អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក សម រង្ស៊ី ចាត់ទុក​​សមាជិក​ដែល​ចុះ​ចូល​បក្ស​កាន់​អំណាចថា សម្រេច​ចិត្ត​ខុស

ជា​ថ្មី​ម្ដង​ទៀត លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បន្ត​អំពាវនាវ កុំ​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា រាជធានីខេត្ត​ក្រុង ស្រុក​ខណ្ឌ និង​ឃុំ​សង្កាត់ នៃ​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ នៅ​ក្នុង​វីដេអូ ចេញ​ផ្សាយ​នៅ​យប់​ថ្ងៃ​សៅរ៍ ទី​៤​វិច្ឆិកា លោក សម រង្ស៊ី បាន​ចាត់​ទុក​ថា ការ​ចុះ​ចូល​របស់​សមាជិក​បក្ស​ប្រឆាំង​ទៅ​កាន់​គណបក្ស​កាន់​អំណាច ជា​ការ​សម្រេច​ចិត្ត អ័កហ្សឺ ឬ​ជា​ការ​សម្រេច​ចិត្ត​ខុស​។

លោកសម រង្ស៊ី ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​
លោកសម រង្ស៊ី ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ @Sam Rainsy Facebook
ផ្សាយពាណិជ្ជកម្ម

ការ​សម្រេច​ចិត្ត​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា តាម​ការ​អំពាវនាវ​របស់​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន មិន​ត្រឹម​តែ​ខុស​ចំពោះ​ឧត្តម​គតិ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​ចំពោះ​ផល​ប្រយោជន៍ផ្ទាល់​ខ្លួនក៏​ខុស​ដែរ​។ នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី នៅ​ក្នុងជំនួប​តាម​វីដេអូ​ Conference រវាង​លោក ជាមួយ​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ជាង​២០​នាក់​ នៅ​យប់​ថ្ងៃ​ទី​៤​វិច្ឆិកា​។ ជា​ការ​សម្រេច​ចិត្ត​ខុស ព្រោះ​លោក សម រង្ស៊ី យល់​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​អាច​ត្រូវ​រំលាយ​ដូច​ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋ​មន្ដ្រី ​ហ៊ុន សែន ឡើយ​។ ហើយ​អ្នក​ដែល​ជ្រុល​ចុះ​ចូល​ជាមួយ​បក្ស​ប្រជាជន នឹង​ពិបាក​ត្រឡប់​មក​រួម​រស់​ជាមួយ​បក្ស​សង្គ្រោះ​ជាតិ​វិញ​ណាស់ នៅ​ពេល​បក្ស​សង្គ្រោះ​ជាតិ​មិន​ត្រូវ​បាន​គេ​រំលាយ​។ នេះ​បើ​តាម​លោក សម រង្ស៊ី​។

ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី អតីត​ប្រធាន​បក្ស​ប្រឆាំង​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន ថ្លែង​អំពាវនាវ​តាម​វីដេអូ​ឃ្លីប​នៅ​ថ្ងៃ​ទី​៤​វិច្ឆិកា ឲ្យ​មន្ដ្រី​ជាប់​ឆ្នោត​បក្ស​ប្រឆាំង បន្ត​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច ឲ្យ​បាន​មុន​ថ្ងៃ​ទី​១៦​វិច្ឆិកា​។ លោក ហ៊ុន សែន ហ៊ាន​ភ្នាល់​ដាក់​ជីវិត​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​រំលាយ​នៅ​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ។ ប្រមុខ​បក្ស​កាន់​អំណាច បាន​បញ្ជាក់​បន្ថែម​ថា បក្ស​ប្រជាជន ស្វាគមន៍​ចំពោះ​មន្ដ្រី​បក្ស​ប្រឆាំង​ដែល​ចង់​ចុះ​ចូល​នៅ​ពេល​នេះ ជា​ពេល​ដែល​ផ្លូវ​នៅ​បើក​ទូលាយ​។ ប៉ុន្តែ​បើ​ការ​ចុះ​ចូល​ធ្វើ​ឡើង​ក្រោយ​ថ្ងៃ​ទី​១៦​វិច្ឆិកា ផ្លូវ​នឹង​រួម​តូច​ជាង​មុន​។ ចុះ​ចូល​ជាមួយ​បក្ស​កាន់​អំណាច បើ​តាម​ប្រមុខ​បក្ស​ប្រជាជន គឺ​ជា​ការ​ធានា​ថា សមាជិក​បក្ស​ប្រឆាំង​ជាប់​ឆ្នោត អាច​រក្សា​បាន​នូវ​មុខតំណែង​និង​តួនាទី​របស់​ខ្លួន​។

យ៉ាង​ណា​ក៏​ដោយ ការ​ធានា​របស់​លោក ហ៊ុន សែន យ៉ាង​ដូច្នេះ ត្រូវ​បាន​លោក​សម រង្ស៊ី ចាត់​ទុក​ថា​ជា​ការ​​កុហក​បោក​ប្រាស់​សុទ្ធ​សាធ​។ ​លោក សម រង្ស៊ី បាន​អំពាវនាវ​ផ្ទុយ​ពី​លោក​ហ៊ុន សែន​វិញ គឺ​កុំ​ឲ្យ​សមាជិក​របស់​ខ្លួន​ចុះ​ចូល កុំ​ឲ្យ​ចាញ់​បោក​លោក​ហ៊ុន សែន​។

អតីត​ប្រមុខ​បក្ស​ប្រឆាំងក៏​បាន​ឆ្លៀត​ឱកាស​នេះ ដៀមដាម​ដល់​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឬទ្ធិ ផង​ដែរ ដែល​កំពុង​ត្រៀម​ខ្លួន​ទទួល​យក​អាសនៈនៅ​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​សម រង្ស៊ី ថា បន្តិច​ទៀត គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នឹង​រង​ការ​អាម៉ាស ហើយ​ត្រូវ​គេ​សើច​ចម្អក ព្រោះបក្ស​សង្គ្រោះ​ជាតិ​មិនអាច​​ត្រូវ​គេ​រំលាយ​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ