាន ១​ម៉ោង ឬ ២​ម៉ោង ក៏​ចាក​ចេញ​ពី​ប៊ុយរ៉ូ​ទៅ​រក​ទទួល​ទាន​តាម​ជំនាញ​រៀងៗ​ខ្លួន ដូច​ជា​ធ្វើ​ជំនួញ​បន្ថែម រត់​ការ​ឯកសារ​ផ្សេងៗ គួកជេ​ឡាន ឬ​គួកជេ​អចលនទ្រព្យ​ជា​ដើម។ ខ្លះ​ទៀត​ដែល​មាន​ផ្ទះ​ឆ្ងាយ​ពី​កន្លែង​ធ្វើការ គឺ​ទៅ​បង្ហាញ​ខ្លួន​ពេល​ព្រឹក បាត់​ពី​ប៊ុយរ៉ូ​ពេល​ល្ងាច​ក៏​មាន...។

ទាំង​នេះ បាន​ក្លាយ​ជា​ទំលាប់​ទៅ​ហើយ ខណៈ​ដែល​ការ​រក​កំរ៉ៃ​ខាង​ក្រៅ​អាច​ធានា​បាន​នូវ​និរន្តរភាព ជីវភាព​រស់​នៅ និង​មាន​ចំណូល​ច្រើន​លើស​លុប​ធៀប​នឹង​បៀវត្ស​រាជការ។ នៅ​ពេល​ដែល​មាន​ទំលាប់​ដូច្នេះ គេ​នៅ​មិន​ទាន់​មាន​ការ​ជឿ​ជាក់​ថា កំណែ​ទម្រង់​ការងារ​របស់​មន្ត្រី​រាជការ​ខ្មែរ អាច​ធ្វើ​ទៅ​បាន​ភ្លាមៗ​ទេ បើ​ទោះ​ណា​ជា​ប្រាក់​បៀវត្ស​បាន​ឡើង​ជា​បណ្តើរៗ​ក៏​ដោយ។ ទោះ​យ៉ាង​ណា គេ​មិន​អាច​អភិវឌ្ឍន៍​រដ្ឋ​មួយ​ដែល​មិន​មាន​ការ​ចូល​រួម​ឲ្យ​បាន​ពេញ​លេញ ពី​ពលរដ្ឋ​សកម្ម​បាន​ដែរ។

បើ​ធៀប​ទៅ​នឹង​ប្រាក់​ខែ​អប្បបរមា​របស់​បុគ្គលិក​ថ្នាក់​ទាប នៃ​ក្រុមហ៊ុន ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល គឺ​ល្មម​ដល់​ពេល​ហើយ ដែល​រដ្ឋ​ត្រូវ​មាន​យន្តការ​ម៉ឺង​ម៉ាត់​ជា​បណ្តើរៗ ជាមួយ​នឹង​មន្ត្រី​រាជការ​ជា​ពិសេស​ម៉ោង​ពេល​បំរើ​ការងារ​របស់​អ្នក​រាជការ និង​ធ្វើ​ការ​កែ​ទម្រង់​ជា​បណ្តើរៗ​នូវ​ទំលាប់​អសកម្ម​កន្លង​មក ធ្វើ​ដូច​នេះ សង្ឃឹម​ថា​កម្ពុជា​អាច​មាន​ភាព​ប្រសើរ​ឡើង លើ​វិស័យ​ការងារ​ពង្រឹង​រាជការ។ ជាមួយ​គ្នា​នេះ រដ្ឋ​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជា​ប្រចាំ​បន្ថែម​ទៀត ​ពី​ស្ថានភាព​រស់​នៅ ប្រាក់​បៀវត្ស និង​តុល្យភាព​ទំនិញ​លើ​ទីផ្សារ ចៀសវាង​មន្ត្រី​រាជការ​មាន​ការ​ថ្នាំង​ថ្នាក់​និង​វិល​ទៅ​រក​ភាព​អសកម្ម​ច្រំដែល​ពី​អតីតកាល​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ