អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក សម រង្ស៊ី ចេញ​វីដេអូ​ថ្មី​អំពាវ​នាវ​កុំឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត

នៅ​ថ្ងៃ​សុក្រ​នេះ លោក​សម រង្ស៊ី ប្រធាន​ចលនា​សង្រ្គោះ​ជាតិ​បាន​អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត តាម​រយៈ​វីដេអូ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង ខណៈដែល គ.ជ.ប កំពុង​តែ​ដំណើរ​ការ​ចុះ​បញ្ជី​​គណបក្ស​នយោបាយ ដែលចង់​ចូល​រួម​ការ​បោះ​ឆ្នោត និង​ស្រប​ពេល​ដែល​​លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​អះអាង​ដែរ​ថា ការ​ឃោសនា​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត គឺ​ជាការ​រំលោភ​ច្បាប់​ប្រទេស​។

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ FB-SR
ផ្សាយពាណិជ្ជកម្ម

តាម​យរៈសារ​វីដេអូ​លើ​បណ្តាញ​សង្គម​រយៈ​ពេល​ជិត​៥នាទី លោក សម រង្ស៊ី អំពាវនាវ​ក្នុង​នាម​ប្រធាន​ចលនា​សង្រ្គោះ​ជាតិ កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ ទៅ​បោះ​ឆ្នោត​ឲ្យ​សោះ ដរាប​ណា​រដ្ឋ​អំណាច​បច្ចុប្បន្ន​មិន​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ មាន​ឈ្មោះ​ជា​គូប្រកួត​នៅ​ក្នុង​ការ​បោះឆ្នោត។

អតីត​ប្រធាន​គណបក្ស​ប្រឆាំង ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស​រូប​នេះ បាន​បញ្ជាក់​ថា មាន​តែ​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ដឹក​នាំ​ដោយ​រូប​លោក និង​លោក​ កឹម សុខា ​តែ​មួយ​គត់ ហើយ​គ្មាន​គណបក្ស​ណា​អាច​ជំនួស​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ឡើយ​។ មិន​អាច​ជំនួស​បាន ព្រោះ​សម្រាប់​លោក សម រង្ស៊ី គឺ​​មាន​តែគណបក្ស​សង្គ្រោះ​ជាតិ​មួយទេ ដែល​មាន​ជំហរ​រឹង​មាំ​។

បើ​តាម​លោក សម រង្ស៊ី គណបក្ស​ដទៃ​ទៀត ដែល​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត គឺ​គ្រាន់​តែ​ឆ្លៀត​ឱកាស​ដើម្បីកេង​ចំណេញ ក្រោយ អវត្ត​មាន​គណបក្ស​សង្រ្គោះ​ជាតិ​។ និង​ថា វត្តមាន​គណបក្ស​ផ្សេង​ទៀត​ក្នុង​ការ​បោះ​ឆ្នោត គ្រាន់​ជា​ការ​លម្អរ​ឆាក​ប៉ុណ្ណោះ។ លោក​ក៏​ប្រាប់ មិន​ឲ្យ​ប្រជាពលរដ្ឋ​ចាប់​អារម្មណ៍ និង​ឲ្យ​តម្លៃ គណបក្ស​តូចៗ ដែល​ទើប​នឹង​បង្កើត​នា​ពេល​ថ្មីៗ​នេះ​ផង​ដែរ ព្រោះ​ថា​គណបក្ស​ទាំង​នោះ​នឹង​បាត់​ទៅ​វិញ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​។

ជា​ការ​កត់​សម្គាល់ ខណៈ​ពេល​ដែល​​លោក សម រង្ស៊ី បន្ត​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ឯ​ណោះ​វិញ បាន​គូស​បញ្ជាក់​ថា ការ​ឃោសនា​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត គឺ​ជា​ការ​រំលោភ​ច្បាប់​ប្រទេស​ ដូច​មាន​ចែង​ច្បាស់​នៅ​ក្នុង​មាត្រា​១៤២ នៃ​ច្បាប់​ស្តី​ពី​ការ​ជ្រើស​តាំង​តំណាង​រាស្រ្ត។

មាត្រា ១៤២ នៃ​ច្បាប់​ស្តី​ពី​ការ​ជ្រើស​តាំង​តំណាង​រាស្រ្ត ចែង​ថា “ជន​ទាំង​ឡាយ​ណា​ដែល​ប្រើ​ប្រាស់​សកម្មភាព​គ្រប់​មធ្យោបាយ ដូច​ជា រារាំង​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត ការ​ធ្វើ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​នាំ​ឲ្យ​បាត់​ទំនុក​ចិត្ត​លើ​ការ​បោះ​ឆ្នោត និង​សកម្មភាព​ដែល​បង្ក​ការ​រំខាន​មិន​ឲ្យ​ដំណើរ​ការ​បោះ​ឆ្នោត​បាន នឹង​ត្រូវ​ប្រឈម​ការ​ផាក​ពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល ទៅ​២០​លាន​រៀល ដោយ គជប។ នេះ​នៅ​ពុំ​ទាន់​គិត​ដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត​ផង។

ការ​អំពាវនាវ​របស់​លោក​សម រង្ស៊ី ក៏​ត្រូវ​បាន​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត លោក ឌឹម សុវណ្ណារុំ ចាត់​ទុក​ជា​ការ​បំពាន​ទៅ​លើ​ច្បាប់ ស្តីពី ការ​បោះ​ឆ្នោត ហើយ​អាច​នាំ​ឲ្យ​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​លោក សម រង្ស៊ី​ផង។

ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី​៦ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី​២៩ ខែ​កក្កដា ដោយ​គេ​រំពឹង​ថា នឹង​មាន​គណបក្ស​នយោបាយ​ប្រមាណ​ជាង​២០​ចូល​រួម។ ហើយ​បើ​គិត​ត្រឹម​ថ្ងៃ​ទី ៤ ឧសភា​នេះ មាន​គណបក្ស​នយោបាយ​ចំនួន​៣​ហើយ ដែល​បាន​ចុះ​បញ្ជី​រួច​រាល់​នៅ គជប៖ ទី​១.​គឺ​គណបក្ស​យុវជន​កម្ពុជា ទី​២.គណបក្ស​ប្រជាជន​កម្ពុជា និង​ទី​៣. គឺ​គណបក្ស​សញ្ជាតិ​កម្ពុជា។

យ៉ាង​ណា​ក៏​ដោយ រហូត​មក​ទល់​នឹង​ពេល​នេះ មាន​គណបក្ស​នយោបាយ​ចំនួន​​២​ហើយ ដែល​បាន​ប្រកាស​ជំហរ​មិន​ចូល​រួម​ការ​បោះ​ឆ្នោត។ នោះ​គឺ​គណបក្ស​អំណាច​ខ្មែរ​របស់​លោក សួង សុភ័ណ្ឌ និង​គណបក្ស​ភ្លើង​ទៀន អតីត​គណបក្ស សម រង្ស៊ី ខណៈ​ដែល​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅ​មិន​ទាន់​សម្រេច​ចិត្ត​នៅ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ