អានតួអត្ថបទ
កម្ពុជា-សង្គម

​ការ​ចរចា​ប្រាក់​ឈ្នួល​ថ្មី​៖ សហ​ជីព​ដាក់​តួលេខ​១៧​ដុល្លារ ​តែ​ភាគី​ថៅ​កែ​ហ៊ាន​តម្លើង​ត្រឹម​តែ​២​ដុល្លារ​

ការ​ចរចា​ប្រាក់​ឈ្នួល​អប្បរមា​ថ្មី​សម្រាប់​កម្មករ​នៅ​ក្នុង​វិស័យ​វាយន​ភ័ណ្ឌ​កាត់​ដេរ ដេរ​ស្បែក​ជើង និង​កាបូប​នៅ​ឆ្នាំ​២០២០ ភាគី​សហជីព​បាន​ដាក់​តួ​លេខ​១៧​ដុល្លារ តែ​ភាគី​ថៅ​កែ​រោង​ចក្រ​ហ៊ាន​តម្លើង​ត្រឹម​តែ​២ដុល្លារ​ប៉ុណ្ណោះ​។ ទោះ​ក្នុង​ហេតុ​ផល​អ្វី​ក៏​ដោយ តំណាង​ភាគី​សហ​ជីព​ខ្លះ​បាន​លើក​ឡើង​ថា តួ​លេខ​២​ដុល្លារ​នេះ វា​តិច​ពេក ដែល​ក្នុង​ប្រវត្តិ​សាស្ត្រ​ចរចា​ប្រាក់​ឈ្នួល​ថ្មី​របស់​កម្មករ​មិន​ធ្លាប់​មាន​ឡើយ​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ 

ការចរចាប្រាក់ឈ្នួលអប្បរមាថ្មីសម្រាប់កម្មករនៅក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ
ការចរចាប្រាក់ឈ្នួលអប្បរមាថ្មីសម្រាប់កម្មករនៅក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ @សហការី
ផ្សាយពាណិជ្ជកម្ម

ទោះ​បី​ជា​នៅ​ក្នុង​ហេតុ​ផល​អ្វី​ក៏​ដោយ ប៉ុន្តែ​ការ​ដាក់​តួ​លេខ​ត្រឹម​តែ​២ដុល្លារ​ពី​សំណាក់​ភាគី​ថៅ​កែ​រោង​ចក្រ គឺ​មិន​អាច​ទទួល​យក​បាន​ឡើយ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់លោក គង់​ អាទិត្យ​ ប្រធាន​សម្ព័ន្ធ​សហជីព​ស៊ីខៅ​ឌូ បន្ទាប់​កិច្ច​ប្រជុំ​ស្តី​ពី​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បរ​មា​សម្រាប់​កម្មករ​វិស័យ​វាយន​ភ័ណ្ឌ​កាត់​ដេរ​ ដេរ​ស្បែក​ជើង​ និង​កាបូប​នៅ​ក្នុង​ឆ្នាំ​២០២០ ជុំទី៣ បាន​បញ្ចប់​ទៅ នៅ​ព្រឹក​ថ្ងៃ​ទី ០៦ កញ្ញា​នេះ​។

សូម​បញ្ជាក់​ជូន​ថា ផ្អែក​តាម​លទ្ធ​ផល​នៃ​កិច្ច​ចរចា​ស្តី​ពី​ការ​តម្លើង​ប្រាក់​ឈ្នួល​ថ្មី​សម្រាប់​កម្មករ​ក្នុង វិស័យ​វាយន​ភ័ណ្ឌ​កាត់​ដេរ ដេរ​ស្បែក​ជើង និង​កាបូប សម្រាប់​ឆ្នាំ​២០​២០ ភាគី​សហ​ជីព​បាន​ដាក់​តួលេខ​១៧​ដុល្លារ ខណៈ​ដែល​ភាគី​ថៅ​កែ​រោង​ចក្រ​ហ៊ាន​ត្រឹម​តែ​២ដុល្លារ​ប៉ុណ្ណោះ​។ មាន​ន័យ​ថា ភាគី​សហជីព​ចង់​ឲ្យ​ប្រាក់​ខែ​គោល​ថ្មី​របស់​កម្មករ​នៅ​ឆ្នាំ​២០​២០ កើន​ឡើង​ពី​១៨២​ដុល្លារ ដល់​១៩៩​ដុល្លារ ខណៈ​ភាគី​ថៅកែ​រោង​ចក្រ​ចង់​តម្លើង​ត្រឹម​តែ​២​ដុល្លារ ពី​លើ​១៨២​ដុល្លារ​នៃ​ប្រាក់​ឈ្នួល​អប្បរមា​ឆ្នាំ​ចាស់​។ ប៉ុន្តែ លោក គង់ អាទិត្យ បាន​ចាត់​ទុក​តួលេខ​នេះ​ថា វា​មាន​កម្រិត​ទាប​បំផុត នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​ការ​ចរចា​ប្រាក់​ឈ្នួល​ថ្មី នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

សូម​រំឭក​ថា ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​កាត់​ដេរ និង​ដេរ​ស្បែក​ជើង​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់ ​ចាប់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​៩០​មក ពោល គឺ​ចាប់​ពី​៣០​ដុល្លារ រហូត​ដល់​១៨២​ដុល្លារ​នៅ​ឆ្នាំ​២០១៩​។ បញ្ហា​នេះ ត្រូវ​គេ​លើក​ឡើង​ថា គឺ​បាន​មក​ពី​ការ​តស៊ូ និង​បាតុកម្ម​ស្វិត​ស្វាញ​ពី​សំណាក់​សហ​ជីព​ជំទាស់ និង​អតីត​បក្ស​ប្រឆាំង ដែល​បាន​ជួយ​ជម្រុញ​បញ្ហា​នេះ​។ ក៏​ប៉ុន្តែ​រដ្ឋា​ភិបាល​កម្ពុជា​វិញ បាន​ហៅ​ការ​ឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​នេះថា ​ជា​ឆន្ទៈ​និង​ជា​គោល​នយោបាយ​របស់​ខ្លួន ដើម្បី​គាំពារ​កម្មករ និង​សង្គម​។

យ៉ាង​ណា​ក៏​ដោយ អ្វី​ជា​ការ​កត់​សំគាល់ ការ​ចរចា​ប្រាក់​ឈ្នួល​ថ្មី​នៅ​ក្នុង​វិស័យ​វាយន​ភ័ណ្ឌ​សម្រាប់​ឆ្នាំ​២០​២០​នេះ ហាក់​ដូច​មាន​ភាព​តាន​តឹង​ជាង​ឆ្នាំ​មុន ​ដោយ​សារ​បរិបទ​ខុស​គ្នា​។ បរិបទ​ឆ្នាំ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា វិស័យ​វាយន​ភ័ណ្ឌ​កាត់​ដេរ​នៅ​កម្ពុជា កំពុង​រង​ការ​គំរាម​កំហែង​ដោយ​ការ​ព្យួរ ឬ​ដក ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប និង GSP ពី​សហ​រដ្ឋ​អាមេរិក​។ សូម​បញ្ជាក់​ថា កិច្ច​ប្រជុំ​បន្ទាប់ នឹង​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី ១២ កញ្ញា ខាង​មុខ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ