អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​អេង ឆៃអ៊ាង៖ ​២២​មិថុនា​​១៩៩៥ គឺ​ជា​ថ្ងៃ​ចាប់​ផ្តើម​ការ​តស៊ូ​នយោបាយ​របស់​លោក​សម រង្ស៊ី

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​រដ្ឋសភា​កម្ពុជា​ចំនួន​៤​លើក ក្នុង​រយៈ​ពេល​ជាង​២០​ឆ្នាំ​នៃ​ការ​តស៊ូ​នយោបាយ​របស់​លោក​នៅ​កម្ពុជា។ នៅ​ថ្ងៃ​នេះ កាល​ពី​ឆ្នាំ​១៩៩៥ លោក សម រង្ស៊ី ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​រដ្ឋសភា​ជា​លើក​ដំបូង ក្នុង​នាម​ជា​តំណាង​រាស្រ្ត​ជាប់​ឆ្នោត​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។ ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​ពី​មន្រ្តី​ជំនិត​របស់​លោក សម រង្ស៊ី ថា ថ្ងៃ​ទី​២២​ខែ​មិថុនា​នេះ ក្រៅ​ពី​ការ​បណ្តេញ​លោក សម រង្ស៊ី ចេញ​ពី​រដ្ឋសភា​ដោយ​ខុស​ច្បាប់​ហើយ ក៏​ជា​ថ្ងៃ​នៃ​ការ​ចាប់​ផ្តើម​តស៊ូ​នយោបាយ​របស់​លោក សម រង្ស៊ី ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ផង​ដែរ។

លោកសម រង្ស៊ី ​អតីត​​​ប្រធាន​​គណបក្ស​​​សង្រ្គោះ​​​ជាតិ។​
លោកសម រង្ស៊ី ​អតីត​​​ប្រធាន​​គណបក្ស​​​សង្រ្គោះ​​​ជាតិ។​ @RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

“ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​១៩៩៥ គឺ​ជា​ថ្ងៃ​ដែល​រដ្ឋសភា​ខ្មែរ​បណ្តេញ​លោក សម រង្ស៊ី ចេញ​ពី​សមាជិក​រដ្ឋសភា​ដោយ​ខុស​ច្បាប់ ហើយ​ក៏​ជា​ថ្ងៃ​ចាប់​ផ្តើម​នៃ​ការ​តស៊ូ​នយោបាយ​អហិង្សា ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​នៅ​កម្ពុជា” នេះ​គឺ​ជា​ការ​រំលឹក​របស់​លោក អេង ឆៃអ៊ាង មន្រ្តី​ជំនិត​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​២២ មិថុនា ឆ្នាំ​២០១៧​នេះ។

លោក អេង ឆៃអ៊ាង ដែល​បច្ចុប្បន្ន​មាន​តួនាទី​ជា​អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ និង​ជា​មនុស្ស​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​របស់​លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​គណនេយ្យ​ហ្វេសបុក​របស់​លោក​នៅ​ថ្ងៃ​នេះ​ថា ប៉ុន្តែ​បី​ឆ្នាំ​ក្រោយ​ការ​បណ្តេញ​ចេញ​នោះ គឺ​នៅ​ឆ្នាំ​១៩៩៨​ក្នុង​អាណត្តិ​ទី​២ លោក សម រង្ស៊ី បាន​ត្រលប់​មក​វិញ​ជាមួយ​នឹង​មនុស្ស​ចំនួន​១៥​រូប ចូល​ទៅ​អង្គុយ​កៅអី​រដ្ឋសភា។ លោក អេង ឆៃអ៊ាង ដែល​បាន​បង្ហោះ​សារ​នេះ អម​ដោយ​វីដេអូ​ឃ្លីប​ប្រមាណ​ជិត​៣​នាទី ស្តីពី​ព្រឹត្តិការណ៍​បណ្តេញ​លោក សម រង្ស៊ី ចេញ​ពី​សមាជិក​រដ្ឋសភា​កាល​ណោះ លោក សម រង្ស៊ី បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត​ដោយ​បាន​ប្តេជ្ញា​ចិត្ត​ថា “លោក​នឹង​វិល​ត្រលប់​មក​កាន់​ទី​នេះ​ម្តង​ទៀត”។

លោក អេង ឆៃអ៊ាង ដែល​បាន​សរសេរ​នៅ​លើ​គណនេយ្យ​ហ្វេសបុក​របស់​លោក​ថា កាល​ណោះ គឺ​ជា​ការ​ចាប់​ផ្តើម​នៃ​ការ​តស៊ូ​នយោបាយ​ដោយ​អហិង្សា​របស់​លោក សម រង្ស៊ី ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​នៅ​កម្ពុជា។ ពោល​គឺ នៅ​ឆ្នាំ​១៩៩៨ គណបក្ស​ប្រឆាំង​បាន​អាសនៈ​រដ្ឋសភា​ចំនួន​១៥​កៅអី បន្ត​មក​នៅ​ឆ្នាំ​២០០៣ បាន​កើន​ដល់​២៤​កៅអី, ​ឆ្នាំ​២០០៨​កើន​ដល់​២៦​កៅអី និង​ចុង​ក្រោយ​កាល​ពី​ឆ្នាំ​២០១៣ កើន​ដល់​៥៥​កៅអី។

គួរ​ជំរាប​ជូន​ថា ក្នុង​រយៈពេល​២២​ឆ្នាំ​មក​នេះ លោក សម រង្ស៊ី ត្រូវ​គេ​បណ្តេញ​ចេញ​ពី​រដ្ឋសភា​កម្ពុជា​ចំនួន​៤​លើក​រួច​មក​ហើយ គឺ​នៅ​ឆ្នាំ​១៩៩៥, ឆ្នាំ​២០០៥, ឆ្នាំ​២០១១, និង​ឆ្នាំ​២០១៥។ នៅ​មុន​នេះ លោក សម រង្ស៊ី ដែល​កំពុង​ស្ថិត​នៅ​ឯ​សហរដ្ឋ​អាមេរិក បាន​ប្រកាស​ពី​បំណង​ចង់​វិល​ត្រលប់​មក​កាន់​ប្រទេស​កម្ពុជា​ម្តង​ទៀត ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​តំណែង​នាយក​រដ្ឋមន្រ្តី​ជាមួយ​លោក ហ៊ុន សែន នៅ​ឆ្នាំ​២០១៨​ខាង​មុខ។ ប៉ុន្តែ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ជា​មុន​ថា លោក សម រង្ស៊ី ដែល​កំពុង​មាន​ទោស នឹង​ត្រូវ​ចាប់​ខ្លួន ប្រសិន​វិល​ត្រលប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ