អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

​សមាជិក​នៃ​សហគមន៍​ផលិត​អំបិល​ចង់​ឲ្យ​ក្រសួង​លូក​ដៃ​ដើម្បី​បន្ត​ដំណើរ​ទៅ​មុខ​

តាម​គម្រោង​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ សហគមន៍​ផលិត​អំបិល​នឹង​ជួប​ជាមួយ​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​និង​សិប្ប​កម្ម ដើម្បី​ជជែក​ទៅ​លើ​ការ​បន្ត​និរន្ត​ភាព​សហគមន៍​ផលិត​អំបិល​។ ការ​ត្រៀម​ជជែក​នេះ បន្ទាប់​ពី​សហគមន៍​ផលិត​អំបិល ជូន​ដំណឹង​ពី​ការ​រំលាយ​ខ្លួន​ឯង​ចោល​ ក្រោម​ហេតុ​ផល​មួយ​ចំនួន កាល​ពី​ពេល​ថ្មីៗ​។ ប៉ុន្តែ​សមាជិក​ខ្លះ នៃ​សមាគមន៍​ផលិត​អំបិល​ចង់​ឲ្យ​ក្រសួង​ជំនាញ​លូក​ដៃ ធ្វើ​យ៉ាង​ណា​ឲ្យ​សហគមន៍​មួយ​នេះ បន្ត​ដំណើរ​ទៅ​មុខ​ទៀត​។ 

រូបភាព៖ កសិករ​កំពុង​ប្រមូល​អំបិល
រូបភាព៖ កសិករ​កំពុង​ប្រមូល​អំបិល @FB
ផ្សាយពាណិជ្ជកម្ម

លោក ប៊ុន បារាំង ប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​កំពត​កែប-​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា មូល​ហេតុ​ដែល​សហគមន៍​ផលិត​អំបិល​ចង់​រំលាយ​ខ្លួន​ឯង​ចោល​ដោយ​សារ​តែ​បញ្ហា​ផ្ទៃ​ក្នុង តាម​រយៈ​សមាជិក​មួយ​ចំនួន​ក្នុង​ចំណោម​សមាជិក​២០០​ក្រុម​ ចង់​ដើរ​ចេញ​ពី​សហគមន៍ មក​បង្កើត​អាជីវកម្ម​អំបិល​ផ្ទាល់​ខ្លូន។​ បើ​តាម​ប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​កំពត កែប នេះ​ជា​ហេតុ​ផល​ចំបង ដែល​សំខាន់​ជាង​កត្តា​អាកាស​ធាតុ​។

ប៉ុន្តែ​យ៉ាង​មិញ លោក ប៊ុន បារាំង ចង់​ឲ្យ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​និង​អភិបាល​ខេត្ត​កែប​និង​កំពត លូក​ដៃ​ក្នុង​បញ្ហា​នេះ​ដើម្បី​ធ្វើ​យ៉ាង​ណា​បន្ត​និរន្ត​ភាព​នៃ​សហគមន៍​ផលិត​អំបិល​។ បើ​សហគមន៍​ផលិត​អំបិល​រំលាយ​គឺ អំបិល​ឡើង​ថ្លៃ កង្វះ​នៃ​ការ​ផ្គត់​ផ្គង់​អំបិល​ក្នុង​ស្រុក​នឹង​កើត​មាន​ឡើង​។ បន្ថែម​លើ​នេះ នឹង​គ្មាន​តួអង្គ​ណា​ចេញ​មុខ​នាំ​ចូល​អំបិល​ពី​ក្រៅ​យក​មក​ផ្គត់​ផ្គង់​ក្នុង​ស្រុក​ឡើយ ក្នុង​ករណី​ដែល​អំបិល​ផលិត​មិន​បាន​ដូច​ឆ្នាំ​២០១៨ ជា​ឧទាហរណ៍​។

ប្រឈម​បញ្ហា​នេះ លោក ប៊ុន បារាំង បាន​ចេញ​មុខ​អំពាវ​នាវ​ឲ្យ​សមាជិក​នៃ​សហគមន៍​ផលិត​អំបិល​ពួត​ដៃ​គ្នា​ផលិត​អំបិល​ឡើង​វិញ ពោល​គឺ​កុំ​បោះ​បង់​ខ្លួន​ឯង​ចោល ក្នុង​គ្រា​ដែល​កម្ពុជា​មាន​ធន​ធាន​ធម្មជាតិ​ស្រាប់​ក្នុង​ការ​កែ​ច្នៃ​អំបិល​។ ឆ្លៀត​ឱកាស​នេះ ខាង​សហគមន៍​ផលិត​អំបិល​បដិសេធ​ពាក្យ​ចចាម​អារ៉ាម​ដែល​ថា មាន​ការ​វិនិយោគ​នា​នា​ពី​ក្រុម​ចិន​នៅ​លើ​ទីតាំង​របស់​ខ្លួន​ទើប​ធ្វើ​ឲ្យ​វិស័យ​ឯក​ជន​ផលិត​អំបិល​មួយ​នេះ​ជួប​ភាព​រង្គោះ​រង្គើ​។ មែន​ទែន​ទៅ​តំបន់​ផលិត​អំបិល​ត្រូវ​បាន​រដ្ឋា​ភិបាល​ដាក់​ជា​តំបន់​អភិរក្ស​សម្រាប់​តែ​ការ​ផលិត​អំបិល​ប៉ុណ្ណោះ​។

គិត​មក​ដល់​បច្ចុប្បន្ន សហគមន៍​ផលិត​អំបិល​មាន​អាយុ​កាល​១៥ឆ្នាំ ដែល​មាន​ស្រែ​អំបិល​៤៨០០​ហិក​តា នៅ​ក្នុង​ខេត្ត​កែប​និង​កំពត ដោយ​មាន​សមាជិក​២០០​គ្រួសារ​។ សម្រាប់​ការ​ផលិត​អំបិល​ដើម្បី​ផ្គត់​ផ្គង់​ក្នុង​ឆ្នាំ​២០១៩​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ផលិត​។ សូម​បញ្ជាក់​ថា មុន​ប្រកាស​ពី​ការ​រំលាយ​សហគមន៍​អំបិល នៅ​ក្នង​ឆ្នាំ​២០១៨ កម្ពុជា​បាន​ជួប​វិបត្តិ​អំបិល ហើយ​ក្នុង​នោះ​សហគមន៍​អំបិល​បាន​នាំ​អំបិល​៣ម៉ឺន​តោន​ពី​ក្រៅ​យក​ផ្គត់​ផ្គង់​តម្រូវ​ការ​ក្នុង​ស្រុក​។ ក្នុង​នោះ​ទិញ​ពី​ចិន​២ម៉ឺន​តោន និង​ថៃ​១ម៉ឺន​តោន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ