អានតួអត្ថបទ
កម្ពុជា-ច្បាប់

​លោក សម រង្ស៊ី ​អំពាវ​នាវ​ជា​ថ្មី​កុំ​អោយ​មន្រ្តី​អតីត​បក្ស​​ប្រឆាំង​​ទាំង​​១១៨​​នាក់​​ស្នើ​​សុំ​​សិទ្ធិ​​ធ្វើ​នយោបាយ​ឡើង​វិញ​

អតីត​ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ លោក​សម រង្ស៊ី កាល​ពី​យប់​មិញ​បាន​ចេញ​សារ​អំពាវនាវ​ដល់​មន្រ្តី​អតីត​បក្ស​ប្រឆាំង​ទាំង​១១៨​នាក់​កុំ​ឲ្យ​ចាញ់​បោក​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន តាម​រយៈការ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​។ ការ​អំពាវ​នាវ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​វិសោធន​កម្ម​ច្បាប់​បើក​ផ្លូវ​ឲ្យ​មន្រ្តី​អតីត​បក្ស​ប្រឆាំង​អាច​ធ្វើ​នយោបាយ​ឡើង​វិញ​បាន ទើប​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ឡាយ​ព្រះហស្តលេខា​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​។ 

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ @Sam Rainsy Facebook Page
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក លោក​សម រង្ស៊ី តាំង​នាម​ជា​ប្រធានស្តី​ទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវ​នាវ​ទៅ​មន្ត្រី​អតីត​បក្ស​ប្រឆាំង​ទាំង​១១៨ រូប កុំ​ទន់​ជ្រាយ កុំ​ចាញ់​បោក លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន កុំ​ចូល​ទៅ​បម្រើ​អំណាច​ផ្តាច់​ការ ដោយ​មិន​ដឹង​ខ្លួន​។ មិន​តែ​ប៉ុណ្ណោះ លោក​សម រង្ស៊ី បាន​ជំរុញ​ឲ្យ​ពួក​គេ​យក​គម្រូ​តាម​យុវជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើប​តែ​ចេញ​ពី​ពន្ធ​នាគារ ដែល​លោក​អះអាង​ថា យុវជន​ទាំង​នោះ​បាន​ប្តេជ្ញា​បន្ត​ការ​តស៊ូ​តទៅ​ទៀត​។

ជា​ការ​កត់​សម្គាល់ សារ​របស់​លោក​សម រង្ស៊ី​នេះ ធ្វើ​ឡើង​ស្រប​ពេល​វិសោធន​កម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ទើប​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ឡាយ​ព្រះហស្ត​លេខា​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី ០២ ​ខែ​មករា ឆ្នាំ​២០១៩​។ ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នេះ ត្រូវ​កែ​មក​ថា​ បុគ្គល​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ នឹង​អាច​ទទួល​បាន​នូវ​សិទ្ធិ​មក​វិញ បន្ទាប់​ពី​ផុត​រយៈ​ពេល​នៃ​ការ​ហាម​ឃាត់ ដែល​កំណត់​ដោយ​សាល​ដីកា​របស់​តុលាការ​កំពូល ឬ​ក្នុង​ករណី​ដែល​បុគ្គល​នោះ ត្រូវ​បាន​ផ្តល់​នីតិស​ម្បទា​ឡើង​វិញ​ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយក​រដ្ឋមន្រ្តី តាម​សេចក្តី​ស្នើ​សុំ​របស់​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​។

ប៉ុន្តែ​គិត​មក​ដល់​ថ្ងៃ​អង្គារ៍​នេះ ក្រសួង​មហាផ្ទៃ​ពុំ​ទាន់​ទទួល​បាន​នូវ​សំណើ​ណា​មួយ​ពី​មន្រ្តី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ទាំង​១១៨​នាក់​នៅ​ឡើយ​ទេ​។ នេះ​បើ​តាម​បញ្ជាក់​របស់​លោក​ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​កម្ពុជា​។ លោកខៀវ សុភ័គ បាន​អះអាង​បន្ថែម​ថា នៅ​ពេល​នេះ​ ក្រសួង​មហា​ផ្ទៃ​កំពុង​រង់​ចាំ​សំណើ​របស់​ពួក​គេ ដើម្បី​ពិនិត្យ និង​ពិចារណា ដើម្បី​ស្នើ​សុំ​លើក​លែង​ការ​ហាម​ឃាត់​ធ្វើ​នយោបាយ​ឡើង​វិញ​។ លោក​សង្កត់​ធ្ងន់​ថា លោក​ខៀវ សុភ័គ ក្រសួង​មហាផ្ទៃ​មិន​អាច​ស្នើ​អ្វី​បាន​ទេ បើ​សិន​ពួក​គេ​មិន​ដាក់​សំណើ​មក​នោះ​។

តាម​លោក​ខៀវ សុភ័គ ការស្នើ​លើកលែង​ការហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​អាចធ្វើ​ទៅបាន លុះត្រា​ណា​ពួកគេ​គោរព​ទៅតាម​សាលដីកា​របស់​តុលាការ​កំពូល​កម្ពុជា។ និយាយ​ដល់​ចំណុច​នេះ លោក​បង្ហើប​ថា លោក​អេង ឆៃអ៊ាង និង​លោកស្រី​មួរ សុខ​ហួរ ដែល​សុទ្ធតែជា​អនុប្រធាន​អតីត​គណបក្សប្រឆាំង ប្រហែល​មិនអាច​ត្រូវ​ស្នើ​លើកលែង​ការហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​បានឡើយ ព្រោះ​ពួកគេ​បាន​ប្រឆាំងនឹង​សាលដីកា​របស់​តុលាការ​នាពេល​កន្លងមក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ