អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​សម រង្ស៊ី បន្ត​ទៅ​រក​ឥណ្ឌូនេស៊ី​ឲ្យ​ជួយ បន្ថែម​ពី​លើ​ប្រទេស​ជប៉ុន

ក្រៅ​ពី​ប្រទេស​ជប៉ុន លោក​សម រង្ស៊ី​និង​អតីត​អ្នក​តំណាង​រាស្រ្ត​ផ្សេង​ទៀត​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​ស្វែង​រក​ការ​ជួយ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ។ ក្រុម​លោក​សម រង្ស៊ី បាន​ទៅ​ដល់​ប្រទេស​ឥណ្ឌូនេស៊ី​ពី​ថ្ងៃ​ទី​១៥ មេសា។ នៅ​ទី​នោះ លោក​សម រង្ស៊ី បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឥណ្ឌូនេស៊ី​ថា​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់ ដោយ​សារ​គ្មាន​វត្តមាន​គណបក្ស​ប្រឆាំង។

លោក​សម រង្ស៊ី អតីត​ប្រធាន​​បក្ស​ប្រឆាំង​ទៅដល់​​ប្រទេស​​ឥណ្ឌូនេស៊ី
លោក​សម រង្ស៊ី អតីត​ប្រធាន​​បក្ស​ប្រឆាំង​ទៅដល់​​ប្រទេស​​ឥណ្ឌូនេស៊ី @Sam Rainsy Facebook Page
ផ្សាយពាណិជ្ជកម្ម

ទៅ​ដល់​ប្រទេស​ឥណ្ឌូនេស៊ី​ភា្លម លោក​សម រង្ស៊ី និង​អតីត​តំណាង​បក្ស​ប្រឆាំង​ផ្សេង​ទៀត​បាន​ទៅ​កាន់​ទី​ស្នាក់​ការ​ទស្សនាវដ្តី​ដ៏​ធំ​របស់​ឥណ្ឌូនេស៊ី​ឈ្មោះ​ថា​Tempo ដើម្បី​លើក​ឡើង​ពី​បញ្ហា​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រាប់​ដល់​បណ្តាញ​ព័ត៌មាន​មួយ​នេះ។ តាម​បណ្តាញ​ព័ត៌មាន Tempo លោក​សម រង្ស៊ី បាន​អះអាង​ថា ប្រទេស​កម្ពុជា​បច្ចុប្បន្ន​កំពុង​ទោរ​ទន់​ទៅ​រក​ភាព​មិន​ច្បាស់​លាស់​ដោយ​សារ​តែ​គ្មាន​វត្តមាន​គណបក្ស​ប្រឆាំង​នៅ​មុន​ការ​បោះ​ឆ្នោត​នា​ចុង​ខែ​កក្កដា ខាង​មុខ​នេះ។ តាម​រយៈ Tempo​ដដែល លោក​សម រង្ស៊ី បាន​ទាមទារ​ឲ្យ​រដ្ឋ​អំណាច​ខ្មែរ​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង​ចូល​រួម​ការ​បោះ​ឆ្នោត​ឡើង​វិញ។

សូម​កត់​សម្គាល់​ថា នេះ គឺ​​ជា​លើក​ទី​មួយ​ហើយ​ដែល​លោក​សម រង្ស៊ី និង​អតីត​អ្នក​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​ផ្សេង​ទៀត​បាន​ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​លោក​កឹម សុខា និង​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ។ លោក​ស្រី​មួរ សុខហួរ អនុប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​អម​ដំណើរ​ជាមួយ​លោក​សម រង្ស៊ី បាន​គូស​បញ្ជាក់​ថា វត្តមាន​របស់​ពួក​គេ​នៅ​ឥណ្ឌូនេស៊ី​នេះ គឺ​ដើម្បី​ស្នើ​ឲ្យ​ប្រទេស​មួយ​នេះ​ជួយ​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ តាម​លោក​ស្រី​មួរ សុខសួរ ​ឥណ្ឌូនេស៊ី​គឺ​ជា​សហប្រធាន​នៃ​សន្និសីទ​អន្តរជាតិ​ទីក្រុង​ប៉ារីស​ស្តី​ពី​កម្ពុជា និង​បាន​ដើរ​តួ​យ៉ាង​សំខាន់​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​មួយ​នេះ។

យ៉ាង​ណា​ក៏​ដោយ ក្រៅ​ពី​ជួប​ជាមួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឥណ្ឌូនេស៊ី គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ថា​តើ​ក្រុម​លោក​សម រង្ស៊ី នឹង​ជួប​ពិភាក្សា​ជាមួយ​ឥស្សរជន​ឥណ្ឌូនេស៊ី​ណា​ខ្លះ​ទៀត​នោះ។ កន្លង​មក លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន​ សែន ធ្លាប់​បាន​ព្រមាន​ចាប់​ខ្លួន​លោក​សម រង្ស៊ី​ឲ្យ​បាន ​បើ​សិន​លោក​សម រង្ស៊ី​ហ៊ាន​មក​កាន់​ប្រទេស​ក្នុង​តំបន់​អាស៊ី​នោះ។ តែ​នៅ​ពេល​នេះ លោក​សម រង្ស៊ី បាន​មក​ដល់​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​ជា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ជាមួយ​កម្ពុជា​ដែរ។ លោក​អតីត​ប្រមុខ​គណបក្ស​ប្រឆាំង​កម្ពុជា បាន​អះអាង​ឲ្យ​ដឹង​ថា​នៅ​ពេល​នេះ ឥណ្ឌូនេស៊ី​ឲ្យ​តម្លៃ​មក​លើ​អតីត​បក្ស​សង្រ្គោះ​ជាតិ​ខ្លាំង​ណាស់។ នេះ បើ​តាម​លោក​សម រង្ស៊ី គឺ​ដោយ​សារ​តែ​ឥណ្ឌូនេស៊ី​យល់​ដឹង​ពី​ប្រជាប្រិយភាព​នៃ​បក្ស​នេះ ហើយ​គេ​ក៏​យល់​ដឹង​ផង​ដែរ​ថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​ជម្រើស​មួយ​ដ៏​សំខាន់​បំផុត​សម្រាប់​ប្រជារាស្ត្រ​ខ្មែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ