អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​សម រង្ស៊ី​ចោទ​លោក​ហ៊ុន សែន​ថា បាន​ជួល​ឃាតករ​បរទេស​ឲ្យ​ប៉ុន​ប៉ង​សម្លាប់​លោក​នៅ​បារាំង

លោក​សម រង្ស៊ី កាល​ពី​យប់​មិញ បាន​វាយ​ប្រហារ​មក​លើ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ជុំវិញ​ការ​បបួល​លោក​ស្បថ​ស្បែ និង​ជុំវិញ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។ តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ខ្លួន លោក​សម រង្ស៊ី ថែម​ទាំង​បាន​ចោទ​លោក​ហ៊ុន សែន​ចំៗ​ថា បាន​ជួល​ឃាតករ​បរទេស​ឲ្យ​ប៉ុន​ប៉ង​សម្លាប់​រូប​លោក​នៅ​ក្នុង​ប្រទេស​បារាំង។ ក៏​ប៉ុន្តែ​លោក​សុខ ឥសាន ដែល​ជា​អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​បាន​បំភ្លឺ​​ថា ការ​ចោទ​ប្រកាន់​របស់​លោក​សម រង្ស៊ី​នេះ​គឺ​គ្រាន់​តែ​ចង់​លើក​តម្លៃ​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។

លោក សម រង្ស៊ី អតីត​ប្រធានអតីត​​គណបក្ស​សង្រ្គោះ​ជាតិ​
លោក សម រង្ស៊ី អតីត​ប្រធានអតីត​​គណបក្ស​សង្រ្គោះ​ជាតិ​ FB-SR
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​សំណេរ​នៅ​លើ​ហ្វេសប៊ុក លោក​សម រង្ស៊ី បាន​អះអាង​ថា ដោយ​សារ​តែ​រូប​លោក​ជា​បន្លា​ធំ​ជាង​គេ​នៅ​ក្នុង​កែវ​ភ្នែក​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ទើប​ធ្វើ​ឲ្យ​លោក​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​ជួល​ឃាតករ​ប៉ុន​ប៉ង​សម្លាប់​រូប​លោក​នៅ​ក្នុង​ប្រទេស​បារាំង​បែប​នេះ។ បើ​តាម​លោក​សម រង្ស៊ី គឺ​កាល​ពី​៤-៥​ខែ​មុន លោក​ហ៊ុន សែន​បាន​និយាយ​ជា​សាធារណៈ​ថា គាត់​នឹង​បញ្ជូន​ភ្នាក់ងារ​សម្ងាត់​ឲ្យ​ទៅ​ចាប់​រូប​លោក​នៅ​ឯ​បរទេស​ហើយ​បញ្ជូន​លោក​ទាំង​បង្ខំ និង​ទាំង​លួច​លាក់​មក​កាន់​ប្រទេស​កម្ពុជា។ ក៏​ប៉ុន្តែ​លោក​សម រង្ស៊ី បាន​អះ​អាង​ថា នៅ​ពេល​នេះ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​កំពុង​ជួប​ភាព​ទាល់​ច្រក​នយោបាយ រក​ដំណោះ​ស្រាយ​មិន​ចេញ ទើប​លោក​នាយក​រដ្ឋមន្រ្តី​សម្រេច​ជួល​ឃាតករ​ឲ្យ​សម្លាប់​រូប​លោក​តែ​ម្តង។

ការ​ចោទ​ប្រកាន់​របស់​លោក​សម រង្ស៊ី​នេះ ត្រូវ​បាន​លោក​សុខ ឥសាន ដែល​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាត់​ទុក​ថា ជា​ការ​និយាយ​ដើម្បី​លើក​តម្លៃ​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។ ដោយ​ហៅ​លោក​សម រង្ស៊ី ថា​ជា​ទណ្ឌិត លោក​សុខ ឥសាន​បាន​ចោទ​សួរ​ថា តើ​ធ្វើ​ឃាត​លោក​សម រង្ស៊ី បាន​ប្រយោជន៏​អ្វី បើ​លោក​សម រង្ស៊ី អស់​តម្លៃ​រួច​ទៅ​ហើយ នៅ​ពេល​ជីវិត​នយោបាយ​របស់​លោក​សម រង្ស៊ី បាន​ដើរ​ដល់​ផ្លូវ​បញ្ចប់។ ដូច្នេះ សម្រាប់​លោក សុខ ឥសាន ទោះ​បី​លោក សម រង្ស៊ី និយាយ​អ្វី​ក៏​គ្មាន​នរណា​យក​ចិត្ត​ទុក​ដាក់​ចាប់​អារម្មណ៏នោះ​ដែរ​។

គួរ​កត់​សម្គាល់​ថា នេះ​គឺ​ជា​រឿង​ថ្មី​មួយ​នៅ​ក្នុង​បរិបទ​នយោបាយ​បច្ចុប្បន្ន​ដែល​មាន​ការ​ចោទ​ប្រកាន់​ថា​នាយក​រដ្ឋមន្រ្តី​ប៉ុន​ប៉ង​តាម​សម្លាប់​អតីត​អ្នក​នយោបាយ​ប្រឆាំង​នៅ​ក្រៅ​ប្រទេស។ រឿង​ថ្មី​នេះ កើត​ឡើង​ក្រោយ​ពី​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន និង​លោក​សម រង្ស៊ី បាន​បង្កើត​សង្គ្រាម​ប៉ាកា​ដាក់​គ្នា​មួយ​ឈុត​ជុំវិញ​រឿង​ស្បថ​ស្បែ​អំពី​ការ​ពិត​នៃ​ចំនួន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត។ យ៉ាង​ណា​ក៏​ដោយ លោក​សុខ ឥសាន បាន​អះអាង​ថា ការ​ចោទ​ប្រកាន់​ពី​សំណាក់​លោក​សម រង្ស៊ី​នេះ គណបក្ស​ប្រជាជន​កម្ពុជា​មិន​ទាន់​មាន​គម្រោង​ចាត់​វិធានការ​តាម​ផ្លូវ​ណា​មួយ​នោះ​ទេ​នៅ​ពេល​នេះ ព្រោះ​ថា គណបក្ស​មិន​ចាប់​អារម្មណ៍​នឹង​អ្វី​ដែល​លោក​សម រង្ស៊ី​បាន​លើក​ឡើង​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ