អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក សម រង្ស៊ី ​និង​អ្នក​គាំទ្រ​មួយ​ចំនួន​នាំ​គ្នា​ដាក់​សម្ពាធ​លើ​ព្រះ​មហាក្សត្រ​

លោក សម រង្ស៊ី ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ នា​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​មក​នេះ តាម​បទ​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ី​សេរី និងVOA ក៏​ដូច​ជា​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក គឺជំរុញ​ឲ្យ​ព្រះ​មហា​ក្សត្រ​របស់​ប្រទេស​កម្ពុជា​ដាក់​រាជ្យ​សម្បត្តិ​។ ការ​ទាម​ទារ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ ដោយ​លោក​ចោទ​ថា​ ព្រះ​មហា​ក្សត្រ​បច្ចុប្បន្ន ធ្វើ​អ្វីៗ​តាម​តែ​ការ​បញ្ជា​របស់ លោក ហ៊ុន សែន។​ ក៏​ប៉ុន្តែ​ទាំង​ខាង​ព្រះបរម​រាជ​វាំង និង​ទាំង​ខាង​មន្រ្តី​រដ្ឋា​ភិបាល​កម្ពុជា បាន​ចាត់​ទុក​សកម្ម​ភាព​របស់​លោក សម រង្ស៊ី ថា​កំពុងតែ​ប្រមាថ​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ព្រះមហាក្សត្រ ហើយ​តុលាការ​កំពុង​តែ​ចាត់​វិធាន​ការ​ច្បាប់​។ 

ការសរសេររបស់ លោក សម រង្ស៊ី នៅលើផេកហ្វេសបុករបស់លោក
ការសរសេររបស់ លោក សម រង្ស៊ី នៅលើផេកហ្វេសបុករបស់លោក @FB
ផ្សាយពាណិជ្ជកម្ម

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថ្ងៃទី២១​កញ្ញា លោក សម រង្ស៊ី បាន​សរសេរ​ចំៗ​ដោយ​ដាក់​សម្ពាធ​ឲ្យ​ព្រះ​មហាក្សត្រ​សព្វ​ថ្ងៃ គួរ​តែ​ដាក់​រាជ្យ​ចុះ ព្រោះ​មិន​អាច​ជួយ​រាស្ត្រ​បាន​ទេ គឺ​ធ្វើ​តាម​តែ​ការ​បញ្ជា​របស់​លោក ហ៊ុន សែន។ មេដឹក​នាំ​បក្ស​ប្រឆាំង​រូប​នេះ បាន​អះ​អាង​ថា លោក​បាន​ទទួល​ព័ត៌មាន​ថា លោក ហ៊ុន សែន ត្រៀម​បញ្ជា​មហាក្សត្រ​ឲ្យ​ធ្វើ​សេចក្តី​អំពាវ​នាវ​មួយ​ទៀត ដែល​មាន​បំណង​ទប់​ស្កាត់​មិន​ឲ្យ​ប្រជា​រាស្ត្រ ទៅ​ទទួល​ស្វាគមន៍ លោក សម រង្ស៊ីនៅថ្ងៃ ០៩ វិច្ឆិកា ខាង​មុខ​នេះ គឺ​ដូច​អ្វី​ដែល​ព្រះ​មហា​ក្សត្រ​បាន​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត​កាល​ពីថ្ងៃទី២៩​កក្កដាឆ្នាំ២០១៨ ខណៈ​លោក សម រង្ស៊ី កាល​ណោះ អំពាវ​នាវ​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​ចូល​រួម​ការ​បោះ​ឆ្នោត​ដែល​គ្មាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ចូល​រួម​។

មិន​មែន​តែ​លោក សម រង្ស៊ី ម្នាក់​ទេ ដែល​ដាក់​សម្ពាធ​ឲ្យ​ព្រះ​មហា​ក្សត្រ​ដាក់​រាជ្យ គឺ​អ្នក​គាំទ្រ​លោក​មួយ​ចំនួន​នៅ​ក្រៅ​ប្រទេស​ក៏​ចេញ​មុខ​ជំរុញ​ឲ្យ​ព្រះ​អង្គ​ដាក់​រាជ្យ​ដែរ​។ នេះ​បើ​តាម​ហ្វេសប៊ុក​របស់ ​លោក ហៃ វណ្ណា សកម្ម​ជន​បក្សប្រឆាំង​ដែល​លេច​ធ្លោ​ម្នាក់​ប្រចាំប្រទេសជប៉ុន។ ​លើសពី​នេះទៀត បើគេ​ចូល​ទៅ​មើល​ការ​បញ្ចេញ​មតិ​នៅលើ​ទំព័រហ្វេស​ប៊ុក ​លោក សម រង្ស៊ី ក៏មានការ​ជំរុញឲ្យព្រះ​មហា​ក្សត្រ​ដាក់រាជ្យផងដែរ។

ក៏ប៉ុន្តែ​ទាំងខាង​ព្រះបរមរាជវាំង និង​ទាំងខាង​មន្រ្តី​រដ្ឋាភិបាលកម្ពុជា បានចាត់ទុក​សកម្ម​ភាព​របស់​លោក សម រង្ស៊ី ថា​កំពុងតែ​ប្រមាថ​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ព្រះមហាក្សត្រ។

​លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ បាន​ចេញ​អធិ​បញ្ជាឲ្យ​ព្រះ​រាជអាជ្ញា​ ចាត់​ការ​ប្រឆាំង​នឹ​ង​លោក សម រង្ស៊ី មួយករណីថ្មីទៀត​ ទាក់ទង​នឹង​ការ​ប្រមាថ​ព្រះ​មហា​ក្សត្រ។ រី​ឯ​មន្រ្តី​រដ្ឋាភិបាល​នៅតាម​ក្រសួង​នានា ជាពិសេសមេទ័ពជាច្រើន​នាក់ ​នាំគ្នាចេញ​សេចក្តី​ថ្លែងការណ៍ជា​បន្តបន្ទាប់ ​ដោយ​ថ្កោលទោស​លោក សម រង្ស៊ី ចំពោះ​ការនិយាយប៉ះពាល់​ដល់​ព្រះ​មហា​ក្សត្រ​ ដែល​ក្រុមមន្រ្តីរដ្ឋាភិបាល​ចាត់​ទុកថា លោក សម រង្ស៊ី បាន​ប្រមាថយ៉ាង​ធ្ងន់​ធ្ងរ​ដល់​ព្រះមហាក្សត្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ